ក្រសួងធនធានទឹក និងឧតុនិយម ​​នៅ​ថ្ងៃ​អង្គារ​នេះ​​បាន​ប្រកាស​​ឲ្យ​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្ ប្រុង​ប្រយ័ត្ន​​ពី​ការ​កើនឡើង​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ខាង​លើ​​ក្នុង​​រយៈពេល​៤​ទៅ​៦​ថ្ងៃ​ខាង​មុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ចេញ​នៅ​ថ្ងៃទី២០ ខែតុលានេះ បញ្ជាក់ថា៖ «ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ភ្ជាប់​នឹង​វិសម្ពាធ ​ដែល​បា​ន​និង​កំពុង​បន្ត​អូស​បន្លាយ​​​លើ​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ និង​តំបន់​ភាគ​ ឦសានប្រទេសកម្ពុជា។ ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​នៅ​ភាគខាង​លើ​​​បន្ត​ឡើង​ជាលំដាប់​​ក្នុង​រយៈពេល​ពី​៤ ទៅ​៦​ថ្ងៃ​ខាង​មុខ​»។​

​​សេចក្តី ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹក​អាច​ឡើង​ដល់​​កម្រិត​​កម្ពស់​៩,៥០​ម៉ែត្រ។ នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយ​ជលសាស្ត្រមេគង្គ-ក្រចេះ ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់​២០,០០​ម៉ែត្រ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយ​ជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាច​ឡើង​ដល់​កម្រិត​កម្ពស់​១៤,១០ម៉ែត្រ។

ក្រសួងបានបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ​នៅ​មាន​សភាព​ទាប​ជាង​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​នៅឡើយ។

ទោះយ៉ាង​ណាក្តី​​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​​ដដែល​​បញ្ជាក់​តាម​ន័យ​ដើម​​ថា៖ «សូម​ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សង​ខាង​ទន្លេ​ខាង​លើ សូមជ្រាបជា​ព័ត៌មាន និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វាង​នូ​វ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​​ជា​យថា​ហេតុ»។

ក្រសួង​ធនធាន​ទឹក​ក៏​បាន​បន្ថែមថា​ ​បណ្តាខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹក​ទន្លេ ត្រូវ​មាន​វិធានការ​ក្នុង​ការបើកទ្វារ​ទឹក​ដើម្បី​បញ្ចូល​ទៅ​តាម​ព្រែក បណ្តា​អាង​ទឹក​នានា និង​តំបន់​ទំនាប៕