(ព្រៃវែង)៖ ក្រោម​ពន្លឺ​ថ្ងៃពេល​រសៀល កំពុង​ឈរ​មើល​គេ​រុះរើ​គំនរ​តូប​ដែល​ឆេះ​ដើម្បី​លក់​អេតចាយ​ទាំង​ទឹក​មុខ​ស្រពោន លោក ខេង នឿង អាជីវករ​លក់​ខោអាវ និង​ស្បែក​ជើង​នៅ​ផ្សារ​កំពង់​ពិល ដែល​ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បាន​រៀបរាប់​ប្រាប់ Newsroom Cambodia ថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​ក្នុង​តូប​នៅ​ផ្សារ​នេះ ​គឺ​ត្រូវ​រង​ខូតខាត​ទាំងស្រុង។

ដៃ​ប្រឡាក់ធ្យូងលើកកាន់ក្រមា បុរសអាយុ៤៥ឆ្នាំរូបនេះ​និយាយរៀបរាប់ទាំងអួលដើមក លាយ​ទឹក​ភ្នែក​​​​ថា លោក​​មិនមាន​ផ្ទះ​នោះទេ គឺ​ស្នាក់​នៅ​​​តូប​​​ផ្សារដែល​ឆេះ​​​នេះ ដោយ​មានតែខោអាវមួយកំផ្លេរ​ជាប់នឹងខ្លួន​ប៉ុណ្ណោះ​៖​ «ទៅថ្ងៃ​ខាងមុខ​ទៀត​គឺ​អត់​មាន​អី​ទេ ​គឺ​មាន​តែ​តស៊ូ​លក់ដូរ​របស់​កំប៉ិក​កំប៉ុក​ដើម្បី​ចិញ្ចឹម​ជីវិត និង​កូនបី​នាក់​ទៀត​ដែល​នៅ​តូចៗ​កំពុង​តែ​ខិតខំ​សិក្សា​រៀនសូត្រ។

កាល​ពី​យប់​ថ្ងៃទី​​៤ ឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ផ្សារកំពង់ពពិល​ដែល​​មាន​តូប​លក់​ដូរ​ចំនួន​៩៦​តូប ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ខូច​ខាត​អស់​៧៥​តូប​ ឬ​ស្មើ​នឹង​​៧០ភាគរយ​ ដោយមិនទាន់គិតអ្នកលក់កញ្ច្រែងល្អី​ ស្មើនិងទឹកប្រាក់ប្រហែល​ ១លាន៨ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាលខេត្តព្រៃវែង។

កំពុងឈរសម្លឹងមើលទៅកាន់អ្នកទិញអេតចាយរុះរើយកដែកចេញពីហាង ដែលបានឆេះ អ្នកស្រី អៀង ស្រេង ​ជាងកាត់ដេរម្នាក់​ក្នុងផ្សារកំពង់ពពិល ដែល​រងគ្រោះ​ដោយសារ​អគ្គិ​ភ័យ​​ដែរ​​នោះ​​និយាយនៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ​ថា ខណៈ​ពេល​ដែល​ភ្លើង​កំពុង​ឆាបឆេះ​ផ្សារ អ្នកស្រី​មិនបាននៅទីនោះទេតែគឺកំពុងស្នាក់នៅផ្ទះ។ អ្នកស្រី​បន្ត​ថា មិនទាន់​មានការ​បញ្ជាក់​អំពី​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​ភ្លើងឆេះនៅឡើយ​ទេ។

 អ្នកស្រីថា​​ ៖ «​ទ្រព្យសម្បត្តិខូតខាតអស់ជាងមួយ​ម៉ឺនដុល្លារ ទាំង​អីវ៉ែ​អីវ៉ាន់។ ពេល​រុះរើ​នេះ​ហើយ​ចង់សុំ​គេ​ធ្វើ​សារឡើងវិញ ប៉ុន្តែ​គេ​ថា​គេ​អត់​ឲ្យ​ធ្វើ​ទេ រដ្ឋ​គេ​ថាគេ​ធ្វើ​ឲ្យ»។

អាជីវករកាត់ដេររូបនេះបន្ថែមថា អ្នកស្រី​បារម្ភអំពីជីវភាព​ ដោយសារ​អ្នកស្រី​មិនមាន​ដើម​ទុន​ដើម្បី​ដើម្បី​រកស៊ី​បន្ត​នោះ​ទេ​ ដោយសារ​ការ​រកស៊ី​បច្ចុប្បន្ន​គឺ​បាន​ដើមទុន​ពី​ការខ្ចី​លុយ​ធនាគារ និង​លេង​តុងទីន។

«និយាយទៅរកស៊ី​នៅហ្នឹង គឺដូចធ្វើស្រែធ្វើចម្ការ​នៅ​ហ្នឹងអញ្ចឹង បានលុយមក​ទិញ​មក​ដាក់​កន្លែងហ្នឹ​ងទាំងអស់»។

ចំណែក​​លោក ជី អ៊ាង មានកូន២នាក់ ជាអាជីវករលក់នាឡិកា កាបូប គ្រឿងកាឡៃ ក្នុងផ្សារកំពង់ពពិល បានប្រាប់ Newsroom Cambodia ថា លោក​រង​ការខូចខាត​បើ​គិត​ជា​ទឹក​ប្រាក់​ប្រហែល៥​ពាន់ដុល្លារ។ ដៃកំពុងកាន់ចបប្រមូលកម្ទេចកម្ទីពីភ្លើងឆេះ​ដើម្បី​បើក​អាជីវកម្ម​ឡើងវិញ បុរស​វ័យ​៤០​ឆ្នាំ​រូបនេះ​បន្ថែម​ថា លោក​មិនទាន់​ដឹង​ថា តើអ្នកពាក់ព័ន្ធ​​នឹង​មាន​ចំណាត់​ការ​បែប​ណា​អំពី​តូប​ដែល​បាន​ឆេះ​នៅ​ឡើយ។  

