(ភ្នំពេញ): របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​​ជាង​១​​លាន​នាក់​​កំពុង​ប្រឈម​នឹង​ការកើន​ឡើង​នូវ​ទឹក​ជំនន់ និង​មាន​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹង​ការបណ្តេញ​​ចេញ បាត់បង់​ប្រាក់​ចំណូល និង​អសន្តិ​សុខ​ស្បៀង​ដោយ​សារ​គម្រោង​អភវិឌ្ឍន៍​​ផ្សេងៗ​​​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន។​

បើ​​តា​ម​របាយ​ការណ៍​ស្រាវជ្រាវ​មាន​ចំណង​ជើង​ថា «ការបាត់បង់​បឹង​ទំពុន» ចេញ​នៅ​ថ្ងៃទី២៧ ខែ​កក្កដា​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់ កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹង​ទំពុន ឬ​ជើក​ឯក និង​បង្ក​អសន្តិ​សុខ ខណៈ​ដែល​ក្រុមហ៊ុន​អាយ អិន ជីហូលឌីង (ING Holding​) និង​សាជីវកម្ម​ឯកជន​ផ្សេងៗ​ទៀត​ដូចជា​ក្រុមហ៊ុន​ ជីព​ម៉ុង​អ៊ី​អន​ម៉ល អ័រ​គីដេ​វីឡា និង​គម្រោង​ផ្សេងៗ​ទៀត​កំពុង​ដំណើរ​ការ​សាងសង់។

របាយការណ៍​នេះ​ធ្វើ​ឡើងរួមគ្នា​​ដោយ​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) បណ្តាញ​យុវជន​កម្ពុជា (CYN) អង្គការ​សមធម៌​កម្ពុជា (EC) និង​អង្គការ​សមាគម​ធាង​ត្នោត (STT)។

របាយការណ៍​នោះ​​បញ្ជាក់​ថា តាមរយៈ​ការស្ទង់​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន៤៦៩​គ្រួសារ​ ដែល​កំពុង​រស់​នៅ និង​ប្រើប្រាស់​តំបន់​បាន​បង្ហាញ​ថា ផល​​ប៉ះពាល់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​តំបន់​បឹង​ទំពុន ​ក្នុង​ផ្ទៃ​ក្រឡា​ប្រមាណ​១,៥០០​ហិកតា ដែល​កំពុង​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការគ្រប់​គ្រង​កាក​សំណល់ និង​ការពារ​ទឹក​ជំនន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

របាយការណ៍​ខាង​លើ​បញ្ជាក់​ថា៖ «​បើ​គ្មាន​តំបន់​បឹង​ទាំង​នោះទេ​ ប្រជាជន​ជាង​មួយ​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​នឹង​ប្រឈម​ការកើន​ឡើង​ទឹ​កជំនន់​»។ របាយការណ៍​ខាងលើ​បញ្ជាក់​បន្ថែម​ថា៖ «​បើ​ការអភិវឌ្ឍ​របស់​ឯកជន​នៅ​តែ​បន្ត នឹង​បណ្តាល​ឲ្យ​បាត់បង់​នូវ​មុខរបរ​ចិញ្ចឹម​ជីវិត និង​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ»។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​លីកាដូ លើក​ឡើង​ថា​​ បច្ចុប្បន្ន​បឹងទំពុន​ជាកន្លែង​មួយ​ដែល​ជួយ​សម្រួល​លូ​ទឹក​ស្អុយ​ពី​រាជធានី​ភ្នំពេញ និង​ជា​បឹង​​ធម្មជាតិ​មួយ​ដែល​មាន​ជីវៈចម្រុះ​ ដែល​បាន​ជួយ​សម្រួល​ជីវភាព​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ។ លោកបន្តថា លោក​មាន​ការព្រួយ​បារម្ភ​ក្នុង​ការលុប​បឹង​ជា​បន្តបន្ទាប់ ថា​អាច​ផ្តល់​ផល​ប៉ះពាល់​ដ​ល់​បរិស្ថាន និង​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា៖ «យើង​ចេញ​របាយការណ៍​នេះ​ដើម្បី​ធ្វើ​យ៉ាងម៉េច ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គិតគូរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ធ្វើម៉េច​កុំ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។ ធ្វើ​យ៉ាងម៉េច​ការអភិវឌ្ឍគឺ​ដើម្បី​ប្រទេស និង​ប្រជាពលរដ្ឋ អីចឹង​បើសិនជា​ការអភិវឌ្ឍ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ប៉ះពាល់ស​ម្រាប់​ពួកគាត់»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​រដ្ឋាភិបាល​មាន​ប្រសាសន៍​​ថា​ ការចេញ​របាយការណ៍​របស់​សមាគម​ធាងត្នោត​ថា​ការ​លុប​បឹង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ជនលិចមនុស្សរាប់លាននាក់ គឺ​មិន​ត្រឹមត្រូវ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ជីក​ប្រឡាយ ដើម្បី​បញ្ជៀស​ទឹក​ទៅ​តាម​ប្រភព​ផ្សេងៗ​ទៀត និង​ដាក់​លូ​រួចរាល់​ទើប​មាន​ការអភិវឌ្ឍ​តំបន់​នោះ។ លោលបន្ថែម​ថា ការអភិវឌ្ឍ​នៅ​តំបន់​បឹង​ទំពុន​ជា​រឿង​ប្រក្រតី ហើយ​ថា បាន​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ និង​ផ្តល់​ពន្ធ​ជូន​រដ្ឋ។​

