ខែមីនា និង​ខែមេសា ជារៀងរាល់​ឆ្នាំ គឺជាពេល​​ដែល​លោក លន់ រ៉ូ ​កសិករ​ក្នុងឃុំឆ្នុកទ្រូ ​ខេត្តកំពង់​ឆ្នាំង​ត្រូវ​ប្រមូល​ផល​ល្ពៅ​ដែល​​លោក​បាន​ដាំ។ ជាទូទៅ ពេល​ដែល​ប្រមូល​ផល គឺ​ជា​ពេល​ដែល​​លោក លន់ រ៉ូ និង​គ្រួសារ​សប្បាយ​រីក​រាយ ប៉ុន្តែ​​​នៅ​ឆ្នាំ​នេះ ការ​ប្រមូល​ផល​ល្ពៅ​របស់លោក​​​​បែរ​ត្រូវ​អស់​សង្ឃឹម ដោយសារ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ត្រឹម​២០០ ទៅ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​ជាមួយ Newsroom Cambodia នៅ​ថ្ងៃទី៣០ ខែមីនា លោក លន់ រ៉ូ និយាយថា៖ «ឆ្នាំនេះចុះថោក ​[ដំណាំ] អញ្ចឹងមានអ្វីទៀត [គ្មានលុយ​] សង​ការលុយគេអត់រួចហ្នឹងណា អ្នកខ្លះ​រត់​ចោល​ទៅ អ្នកខ្លះដាក់ចោល អ្នកខ្លះរត់ទៅស៊ីឈ្នូលគេ បើ១គីឡូ២០០រៀល សាំងមួយលីត្រ មួយ​កាន​៤-១០ម៉ឺន ដំណាំថោក យើងបេះទៅលក់មួយគីឡូ២០០-៣០០រៀល ឈ្នួលកម្មករលីសែង បេះ នៅថ្លៃបើកទៅលក់ ថ្លៃសាំ​ងហ្នឹងទៀត មានតែអស់លុយផ្ទះទៀតអ្នកខ្លះ»។

កសិករ​វ័យ​៣៥ឆ្នាំ ដែល​កំពុង​ធ្វើចំការជាមួយភរិយា​រូបនេះ​ បានបន្ត​ទាំង​សំឡេ​ង​សោះក​ក្រោះ​ថា ការ​ដាំ​ល្ពៅ​មិនមែនត្រឹមតែ​ចំណាយ​លើគ្រាប់ពូជ ជី ថ្នាំ ប្រេងសាំង ប៉ុណ្ណោះទេ ប៉ុន្តែដំណាំល្ពៅ នេះគឺត្រូវការការថែរទាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បី​​អាច​ទទួលបានផល។ លោកថា លោក​បាន​ជួលដីដាំដំណាំល្ពៅនេះ​ប្រមាណជា២ហិចតា ដែលតម្លៃជួលជាង១លានរៀល ក្នុ​ង​មួយ​ហិកតា ប៉ុន្តែ​​ការ​ប្រមូល​ផល​ស្ទើ​តែ​មិនគ្រប់​​ថ្លៃ​ជួល​ដី​ផង។

លោក លន់ រ៉ូ ដែលមានកូន៣នាក់ក្នុងបន្ទុកផងនោះបន្ថែមថា កូន​របស់​លោក​អាច​នឹង​ត្រូវ​ឈប់​រៀន ប្រសិន​បើ​តម្លៃ​ល្ពៅរបស់​លោក​​នៅ​បន្ត​​ចុះ​ថ្លៃ​ខ្លាំង​បែ​ប​នេះ។  

«បើរៀនទៀតមានលុយពីណាឱ្យកូនរៀនទៀតបើអស់លុយហើយម្នាក់ៗ ខាតច្រើនណាស់។ កសិករ​ឆ្នាំនេះ ម្នាក់ៗខាតច្រើន​មែន​​ទែន វាមិនដែលប្រទះបែបហ្នឹង អត់​ដែល​មាន​តម្លៃ​ដល់​ប៉ុណ្ណឹង​ទេ ហើយ​ថាអត់ចង់ប្រមូលផលតែម្តង ចង់ទុកចោលម៉ង បើដល់ហ្នឹងមួយគីឡូ២០០រៀលហើយ»។

