(ភ្នំពេញ)៖ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​​ លោក ខៀវ កាញារីទ្ធ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​​​​ថ្លែង​ថា កម្ពុជា​មិន​មាន​ភាព​ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​ដាក់​​ទោស​​អ្នកផ្សព្វផ្សាយព័ត៌​មាន​ក្លែងក្លាយ​នោះទេ ហើយ​ថា ច្បាប់​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃការ​បញ្ចេញ​មតិ។

លោក ខៀវ កាញារីទ្ធ ថ្លែង​បែបនេះ​ក្នុង​​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ «វិជ្ជាជីវៈ​សារ​ព័ត៌​មាន ដំណឹងក្លែងក្លាយ និង​ព័ត៌មាន​​មិន​ពិត» ដែល​បង្កើត​ឡើង​ដោយ​ UNESCO ប្រចាំ​កម្ពុជា។​

លោក ខៀវ កាញារីទ្ធ ថ្លែង​ថា ក្នុង​អំឡុង​ការ​រាលដាល​នៃ​​ជំងឺ​កូវីដ​១៩ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ដំណឺង​ក្លែង​ក្លាយ​ជា​ច្រើន រហូត​​មាន​ការ​ជំរុញ​​ឲ្យ​ក្រសួង​​បង្កើត​ច្បាប់​​ស្តីពីការ​បង្ក្រាប​ព័ត៌​មាន​ក្លែងក្លាយ​នេះ​ឡើង ប៉ុន្តែ​លោក​ថា ច្បាប់​នេះ​មិនមាន​ភាព​ចាំ​បាច់​ណា​មួយ​សម្រាប់​ប្រើ​ប្រាស់​នោះទេ។​

លោក​បញ្ជាក់​ថា៖ «មិនមែន​គ្រាន់តែ​បញ្ហា​កូ​វីដ ឬបញ្ហា​អី យើង​ចេញច្បាប់​មួយ​ដើម្បី​បង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត។ ហើយ​កាលណា​យើង​ចេញច្បាប់​ ពិបាក​នឹង​កំណត់​ណាស់ ហើយ​ច្បាប់​នេះវាមិនបានការ​ពារ​ផលប្រយោជន៍​រួម​ទេ វា​នឹង​ការពារ​ផលប្រយោជន៍​បុគ្គល ហើយនឹង​អាច​ក្លាយជា​ការរំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ»។

បើតាម​​លោក ខៀវ កាញារីទ្ធ ព័ត៌មានមិនពិត​ធ្វើឱ្យប៉ះពាល់ដល់នយោបាយ សេដ្ឋកិច្ច បង្ក​ការ​មិន​ទុក​​ចិត្ត​គ្នា និង​ធ្វើ​ឲ្យ​មាន​អសន្តិសុខសង្គម​​ជាដើម។ លោក​​ថា ការ​អប់​រំ​គឺ​ជា​វិធី​សាស្រ្ត​​ដែល​ល្អបំ​ផុត​ក្នុងការ​កាត់​បន្ថយ​ព័ត៌មាន​មិន​ពិត​ទាំង​នោះ។

លោកស្រី ចក់ ​សុភាព នាយិការ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​លើកឡើង​ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​ទៅ​លើ​ព័ត៌មានក្លែងក្លាយ  អាចនឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ លោក​ស្រី​បន្ថែម​ថា​ ​ក្នុង​មួយ​​រយៈពេល​ចុង​ក្រោយ​នេះ សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា​មាន​ការធ្លាក់​ចុះ​​គួរ​ឱ្យ​ព្រួយបារម្ភ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​​ច្បាប់​មួយ​ចំនួន​​​យក​ទៅ​អនុវត្តន៍​​លើ​អ្នក​សារ​ព័ត៌​មាន​។