លោកបញ្ជាក់ថា៖ «​រឿង​សេដ្ឋកិច្ច​ដូចជា​មិន​ប៉ះពាល់​អី ក្រៅពី​យើង​បង្កើត​ទឹ​ក​ដី​បឹង​ហ្នឹង ក្លាយ​ជា​ដី​ដែល​តម្រូវ​ឲ្យ​មាន​ការបង់​ពន្ធ​ចូល​រដ្ឋ ហើយ​កាត់​បន្ថយ​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង។ ដូច្នេះ​ផល​វា​បាន​ម​ក​ពី​ដី​ហ្នឹង​ច្រើន​ជាង​ការបាត់បង់​ផល​ទៅ​វិញ។ ដូច្នេះ​កាលណា​មាន​ការអភិវឌ្ឍ​មាន​​ការបង់​ពន្ធ ​ហើយ​កាលណា​​មាន​ការបង់ពន្ធ​មាន​ចំណូល​ដល់​រដ្ឋ​ រដ្ឋ​នឹង​កាត់​បន្ថយ​អាច​ជួយ​ដល់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ »។

ក្នុង​របាយការណ៍​របស់​សមាគម​ធាងត្នោត​ចេញ​កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៩ អំពីបឹងចុង​ក្រោយ​ក្នុង​​រាជធានី​ភ្នំពេញ រក​ឃើញ​ថា​ បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ ចំនួន១៦ ត្រូវ​បាន​លុប​ទាំង​ស្រុង​ ហើយ​បឹង​ចំនួន​ ១០ទៀត កំពុង​ចាក់​លុប​ខ្លះៗ។ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន​ ដែល​ការពារ​ដោយ​អនុក្រឹត្យ​ កំពុង​ប្រឈម​ការ​ចាក់​លុប​ដូច​គ្នា​ដែរ។

របាយការណ៍​នោះ​បញ្ជាក់​ថា ការ​ចាក់​លុប​បឹង​ធម្មជាតិ​ទាំង​នេះ បាន​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ​ និង​បង្ហាញ​នូវ​ផល​អវិជ្ជមាន​ដ៏​អាក្រក់​ ដូចជា​ទឹក​ជំនន់​ ការ​បំពុល​បរិស្ថាន​ និង​ការ​ថយ​ចុះ​មច្ឆាជាតិ​ ជាពិសេស ​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ ឬ​ប្រឈម​ការ​គំរាម​កំហែង​ពី​ការ​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ខាង​មុខ៕​