នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជា​ទិវា​រំឮក​ខួប​២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ដែល​កិច្ច​ព្រមព្រៀង​នេះ បាន​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ធានា​ឲ្យ​បាន​នូវ​ការបង្រួប​បង្រួម​ជាតិ​នៃ​ជម្លោះ​នយោ​បាយ​​គ្រប់​ភាគី រយៈពេល​ជិត​បី​ទសវត្សរ៍​មក​ហើយ។

ប៉ុន្តែ​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​មួយ​ចំនួន មើល​ឃើញ​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មាន​​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ បើ​ទោះ​បី​​​ជា​​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មាន​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​ក៏ដោយ។

​ជាក់ស្តែង​ទៅ​ហើយ វត្តមាន​ភាព​នៃ​ពហុ​គំនិត​មិន​ស្របគ្នា តែងតែ​លេច​ចេញ​ឡើង​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ខ្វះខាត និង​បំពេញ​គ្នា​ទៅ​វិញ​ទៅមក​  តែ​ទោះ​ជា​​​មាន​ការខ្វែង​គំនិ​ត​គ្នា​យ៉ាងណា ក៏​ត្រូវ​តែ​មាន​ការអត់ធ្មត់ និង​ព្យា​យាម ដែល​ជា​មាគ៌ា​របស់​ព្រះពុទ្ធ​យក​មក​ដោះស្រាយ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម​ មានប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន គឺ​បាន​ចម្លង​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គ្រប់គ្រាន់​ហើយ ​ប៉ុន្តែ​លោក​ថា ​អ្វី​​ដែល​​មើល​ឃើញ​ថា​បញ្ហា​​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ឯកភាព​ជាតិ ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​ 

លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ដែល​កើត​ឡើង​ក្រោយ​កិ​ច្ច​ព្រមព្រៀង​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ឯកភាព​ជាតិ និង​បង្រួប​បង្រួម​ជាតិ ប៉ុន្តែ​អ្វី​ដែល​មើល​ឃើញ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​តែ​ប្រកាស​ថា​មាន​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ អីចឹង​​ក្នុង​សង្គម​មួយ​ដែល​មាន​ជន​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ គឺមិ​នអា​ច​និយាយ​បាន​ថា ជា​រដ្ឋាភិបាល​បាន​ធ្វើ​ដោយ​ជោគជ័យ​ទៅ​លើ​ការបង្រួប​បង្រួម​ជាតិ​ទេ»។ 

លោកបន្ថែម​ថា​ អំពី​ស្មារតី​នៃ​ការដឹកនាំ​ប្រទេស​នៅ​ក្នុង​របប​ប្រជាជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​ក្រោយ​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ថា៖ «កម្ពុជា​ហាក់​ដូចជា​មាន​ភាព​ចម្រូ​ង​ចម្រាស់​ច្រើន មាន​ការរិះគន់​ច្រើន ទាំង​ក្នុ​ង​ស្រុក និង​ក្រៅស្រុក​ទៅ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​ហាក់​ដូចជា​ដើរ​ចេញ​កាន់​តែ​ឆ្ងាយ​ទៅ​រក​របប​ផ្ដាច់​ការ ហើយ​ការរំលោភ​សិទ្ធិ​មនុស្ស​ដូច​មាន​របាយ​ការណ៍​អន្តរជាតិ​ជា​ដើម»។

«ចំណែក ស្មារតី​​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព  ដោយសារ​ពេលនេះ​យើង​ឃើញ​មាន​​ការរុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មហា​អំណាច ទាក់ទិន​ទៅ​នឹង​ភូមិ​សាស្រ្ត​នយោ​បាយ​អញ្ចឹង  នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រទេស​ហត្ថលេខី​ទាំងអស់​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យភាព បូរណភាព​ទឹកដី​កម្ពុជា»។

