ក្រសួង​សុខាភិបាល​នៅថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ២០២១ បានប្រកាសថា​រកឃើញ​មាន​ករណីវិជ្ជមានជំងឺ​កូវីដ​១៩​​ចំនួន​ពីរ​នាក់ និង​មាន​ករណី​ជា​សះ​ស្បើយ​ចំនួន​បីនាក់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ទាំងពីរនេះ ត្រូវបានរកឃើញលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មានអាយុ២៤ឆ្នាំដែលជាអ្នកដំណើរមកពីឥណ្ឌូនេស៊ី បន្តជើងហោះហើរទៅប្រទេសសិង្ហបុរី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយមានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ។

ចំណែក​​ស្រ្តីខ្មែរ​ម្នាក់ទៀត​មានអាយុ២៣ឆ្នាំ ដែលជាពលករធ្វើដំណើរ​ពី​ប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយមានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គី​មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន​បុរសជនជាតិឥណ្ឌូនេស៊ីដែល​មាន​​វិជ្ជមានជំងឺ​កូវីដ១៩ កំពុង​ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឃមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ចំណែកឯស្រ្តីជនជាតិខ្មែរជាពលករ​មក​ពី​ប្រទេស​ថៃ កំពុង​ត្រូវបានដាក់ឲ្យ​សម្រាក​​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សម្រាប់​ករណីជាសះស្បើយចំនួន៣នាក់ ក្នុង​នោះ​​ម្នាក់​ជា​ស្រ្តីជនជាតិខ្មែរ​ដែល​​ធ្វើដំណើរមកពីសហរដ្ឋអាមរិក និងម្នាក់​ទៀត​ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី និង​ម្នាក់ទៀតជាពលករមកពីប្រទេសថៃ។

គិតមកត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប៤៦០នាក់ អ្នកជាសះស្បើយមានចំនួន​៤១២​នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន៤៨នាក់ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕​