Site icon Newsroom Cambodia

ខេត្តព្រះវិហារកំណត់ភូមិសាស្ត្របិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដបំប្លែងថ្មី

មន្រ្តីនាំយកផ្លែមៀន ផ្លែត្រង៉ែន ចែកជូនប្រជាពលរដ្ឋស្ថិតនៅតំបន់បិទខ្ទប់ ក្នុងក្រុងព្រះវិហារ។ រូបភាព៖ សាលាខេត្ត

រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១ បានធ្វើការបិទខ្ទប់ និងកំណត់ភូមិសាស្ត្រចំនួនពីរ គឺផ្នែកខាងកើតភូមិគូលែនជើងជា «តំបន់ក្រហម» និងផ្នែកខាងលិចនៃភូមិគូលែនជើងជា «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា (Delta)។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ការបិទខ្ទប់ភូមិសាស្រ្តទាំងពីរនេះស្ថិតនៅក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារជាបណ្ដោះអាសន្ន រយៈពេល ២សប្តាហ៍ គឺចាប់ពីថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ កញ្ញា ឆ្នាំ២០២១។

ផែនទីបង្ហាញទីតាំងបិទខ្ទប់។ រូបភាព៖ សាលាខេត្តព្រះវិហារ

ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ បុគ្គលគ្រប់រូបដែលស្ថិតនៅក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឱ្យចេញធ្វើដំណើរពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនលុះត្រាតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីធ្វើសំណាក ឬធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដនៅជិតតំបន់ក្រហម។

ខេត្តព្រះវិហារបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ បន្ថែមទៀតគិតត្រឹមថ្ងៃទី ២៦ខែសីហា ឆ្នាំ២០២១ ហើយមានអ្នកវិជ្ជមានសរុប ៩៥៧នាក់ ស្រី៤៨៥ ក្នុងនោះជាសះស្បើយ ៥៨៤នាក់ ស្រី៣០៤នាក់ និងស្លាប់៣នាក់។ នេះយោងតាមសាលាខេត្ត៕

Exit mobile version