ខណៈ​ព្រះសុរិយា​កំពុង​ជះ​ពន្លឺ​ក្រហម​ព្រឿងៗ​ពី​ទិស​ខាង​កើត ហាក់បីដូច​ជា​នាំ​យក​មក​ជាមួយ​នូវ​ពេល​វេលា​ដ៏​ល្អ​ដ​​ល់ព្រះ​សង្ឃ និស្សិត រួម​ជាមួយ​សប្បុរសជន​មួយក្រុម ក្នុង​ការជួបជុំ​គ្នា​ត្រៀម​ដំណើរ​ឡើង​រថយន្ត​​ទៅខេត្ត​សៀម​រាប។ រថយន្ត​​កំពុង​ចត​ចាំ​ក្រុម​អ្នក​ធ្វើ​ដំណើរ​ តាម​បណ្តោយ​​ដ​​ង​​មហាវិថី​ព្រះនរោត្តម  ខាងត្បូងវិ​មានឯករាជ្យ  ក្បែរ​សាកល​វិទ្យា​ល័យ​​មួយ​ ដែល​គេ​តែងតែ​ស្គាល់​ថា​ជា​កន្លែង​បណ្ដុះ​ទាំង​ចំណេះ​ជំនាញ​ទាំង​គុណធម៌​ដល់​​និស្សិត នោះ​គឺ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។

ការធ្វើដំណើរ​អស់​រយ:ពេល​មួយ​ព្រឹក​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ អស់​រយៈពេល​ប្រមាណ​ជា​បួន​ម៉ោង​ពីភ្នំពេញ​រហូត​ដល់​ទឹក​ដី​អង្គរ​ខេត្តសៀមរាប នោះ​គឺជា​ដំណើរ «សង្គហធម៌ ឬ​ដំណើរ​សង្គ្រោះ​ជីវិត​កុមារ» ដែល​ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។ ដំណើរ​សង្គហធម៌ ​នោះ ធ្វើ​ឡើង​ក្នុង​គោលបំណង​នាំ​យក​​ថវិកា​មួយ​ចំនួន​ដែល​បាន​មក​ពី​កម្មវិធី​បុណ្យផ្កា​ប្រាក់​ប្រមូល​ថវិកា​ទៅ​ចូលរួម​ជួយ​មន្ទីរពេទ្យ​កុ​មារ​អង្គរ​ខេត្តសៀមរាប  កាល​ពី​ថ្ងៃទី៣០  ខែសីហា  ឆ្នាំ​២០២០​កន្លង​ទៅ ក៏​ដូច​ជា​ការរួម​ចំណែក​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​រយ​នាក់​ដែល​សម្រាក​ព្យាបាល​នៅ​ទីនោះ  ស្រប​ពេល​ដែល​សង្គម​កំពុង​ជួប​វិបត្តិ​ជំងឺ​​កូវី​ដ​១៩។

ជា​ការ​ពិត​ណាស់  ជម្ងឺកូវីដ​១៩​ មិនមែន​ជា​ជម្ងឺ​គួរ​ឲ្យ​ខ្លាច​ជាង​ជម្ងឺ​នៃ​វិបត្តិ​គុណធម៌ សីលធម៌ របស់​មនុស្ស​ក្នុង​សង្គម​​នោះ​ទេ ពីព្រោះបើ​ខ្វះ​ការ​យល់​ដឹង​ពី​តម្លៃ​​គុណធម៌  ពួកគេ​អាច​នឹង​ធ្វើ​អំពើ​អបាយ​មុខ​គ្រប់​សព្វ​បែបយ៉ាង មាន​សេព​សុរា លួច​ឆ​ក់​ប្លន់ កុហក​បោក​ប្រាស់  បៀតបៀន​ជីវិត​អ្នកដទៃ​ជាដើម។ ​នេះបើ​​តាម​ប្រសាសន៍​រប​ស់​លោក​បណ្ឌិត  កុល  ផេង  ស្ថាបនិក​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។

លោក​បណ្ឌិត​តែង​មាន​ប្រសាសន៍​ថា៖ «ជីវិ​ត​កើត​មក​ពុំ​មាន​ន័យ​ទាល់​តែ​សោះ  បើ​ពុំ​បាន​ជួយ​អ្នក​ដទៃ (Life is meaningless without helping others)»។ នេះ​គឺ​ជា​ពាក្យ​ដ៏​មាន​អត្ថន័យ ដែល​លោក​តែងតែ​អប់​រំ​ដល់​និស្សិត​គ្រប់​រូប​ឲ្យ​ចេះចូលរួម​កិច្ចការ​ស្ម័គ្រចិត្ត ជួយ​សហគមន៍​ដោយ​ចិត្ត​ស្មោះស សង្គ្រោះ​មេត្តា​ប្រណី ជាពិសេស​ដល់​អ្នក​ដែល​ខ្វះខាត​ហើយ​ត្រូវ​ការជំនួយ។   ដូច្នេះ​ហើយ  បាន​ជា​និស្សិត​នៅ​សាក​ល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ភាគច្រើន​តែងតែ​មាន​គម្រោង​ចុះ​សហគមន៍ ដូចជា​ការចែក​រំលែក​ការអប់រំ  និង​ការសង្គ្រោះ​ដោយ​សង្គហទាន​ដល់​អ្នក​ដែល​ខ្វះខាត ។ 