មិនមែន​តែ​លោក លន់ រ៉ូ ម្នាក់​នោះទេ​ដែល​ប្រឈម​នឹង​បញ្ហា​ជីវភាព​ និង​ជំពាក់​ធនាគារ​ដោយសារ​តែ​​តម្លៃ​ល្ពៅ និង​បន្លែ​ផ្សេង​ទៀត​ធ្លាក់​ចុះ​ខ្លាំង ប៉ុន្តែ​កសិករ​មួយ​ចំនួន​ទៀត​​នៅ​ក្នុងឃុំឆ្នុកទ្រូ ខេត្ត​កំពង់​ឆ្នាំង ក៏​ប្រឈម​នឹង​បញ្ហា​​​​ដូច​គ្នា​ផង​ដែរ។

​កសិករមួយរូបទៀត លោក​ យាន វុធថា ដែលកំពុង​បេះផ្លែល្ពៅជាមួយប្រពន្ធកូននៅចំការ​ក៏​បាន​ត្អូញត្អែរ​​តាម​ទូរស័ព្ទ​ប្រាប់ Newsroom Cambodia ថា លោកនៅ​តែ​បន្ត​បេះផ្លែ​ល្ពៅ​​​លក់ ដើម្បី​សន្សំ​សង​ធនាគារ ដែល​​លោក​បាន​ខ្ចី​​ដើម្បី​យក​មក​ដាំ​ល្ពៅ។

«ខ្ញុំខ្ចីប្រហែល២ពាន់ដុល្លា ​មួយខែបើឡើងការ (ការប្រាក់) ជាង១០ម៉ឺន។ បើត្រឹមតែ​បង់​ការបន្តិច​បន្តួច​​បាន បើទាំងដើមទាំងការ យ៉ាប់ណាស់អូនអើយ យ៉ាប់ពិបាកនឹងទប់ដែរហ្នឹងណា ទាល់តែ​យើង​មាន​កម្មវិធីដើររកនេះ ដើររកនោះ យ៉ាប់ដែរណាអូន និយាយ​​រួមទៅពិបាក ទាំងភិត ទាំងភើយ ការហូបចុកត្បិតត្បៀត មិនហ៊ានទេ ទុកលុយសន្សំឡើងការអញ្ចឹងទៅ»។​

បុរសវ័យ៣៨ឆ្នាំរូបនេះ​បន្ត​ថា  តម្លៃ​ល្ពៅ​ដែល​លោក​ដាំ​នៅ​ពេល​នេះ  ស្ទើ​រតែ​មិន​រួច​កម្លាំង​ពលកម្ម​នោះទេ ដោយមួយគីឡូត្រឹម​តែ​២០០រៀល ហើយតម្លៃអាចដល់១០០រៀល និង​បោះចោល​ក្នុង​ចំការ​ខ្លះ​ក៏​មាន។

​«ពេលខ្លះ ម៉ូយខ្លះ គ្នាមើលទៅខ្ចិលលើកថ្លឹងរញ៉េរញ៉ៃ​ក៏ម៉ៅលើទូកអញ្ចឹងទៅ ម៉ូយខ្លះ​មាន​កម្មករ​ អីចឹង​ទៅ​ក៏រើ​​សថ្លឹង រើសលេខ១ លេខ២ លេខ៣ អញ្ចឹងទៅ។ ហើយលេខ១ បាន២០០រៀល លេខ២ បាន១៥០​រៀល លេខ៣បានមួយគីឡូ១០០រៀល ហើយថាលែងយកតូចៗអស់ទៀត ហើយ​រើស​យក​តែស្អាតៗពណ៌ខៀវ ដល់ពេលយើងក្រហមអញ្ចឹងទុកចោលចំការ»។

លោក យន់ វុធថា បានអំពាវនាវឲ្យ​រដ្ឋាភិបាល ​និង​អ្នក​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​​ផលិតផល​កសិកម្ម​ឱ្យ​ទទួល​បាន​តម្លៃ​សមរម្យ​ឡើង​វិញ​។