លោកស្រី​បញ្ជាក់​ថា៖​ «កន្លងមក​​ បើ​ទោះបី​យើង​មិនទាន់​មានច្បាប់​គ្រ​ប់គ្រង​លើ​ព័ត៌មាន​ក្លែង​ក្លាយ​​នេះ​​យ៉ាង​ណា​ក៏​ដោយ គឺ​​យើង​ឃើញ​ថា​​មានការប្រើ​ប្រាស់​ច្បាប់​​ដែល​​មាន​​​ជា​ធរមាន​​រួច​ហើយ​​ក្នុង​​ការ​ ដូច​​ជា​នៅពេលមាន​​ព្រឹត្តិ​ការណ៍​​ណាមួយ ឬក៏​ការចោទប្រកាន់​ណាមួយ​​នោះ គឺ​មាន​ការ​ប្រើប្រាស់​​ក្រម​ព្រហ្មទណ្ឌ​​រួច​ទៅ​ហើយ ឬ​ក៏​​​ច្បាប់​​ពាក់ព័ន្ធ​​ផ្សេង​ទៀត»។

សៀវភៅ «វិជ្ជាជីវៈ​សារ​ព័ត៌​មាន ដំណឹងក្លែងក្លាយ និង​ព័ត៌មាន​​មិន​ពិត» ​គឺ​ជា​សៀវ​ភៅ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​ UNESCO ដែល​ច្បាប់​ដើមជា​ភាសាអង់គ្លេស និង​​ទើប​ត្រូវ​បាន​បកប្រែ​ជា​ភាសាខ្មែរ ក្នុង​គោល​បំណង​។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ UNESCO សៀវភៅ​នេះ​ ​បង្ហាញ​អំពីប្រភេទ​នៃ​​ព័ត៌មាន​មិន​ពិត និង​ការ​ថ្លែង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ស្អប់​​ជាដើម។ ក្នុង​នោះ​ក៏​មានការ​បង្ហាញ​អំពី​ការជឿ​ជាក់​​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ស្វែង​រក​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿទុក​ចិត្ត​ ជាមួយ​គោលការណ៍​សេរីភាព​សារព័ត៌មាន។​​

លោក Sardar Umar Alam តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា​ថ្លែង​ថា  ក្នុង​ការគ្រប់គ្រង​ព័ត៌​មាន​ក្លែងក្លាយ​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួមមាន​អង្គការ​សង្គម​ស៊ីវិល ប្រជា​ពលរដ្ឋ និង​រដ្ឋាភិបាល​ផងដែរ។ លោកបន្ត​ថា​ រដ្ឋាភិបាល​ត្រូវធានា​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ដំណើរការ​ដោយ​សេរី។

លោក​បញ្ជាក់​ថា៖ «គ្រប់​គ្នា​មាន​តួនាទីសំខាន់​​ក្នុង​ការប្រយុទ្ធ​​ប្រឆាំង​​ទៅ​​នឹង​​ព័ត៌មាន​​មិន​ពិត ការជំរុញ​​ឲ្យ​មាន​​ការពិនិត្យ​​ផ្ទៀងផ្ទាត់ រដ្ឋា​ភិបាល​​​នៅ​​ទូទាំង​​សកល​​លោក​​ត្រូ​វ​​ធានា​​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អាច​​ដំណើរ​ការ​ដោយ​សេរី និង​​ធានា​​សិទ្ធិ​​ទទួល​​បាន​​សេរីភាព​​បញ្ចេញ​មតិ ហើយ​អ្នកសារ​​ព័ត៌មាន​ត្រូវ​ប្រកាន់​ភ្ជាប់​វិជ្ជាជីវៈ​របស់​ខ្លួន​ផង​ដែរ»។​

ចាប់ពី​​ដើ​ម​ឆ្នាំ២០២០ ពោល​គឺ​ក្នុង​អំឡុង​ការ​កើត​​មាន​​ជំងឺ​កូវីដ​១៩ អ្នកប្រើ​ប្រាស់អ៊ីនធឺណិត​ និង​​អ្នកសារព័ត៌មានមួយ​ចំនួន​ត្រូវ​បាន​ឃាត់ និង​​​ចាប់ខ្លួនដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ស​ង្គម​ហ្វេសប៊ុក ពាក់ព័ន្ធនឹងការ​​ផ្សព្វផ្សាយ​ព័ត៌មាន និង​​ការ​​រិះគន់​ជុំវិញជំងឺ​កូវីដ​១៩។ ក្នុង​នោះ​មាន​លោក សុវណ្ណ រិទ្ធី និពន្ធនាយក​ TVFB ជាដើម​​​​៕