(ភ្នំពេញ)៖ ក្រោយពី​​ជំនន់ទឹកភ្លៀង​បាន​លិ​ចលង់​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​​អស់​​មួយរយៈ​ពេ​ល​មក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ​ទឹកដែល​លិច​​នៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​រង្វង់​មូល​កួរ​ស្រូវ​ ក៏​ដូចជា​តំបន់​ជិតៗ​នោះ ចាប់​ផ្តើម​ស្រក​ចុះ​បន្តិច។ ​ប្រជាពលរដ្ឋ​​មួយចំនួន​ដែឡ​បាន​ជម្លៀល​ទៅកាន់​ទីទួល​សុវត្ថិភាព ក៏​បាន​សម្រេច​ចិត្ត​ចូល​មក​ស្នាក់​នៅ បោស​សម្អាត និង​រៀបចំ​ទុកដា​ក់​សម្ភារៈ​ដែល​ខូចខាត​​​ឡើង​​វិ​ញ។​

កំពុងបោស​ជូតសម្អាតផ្ទះ​ និង​របស់របរ​ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់​​ជន់​លិចផ្ទះ លោក រស់ សុភក្រ្ត័ អាជីវករលក់ទូរសព្ទ័ដៃ រស់នៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ និយាយ​ថា ពេល​ទឹក​បាន​ស្រក​បន្តិច​ លោក​ក៏​បាន​មក​មើល​ការខុសត្រូវ​ព្រម​ទាំង​ការ​ខូចខាត​នៅ​ផ្ទះ​វិញ​។ លោក​បន្តថា លោក​បាន​ចាកចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល​ជាង​៥​ថ្ងៃ​មក​ហើយ ហើយ​លោក​ក៏​បាន​ផ្អាក​អាជីវកម្ម​មួយរយៈ​ដែរ ដោយសារ​ទឹក​មាន​សភាព​ជន់លិច ហើយ​គួច​ខ្លាំង​នៅ​ចំណុច​មុខ​ផ្ទះរ​បស់​លោក ចាប់​តាំងពីថ្ងែទី១៣ ខែ​តុលា​មក។

អ្នកលក់ទូរស័ព្ទ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​​បន្ថែមថា ក្រោយ​ពេល​ទឹក​ស្រក​ផ្ទះ​របស់​​លោក​មាន​សភាព​ស្អុយ​ខ្លាំង ហើយ​ទូរ​ដែល​ធ្វើ​ពី​កុងផ្លា​កេ​ក៏​បៀម​ទឹក ដែល​លោក​ថា អាចហើប​ ឬខូចខាត​ទាំង​ស្រុង និង​មិនទាន់អាចចាប់ផ្តើមរកស៊ីបានភ្លាមៗ​នៅឡើយ​។

លោក​ថា៖ «​ផ្ទះដល់​ពេល​ទឹក​ចូល​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ឡើង​ស្អុយ​ដល់​ក ព្រោះ​អាហ្នឹងមិន​​មែន​ទឹកល្អ​ណា មាន​សំរាម​អណ្តែត​ផង​អី​ផង ហើយ​ទូ​ឈើ​ធ្វើ​ពី​កុងផ្លាកេ​ក៏​ជក់​ទឹក​ ថ្ងៃក្រោយ​នឹង​ហើប​ហើយ»​។

​ចំណែកអ្នកស្រី សេង វណ្ណ អ្នកលក់​គោដុត​នៅ​ម្តុំ​រង្វង់​មូល​កួរស្រូវ​ បាន​រៀបរាប់​ទាំង​កំពុង​លាង​សម្ភារៈ​លក់ដូរ​ថា អ្នកស្រី​ទើប​តែ​បាន​ចូល​មក​សម្អាត​នៅ​ថ្ងៃនេះ​ព្រោះ​ទឹក​ទើប​តែ​ស្រក​បាន​ខ្លះ​។ ​ស្រ្តី​កូន២ វ័យ​២៥​ឆ្នាំ​រូបនេះ​ បន្តថា ក្រោយ​ទឹកលិច អ្នកស្រី​បាន​ចាកចេញ​ពី​ផ្ទះតាំ​ង​ពី​ថ្ងៃទី១៣ ហើយ​បាន​ផ្អាក​មុខរបរ​លក់​គោដុត​ប្រមាណ​ជិតមួយ​សប្តាហ៍ ដោយ​មិនមាន​ចំណូលអ្វីទាំងអស់​។ អ្នកស្រី​ថា សម្ភារៈ​ដែល​ខូចខាត​មាន​ដូចជា​ទូរ​ទឹកកក​ចំនួន​២គ្រឿង ព្រមទាំង​របស់​របរ​ ចានឆ្នាំង​ដែល​ត្រូវ​ធ្វើ​អាជីវកម្ម បាន​អណ្តែត​ទៅ​តាម​ទឹកអស់​ជាច្រើន​ផង​ដែរ។

អ្នកស្រី​និយាយ​ថា៖ «​មិនដឹងបាន​លក់​ដូ​រ​ថ្ងៃ​ណា ថ្ងៃណី​ទេ ទោះបី​ទឹក​ស្រក​បាន​បន្តិច​មែន តែ​មិន​ទាន់​អាច​លក់ដូរ​បាន​នៅ​ឡើយ​ទេ ណាមួយ​របស់​របរ​ខូចខាត​ច្រើន ត្រូវ​ទិញ​ថ្មី​ទៀត ថ្ងៃហ្នឹង​គ្រាន់តែ​មក​បោស​ជូត​សិន ព្រោះខា​ន​នៅ​មួយ​អាទិត្យ​ហើយ» ។

​អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប ​បដិសេធ​មិន​ផ្តល់​សម្ភាសន៍​ដោយប្រាប់​ថា កំពុង​ជាប់​រវល់។

បើតាមការបង្ហោះផ្សាយលើទំព័រ​ហ្វេសប៊ុក​របស់​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​​ អាជ្ញាធរ​​ខណ្ឌដង្កោ​បានបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះ​ដល់ទី​តាំង​លិច​ទឹក​ដើម្បី​​ចូលរួម​​ជាមួយ​អា​ជ្ញាធរ និង​​កម្លាំង​​សមត្ថកិច្ច​​ចម្រុះ ចេញប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ជា​បន្ត ដោយជួយរៀបចំ និង​ដឹ​កជញ្ជូន​សម្ភារៈ ព្រមទាំង​ជួយ​ដុស​លាង​បោស​សម្អាត​ផ្ទះស​ម្បែង និងជូន​ពលរដ្ឋដែលត្រឡប់ចូលរស់នៅវិញជាដើម។

Newsroom Cambodia មិនអាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​​​សាលា​​រាជធានី​​ភ្នំពេញ​​បា​ន​ទេ។ ប៉ុន្តែ​លោក​បាន​​​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​​របស់​លោក​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា​​ថា មិន​​​មាន​នរណា​​ម្នាក់​បាត់​បង់​ជីវិត​ក្នុង​​​​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ​នោះទេ។

​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ចេញ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​មាន​ចំនូន​៣៤​នាក់​នៅ​ទូទាំង​ប្រទេស៕​