«សូមជួយប្រជាកសិករដែលដាំដំណាំដូចជាល្ពៅ ត្រឡាច ត្រសក់ បន្លែបង្ការទាំងអស់ សូម​ឱ្យ​ជួយ​រក​ទីផ្សារ​ខ្លះ ឱ្យមានកម្រៃ​សមរម្យដើម្បីប្រជាកសិករទាំងអស់គ្នា មើលទៅតម្លៃចុះថោកពេក ពិបាក​ក្នុងការទទួលស្គាល់ណាស់ ពិបាកក្នុងការទទួលយកបាន ណាមួយបងៗអ្នកទន្លេទាំងអស់ហ្នឹង ជំពាក់​បំណុលខាងអង្គការ អញ្ចឹងទៅណាមួយការចំណាយចាយវាយទៅក្រុមគ្រួសារ​ផង»។

ចំណែក​កសិករ​ដាំ​ល្ពៅ​មួយ​រូប​ទៀត លោក ស៊ុយ ផេង លើកឡើងថា លោក​​ព្រួយបារម្ភអំពី​បញ្ហា​បំណុល​សង​ដូ​ចគ្នា ដោយសារ​​តម្លៃ​ល្ពៅ​ថោក​ខ្លាំង​។

 «ព្រួយបង បើល្ពៅថោកលក់មួយជើងអត់បាន លុយមួយលានផង ទៅមួយសារៗបានលុយ២០ម៉ឺន ៣០ម៉ឺន ទៅទប់ម៉េចឈ្នះ»។

លោក លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ប្រាប់ Newsroom Cambodia នៅថ្ងៃទី៣១ ខែមីនានេះ​ថា កសិករឆ្នាំនេះលក់មិនបានលុយទេ សឹងតែមិនតែរួចដើមតែម្តង​ ដោយសារ​ជំងឺ​កូវីដ​១៩​ ធ្វើឱ្យ​ផលិតផល​កសិកម្ម​សម្បូរពេញកន្លែងលក់នៅឃុំ​ឆ្នុកទ្រូ។

«ត្រសក់ស្រូវ ល្ពៅ ឪឡឹក នៅគរពេញហ្នឹងកូនក្មួយអើយ […] ដើម​អស់​២ទៅ​៣លា​នរៀល​ទៅ លក់​អត់​ទាន់​បាន​១លានផ​ងក្នុងមួយចំការៗ​។ បើឆ្នាំក្រោយនៅតែកូវីដអុ​កឡុកអី​ចឹងទៀត ចេញមិនរួច ធ្វើអ្វី​មិនរួច ប្រហែលជាបន្ថយការដាំដុះអញ្ចឹង ចាំមើល​នៅ​ស្រូវ​៣០០ហិចតា​ជាង​មិន​ដឹង​គេ​ឱ្យ​មួយ​គីឡូ​ប៉ុន្មានទេ កំពុងតែគិតគ្នា»។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានប្រាប់ Newsroom Cambodiaថា កសិផលរបស់កសិករមិនមែនធ្លាក់ចុះតែពេលសម័យ​កូវីដ១៩នេះទេ ប៉ុន្តែ​លោក​ថា រាល់​រដូវ​កាល​ប្រមូល​ផល តម្លៃតែងតែ​ធ្លាក់ចុះ​។

«ខ្ញុំមើលឃើញឱ្យតែរដូវប្រមូលផល មិនថាកម្ពុជារាល់ថ្ងៃរងផល​ប៉ះពាល់ដោយសារកូវីដ១៩ទេ ស្ទើរ​តែ​រៀងរាល់​ឆ្នាំ​ទៅហើយ ឱ្យ​តែ​រដូវកាល​ប្រមូលផលមកដល់ យើង​ឃើញ​ថាមាន​បញ្ហា​នៃ​ការធ្លាក់​ចុះ​តម្លៃ​ហ្នឹង គឺ​កើត​មាន​ឡើងធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នៅ​ក្នុង​ការដាំដុះបន្លែហ្នឹង ហើយមិនមែនតែល្ពៅនោះទេ ហើយ​យើង​មើល​ឃើញ​ថាយ​ន្តកា​រ​នៃ​ការដោះស្រាយ​ហាក់បី​ដូចជាមិនដំណើរទៅមុខសោះ ហើយបញ្ហានេះកើតមានដដែលៗ»​។