​លោក សំបូរ ម៉ាណ្ណារ៉ា​ សាស្ត្រាចារ្យ​ផ្នែក​សិក្សា​អំពី​ខ្មែរ និង​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​​មាន​ប្រសាសន៍​ថា៖ «សូម​មេត្តា​​រំលែក​បាយ​មួយម៉ាត់ សម្រាប់​ឆ្អែត​ជួយ​សង្គ្រោះ​ជីវិត​ដល់​អ្នក​ដែល​ត្រូវ​ការរស់​ផង»។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការចែក​រំលែក​សេចក្ដី​សុខ​របស់​យើង​​មួយ​​ចំណែក​ដើម្បី​បណ្ដុះ​គុណធម៌​ភាព​ជា​មនុស្ស និង​ការរស់នៅ​​ក្នុង​សុខ​សន្តិភាព គ្មាន​ការរើស​អើង ឱ្យ​ចេះស្រលាញ់​វប្បធម៌ និង​សង្គម​ជាតិ​របស់​ខ្លួន។

ព្រះតេជគុណ  សំ សោភ័ណ  ប្រធាន​សមណ​និស្សិត​សង្គហធម៌​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ (PSDS) មាន​សង្ឃ​ដីកា​ថា ​ព្រះសង្ឃ​​​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការអប់រំ ដូច្នេះហើ​យ​បាន​ជា​ក្រុម​សមណ​និស្សិត​សង្គហធម៌​បញ្ញាសាស្ត្រ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ការចូលរួម​ចំណែក​​ការងា​រ​មួ​យ​នេះ។

«មនុស្សល្អ​គឺ​ជា​មនុស្ស​ដែល​មាន​ចំណេះដឹង មាន​ទាំង​គុណធម៌ ចរិយាធម៌ និង​សុជីវធ​ម៌​ជា​គ្រឿង​អម ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់ ឬ​ហៅថា​សប្បុរស​ជន។ ការសិក្សា​អប់រំ​មាន​ច្រើន​ប្រភេទ ទាំង​កិច្ចការងារ​ជួយ​សង្គម ក៏​ជា​កត្តា​មួយ​ក្នុង​ការជួយ​ឱ្យ​យើង​មាន​អត្តចរិត ឥរិយាបថ​ល្អ និង​មាន​តម្លៃ តាមរយៈ​ទឹកចិត្ត​នៃ​ការចេះ​ជួយ​សង្រ្គោះ​គ្នា​ក្នុង​សង្គម»។

បើតាម​ព្រះ​តេជគុណ សំ សោភ័ណ កម្មវិធីបុណ្យផ្កាខាងលើ បាននាំថវិកាសរុប​ចំនួន​២,៦៦៤,០០០​រៀល និង​១,២៤៧​ដុល្លារ ដើម្បីជួយដល់មន្ទីពេទ្យកុមារអង្គរ។

អតីតនិស្សិតរៀនថ្នាក់សិក្សាអំពីខ្មែរ និងថ្នាក់ប្រវត្តិសាស្រ្តម្នាក់ លោក​ ជ័យ ខាវ ​លើកឡើង​ថា កម្មវិធី​សង្គហេធម៌​នេះ ​​បាន​ធ្វើ​ឲ្យ​លោក​យល់​កាន់​តែ​ច្រើន​អំពី​តម្លៃ​ការងារសង្គម។

