រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញការព្រួយបារម្ភពីការកើនឡើងគ្រឿងញៀនដោយថា មេជួញដូរធំៗមិនងាយចាប់ខ្លួនបាន ខណៈអ្នកជាប់ឃុំទូទាំងប្រទេសមានចំនួនជាងពាក់កណ្តាលពាក់ព័ន្ធគ្រឿងញៀន។​

ថ្លែងក្នុងពិធីមួយនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២១ខែធ្នូ លោកស ខេង បានថ្លែងថា កម្ពុជាក្លាយជាកន្លែងផលិត និងកែច្នៃគ្រឿងញៀន ហើយពិបាកទប់ស្កាត់ដោយសារឈ្មួញប្រើល្បិចច្រើនក្នុងការនាំចូលនិងកែច្នៃគ្រឿងញៀនទាំងនេះ។ ​

លោកស ខេង ឱ្យដឹងទៀតថា ក្នុងចំណោមអ្នកជាប់ឃុំទូទាំងប្រទេសគឺជាងពាក់កណ្តាលជាប់ព័ន្ធករណីគ្រឿងញៀន។​

លោកស ខេង៖ «សូមជម្រាបថា អ្នកជាប់ឃុំនៅទូទាំងកម្ពុជាយើងទាំងអស់មាន៣៨ ០០០នាក់ ក្នុងនោះ ៥១ភាគរយគឺជាអ្នកទោសគ្រឿងញៀន»។​

លោកបានបន្តថា អ្នកតូចតាចចែកចាយផង ប្រើប្រាស់ផង ប៉ុន្តែអ្នកជួញដូរខ្នាតធំមិនប្រើប្រាស់ទេហើយក៏មិនងាយចាប់បានដែរ។

លោក ស ខេង៖«អ្នករកស៊ីគ្រឿងញៀន អ្នកខ្លះវាអត់ជក់ទេ ប៉ុន្តែអ្នករកស៊ីគ្រឿងញៀនតូចតាចភាគច្រើនវាជក់ផង វារកស៊ីផង។ បើអាអ្នកធំមែនទែនភាគច្រើនវាអត់សូវប្រើទេ ហើយយើងកម្រចាប់បានវាណាស់ ភាគច្រើនវានៅក្រៅ»។​

ក្នុងឱកាសនោះលោកក៏បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទប់ស្កាត់គ្រឿងញៀន កុំឱ្យកម្ពុជាធ្លាក់ដល់ស្ថានភាពសង្គ្រាមគ្រឿងញៀនសម្លាប់អ្នកពាក់ព័ន្ធដូចនៅប្រទេសថៃ និងហ្វីលីពីន​។​

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោកសឹង សែនករុណ បានលើកឡើងថា បញ្ហាគ្រឿងញៀនកំពុងតែបង្កគ្រោះថ្នាក់ខ្លាំងដល់សង្គមដែលមានដល់ករណីកូនប្រើថ្នាំញៀនកាប់សម្លាប់ឪពុកម្តាយ ឬសមាជិគ្រួសារផង។ លោកថា អនាគតប្រទេសជាតិក៏ជួបបញ្ហាដែរបើយុវជនជាអ្នកបន្តវេនរងការបំផ្លាញដោយសារគ្រឿងញៀនបែបនេះ។​

លោកសឹង សែនករុណា ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យចំគោលដៅទើបទប់ស្កាត់គ្រឿងញៀនមានប្រសិទ្ធិភាព។

លោក សឹង សែនករុណា៖«អ្វីដែលខ្ញុំមើលឃើញលើការបង្ក្រាបគ្រឿងញៀននេះគឺ អាចថា បណ្តាលមកពីការបង្ក្រាបហ្នឹងអត់ទាន់ចំគោលដៅនៃឈ្មួញដែលធំៗដែលអាចថា ជនមានអំណាចមួយចំនួនពាក់ព័ន្ធបញ្ហាហ្នឹង បានរឿងគ្រឿងញៀនចេះតែអត់អាចបង្ក្រាបបាន​»។

នៅក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពចំនួន៧ចំណុចរបស់រដ្ឋាភិបាលក្នុងនោះចំណុចទី២ ក៏បានចែងពីការលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

បើទោះបីជាមានការណែនាំនានាពីថ្នាក់ដឹកនាំ និងការបង្កើតគោលការណ៍ផ្សេងៗដើម្បីទប់ស្កាត់គ្រឿងញៀនក៏ដោយ ក៏ស្ថានភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនមានការថយចុះនោះទេ។​

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០២១ បង្ក្រាបករណីគ្រឿងញៀនបានចំនួន​៣ ៣៩១ករណី និងចាប់ជនល្មើសបានដល់៧ ២៤៦នាក់ រឹបអូសគ្រឿងញៀនបាន៧៥៩គីឡូក្រាម។​ ចំនួននេះកើនឡើងជិត១០ភាគរយ (៨,៣០%) បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣ ១៣១​ករណី៕​