«ខ្ញុំចង់ធ្វើខ្លួនឯង ឆាប់បានលក់​ដូរ ព្រោះចាំគេធ្វើឱ្យវាយូរ។ ចំពោះអាជីវកម្មពេលនេះ យើង​អាចឆក់ឱកាសបានលុយខ្លះតិចតួច ប្រក់តង់លក់សិនទៅ ឱ្យតែគែឱ្យបើកឱ្យលក់ ព្រោះនៅសល់លុយតិចតួច ទិញយកមកដាក់លក់បណ្ដើរៗសិនទៅ»។

លោក ជា អ៊ាង បន្ថែម​ទាំង​ទឹកមុខស្រងូតស្រងាត់​ថា មកដល់ពេលនេះ​ លោក​មិនទាន់​​បាន​ទទួល​ជំនួយ​ពី​ខាង​ណាទេ​ ឮតែ​គេ​កត់​តែ​ឈ្មោះប៉ុ​ន្ដែ​មិន​ទាន់​បាន​ជំនួយ​ទេ។​

ចំណែកលោក ថឹង សំនៀង ជាមេឃុំកំពង់ពពិល បានប្រាប់Newsroom Cambodia កាល​ពី​ល្ងាច​ថ្ងៃអង្គារ៍  ថា ភ្លើង​ឆាប​ឆេះបាន​បំផ្លាញ​តូប​ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​៧៧​គ្រួសារ ហើយបើគិតទឹកប្រាក់ជាមធ្យម១លាន៨ម៉ឺនដុល្លារ។

លោកបន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​ភ្លើង​ឆេះ​ផ្សារ​ គឺ​ដោយសារ​តែ​ការ​ផ្ទុះ​ចរន្ត​អគ្គីសនី​ដែល​បង្ក​ឡើង​ពីផ្ទះ​ដែ​​ល​ធ្វើ​កង់​ម៉ូតូ។ វេលាម៉ោងជិត៩នាទីយប់ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​ផ្សារ​កំ​ពង់​ពពិល​នោះ​គឺ​មាន​ការអន្តរាគមន៍​ជាច្រើន​ពី​ភូមិ ឃុំ ស្រុក និង​ខេត្ត ក្រុង ដែល​សរុប​ទៅ​គឺ​មាន​ឡាន​ទឹក​រហូត​ដល់​ទៅ២​១​គ្រឿង។

លោក​ សំនៀង បន្ដថា អាជ្ញាធរ​នឹង​​​​ចាត់ចែង​កសាង​ផ្សារ​ឡើង​វិញ​ដើម្បី​ឲ្យ​មាន​សណ្តាប់​ធ្នាប់៖ «ការងារ​ពាក់ព័ន្ធបើឲ្យពួកគាត់ធ្វើទៀត​ វាត្រូវតែឆេះទៀត បើ​ធ្វើ​ទៅ​គាត់​សង់​ជា​ផ្ទះ​អនាធិបតេយ្យ មាន​ជម្លោះ​កាន់តែ​ច្រើន​ហើយ​ខ្វះខាត​អនាម័យ​ស្អីៗ​អញ្ចឹង វា​អត់​មាន​ស្តង់​ដារ​ទេ អញ្ចឹង​បាន​ខាង​ខ្ញុំ​ ខាង​ឃុំ​ស្នើរ​ទៅ​ខាង​ស្រុក​ខេត្ត​អាជ្ញាធរ​ ឲ្យ​គេ​ធ្វើ​ទៅ​កុំ​វា​ឲ្យ​អត់​មាន​ស្តង់ដារទៀ​ត»។

លោកមេឃុំរូបនេះលើកឡើងថា ការឆាបឆេះ​ផ្សារ​នេះ​មិនមាន​អ្នក​រង​របួស ឬ​បាត់​បង់​ជីវិត​នោះ​ទេ​ ហើយ​ថា​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​នេះ​បាន​ទទួល​ជំនួយ​សប្បុរស​ធម៌​មួយចំ​នួន​ផង​ដែរ។​

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ២០២០​នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​៨៧២​ករណី​គឺ​កើន​ឡើងចំ​​នួន​១១០​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៩។ ក្នុងនោះអ្នកស្លាប់ក៏មានការកើនឡើងផងដែរ។

ក្រៅពីបង្កការស្លាប់ និងរបួសមនុស្ស គ្រោះអគ្គិភ័យក្នុងរយៈពេល១០​ខែ ឆ្នាំ​២០២០​នេះ ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះពលរដ្ឋ​តូចធំចំ​នួន​៦៥៤​ខ្នង និង​តូបលក់​ដូរ​ចំនួន​៥០៥​តូបផងដែរ។ ចំនួននេះមាន ការកើនឡើង​៧៨​ខ្នងផ្ទះ និង១២៣​តូប បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​អគ្គស្នងការ​នគរ​បាល​​ជាតិ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក៏ដូចជា អាជ្ញា​ធរ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ ពិសេស​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​មានខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែង៕