«ពីមុន​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ដែល​សូម្បី​តែ​ដឹង​ថា​អ្វី​ទៅ​ជា​ការងារ​សង្គម។ តើ​ការងារ​សង្គម​បា​ន​ផ្តល់សា​រៈ​ប្រយោជន៍​អ្វីខ្លះ។​ ថ្នាក់​ប្រវត្តិសាស្ត្រ ឬ​សិក្សាអំ​ពី​ខ្មែរ លោកគ្រូ​​តែងតែ​​អប់​រំ​​ដាស់​តឿន ក្រើនរំឮក​ដល់​និស្សិត​​គ្រប់ៗ​គ្នា​ឲ្យ​ចូលរួម​ចំណែក​ក្នុង​ការងា​សង្គម។ លោកគ្រូ​សាស្ត្រាចារ្យ​​មិ​ន​​ត្រឹម​តែ​​ប្រាប់​​នោះ​​ទេ ថែម​​ទាំង​​បាន​​ចូល​ខ្លួន​​ដឹកនាំ​​និស្សិត​​ចុះ​​ទៅ​​សហគមន៍​ផ្ទាល់​​ទៀត​​ផង។ ទាំង​នេះ​​ហើយ​​គឺជា​​បទ​ពិសោធន៍​​របស់​​ខ្ញុំ​​ផ្ទាល់​​ចំពោះ​​ថ្នាក់​​ទាំងពីរ​​នេះ។

អតីត​​និស្សិត​​មក​​​ពី​​ថ្នាក់​​បណ្តុះ​​គុណ​ធម៌ កញ្ញា តី ថានិត លើក​ឡើង​​ថា ការចូលរួម​​​ចែក​​​រំលែក គិត​ និង​ធ្វើ ស្មើ​​នឹង​ការអភិវឌ្ឍ​ខ្លួន​ឯង​ គ្រួសារ​ សង្គម​ និង​ប្រទេស​ជាតិ​។

«មាន​ចំណេះដឹង និង​សីលធម៌​តែ​ខ្វះ​នូវ​គុណ​ធម៌ ប្រៀប​ដូច​ចំណី​ដែល​គេ​ឧទ្ទិស​ឲ្យ​សាក​សព។ ការព្យាយាម​សិក្សា​រៀន​សូត្រ​ស្រូប​យក​សីលធម៌ និង​ចំណេះ​ដឹង​ខំប្រឹង​លាចាក​នូវ​ភាព​អវិជ្ជា​គឺជា​រឿង​ដ៏​ប្រពៃ ក៏ប៉ុន្តែ​ចំណេះ​​ដឹង​មាន​តម្លៃ​ទៅ​បាន​លុះត្រាតែ​យើង​ប្រើ​វា​ប្រកប​ដោយ​គុណ​ធម៌»។

ការចេះ​​ចែក​រំលែក​សេចក្ដី​លំបាក​ផង​គ្នា​នៅ​ក្នុង​សង្គម​ជាតិ​មួយ ​ជារឿង​សំខាន់​ណាស់​ក្នុង​កាលើក​កម្ពស់​តម្លៃ​សីលធម៌​របស់​មនុស្ស និង​ការរស់នៅ​ដោយ​សុខ​សន្តិភាព  ដោយ​មិនមាន​ការរើសអើង​ប្រកាន់​គ្នា​ឡើយ។ លើស​ពី​នេះ សង្គហធម៌​ ការចេះ​ជួយ​សង្គ្រោះ អាច​ធ្វើ​ឲ្យ​មនុស្ស​​មាន​​សេចក្ដី​ថ្លៃថ្នូរ  រៀន​លះកាត់​សេចក្ដី​កំណាញ់​លោភលន់  សួនតួ​អាត្មា​និយម  ជា​ហេតុ​នាំ​ទៅ​រក​សេចក្ដី​ទុក្ខ​ទោស​អន្តរាយ​ដល់​ខ្លួន និង​សង្គម​ជាតិ  ។

ពេលខ្លះ​មាន​តែ​សញ្ញាបត្រ​មក​ពី​ក្នុង​សាលា​មិន​ទាន់​គ្រប់គ្រាន់​ទេ  សម្រាប់​បំពេញ​នូវ​អត្ថន័យ​នៃ​ជីវិត​ជា​មនុស្ស​​ល្អ ជាពលរដ្ឋ​ល្អ​រស់នៅ​ក្នុង​សង្គម​។ ដូចពាក្យ​របស់​មហាត្មៈគន្ធី  បាន​លើកឡើង​ត្រង់​ចំណុច​មួយ​នៃ​បាបធម៌​សង្គម គឺ «ចំណេះដឹងមិន​ជ្រាប​ជា​ចរិត» នោះ​មាន​ន័យ​ថា​​ ការសិក្សា​​មា​ន​តែ​ចំណេះ​ជំនាញ តែ​ប្រាសចា​ក​សីលធម៌ និង​គុណធម៌ គឺ​អាច​នឹង​ប្រើប្រាស់​ចំណេះ​នោះ​ក្នុង​ផ្លូវ​ខុស​មច្ឆា​ជីវៈ ឬ​អាច​នឹង​ឈាន​ដល់​នាំ​ទុក្ខ​ទោស​ដល់​ខ្លួន និង​សង្គម​ជាតិ​ទៀត​ផង​៕