លោក ថេង សាវឿន ក៏បានជំរុញ​ឲ្យ​អាជ្ញាធរ ​គិតគូរ​រ​ក​វិធីសាស្រ្តល្អ​ៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ពិសេសរឿងតម្លៃឱ្យ​កសិករទទួលបានកម្រៃសមរម្យ។

«ខ្ញុំគិតថា រដ្ឋក៏ដូចជាមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងត្រូវតែជួយអន្តរាគមន៍ ស្វះស្វែង​រកវិធីសាស្រ្ត​យ៉ាង​ដូចម្តេច ឬក៏ផ្សព្វផ្សាយកែច្នៃយ៉ាងដូចម្តេចឱ្យផលិតផលដែលជាល្ពៅរបស់កសិករហ្នឹង អាច​លក់​បាន​តម្លៃ​សមរម្យ ឬ​ក៏​ធ្វើចលនា​ឱ្យពលរដ្ឋ​ក្នុងស្រុក ជួយ​ទិញ​ល្ពៅដើ​ម្បីធ្វើ​ជា​ដំណាប់ ឬ​ក៏កែ​ច្នៃ​ផលិតផល​ហ្នឹងឱ្យបានល្អផងដែរ»។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ការធ្លាក់ថ្លៃល្ពៅនេះគឺមកពីពិបាកក្នុងការនាំចេញទៅប្រទេសជិតខាង និង​ដោយសារបញ្ហាជំងឺ​កូវីដ១៩​។

​«នៅដើមសប្តាហ៍នេះយើងមានដំណាំល្ពៅ ដែល​អ្នកភូមិឆ្នុកទ្រូ តាមដងទន្លេ គាត់ដាំ​នៅ​ក្នុង​កោះ​ប្រហែល​ជា​ខ្ទង់​៧០ ទៅ​៨០​ហិចតា​ហ្នឹង ល្ពៅ​មាន​ការធ្លាក់​ថ្លៃម​កដល់២៥០ ទៅ៣០០រៀលមួយគីឡូ ហើយឆ្នាំ២០២០ វាបាន៧០០ ទៅ១០០០រៀល ដោយសារឆ្នាំនេះការនាំចេញ វាពិបាកបន្តិច នាំ​ចេញ​ទៅ​ប្រទេសវៀតណាម និងប្រទេសថៃ ដោយ​សារ​ជួប​វិបត្តិកូវីដ»។

ជារៀង​រាល់​ឆ្នាំ​ ឲ្យ​តែ​រដូវ​ប្រមូល​ផល​ដំណាំ ឬ​បន្លែ​ផ្សេងៗ គេ​តែង​សង្កេត​ឃើញកសិផល​ទាំង​​នោះ​​មាន​តម្លៃ​ថោក រហូត​ពេល​ខ្លះ​កសិករ​ត្រូវ​ទុក​ចោល​មិន​កាត់​លក់​ក៏​មាន​។​

ក្រឡេក​ទៅ​មើល​លោក លន់ រ៉ូ វិញ លោក​នៅ​បន្ត​ត្អូញត្អែរ​ដា ប្រសិន​បើ​តម្លៃ​បន្លែ​ដែល​លោក​ដាំ​នៅ​តែ​ថោក​បែបនេះ នោះលោក​នឹង​ទៅ​ស៊ីឈ្នួលធ្វើការឱ្យគេវិញម្តង ដើម្បី​ទប់​ទល់​ជីវភាព និង​បង់​សង​ធនាគារ។

«ឆ្នាំនេះមានតែខាតដើម ខាតការអត់រលីងហើយ ឱ្យតែអ្នកដាំដំណាំ ខាតទាំងអស់ម្នាក់ៗ ហើយ​មាន​អ្វីទៅសងគេ បើចំការចុះថោក មានតែរត់ចោល អស់រលីងម្នាក់ៗហ្នឹងណា៎ ទៅគ្នា​ច្រើន​ដែរ​ហ្នឹង​ណា ​រត់ទៅដេរ រត់ទៅស៊ីឈ្នួលគេតគ្នា បោសថ្នល់ បោសអញ្ចឹងទៅ អ្នកខ្លះកាប់ដី កាប់រណ្តៅ កាប់​តាម​គេ​តាមឯងទៅ នៅពេលនេះ»៕​