«មួយវិញ​ទៀត ទាក់ទង​នឹង​ការរំលោភ​របស់​ប្រទេស​ជិត​ខាង​មក​លើ​ទឹកដី​កម្ពុជា ក៏​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ចេញ​ឲ្យ​ប្រទេស​ជិត​ខាង​ធ្វើ​ការ​ធានា ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ផែនទី​កំណត់​មាន​ការទទួល​ស្គាល់​ដោ​យ​អង្គការ​សហប្រជា​ជាតិ និង​មិន​អាច​ប្រទេស​ណា​រំលោភ​បាន។ តែ​ឥឡូវ​យើង​ឃើញ​ការបោះតង់​របស់​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន ក៏មិ​នទា​ន់ច្បាស់​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា នេះសុទ្ធ​តែ​ជា​មូលហេតុ​ដែល​ពលរដ្ឋ​លើក​យក​កិច្ចព្រមព្រៀង​នេះដើ​ម្បី​មក​រំឮក​ឡើង​វិញ ប្រាប់​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់»។

លោក ស្រ៊ុន ស្រ៊ន យុវជន​ម្នាក់​ដែល​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស មើល​ឃើញ​ពី​កិច្ច​ព្រមព្រៀង​នេះ​ថា​ បង្កើ​ត​ឱ្យ​បាន​នូវ​បូរណភាព​ជាតិ ឯករាជ្យភាព​ជាតិ​ទាំង​ស្រុង​ចេញ​ពី​បរទេស និង​ការបង្កើត​អធិបតេយ្យ​ភាព សន្តិសុខ​សន្តិភាព​ជាតិ​ខ្មែរ។

​«រដ្ឋាភិបាល​អនុវត្តន៍​តែ​រដ្ឋធម្មនុញ្ញ​ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទេ ដូច្នេះ​រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​សូវ​ជា​អើពើ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស​ទៅ​អនុវត្តន៍​ទេ​ ដូចជា​ការលុប​ចោល​ទៅ​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នានា​​​ មុន​២៣ តុលា ១៩៩១ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា»។ 

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា មាន​បញ្ហា​​ជា​ច្រើន​​ដែល​រដ្ឋាភិបាល​គួរ​តែពិ​ចារណាហើ​យ និ​ងពិ​និត្យ​ឡើងវិញ​នូវ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ជាពិសេស​ឆ្លើយតប​នឹង​​រដ្ឋធម្មនុញ្ញ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ប្តេជ្ញា​អនុវត្តន៍។

អ្នកស្រី​លើក​ឡើង​ថា៖ «សិទ្ធិ​មូលដ្ឋាន​សំខាន់ៗ ដូច​សេរីភាព​នៃ​ការបញ្ចេញ​មតិ ឬ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី ឬ​ចងក្រង​ជា​សមាគម​ជាដើម​ហ្នឹង គឺ​មាន​ការប្រឈម ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​លំហូរ​សង្គម​ស៊ីវិល​រង​នូវ​ការគំរាម​កំហែង​ជា​ខ្លាំង​មែន​ទែន ខណៈ​មាន​ការរំលាយ​គណបក្ស​ជំទាស់​ដ៏​សំខាន់​មួយ (នៅ​កម្ពុជា)»។

អ្នកស្រីបន្ត​ថា ការគំរាមកំហែងដល់អង្គការសង្គមស៊ីវិលមួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​​​សប្តាហ៍​ចុងក្រោយ​នេះ​ ដូចជា​​ការចាប់ខ្លួន​សកម្មជន និងយុវជន​ជាបន្ត​បន្ទាប់​ជាដើម។

«នៅ​ពេល​ដែល​យើង​និយាយ​ដល់​សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ​វិញ គឺជា​ចំណោទ​ដែល​រដ្ឋាភិបាល​កម្ពុជា​យើង​ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​ដែល​ខ្លួន​ត្រូវ​បង្ហាញ​ថា បាន​ប្តេជ្ញា​​​ទៅ​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​នេះ  ជាពិសេស​គឺ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា បើ​និយាយ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មិនមាន​ការអនុវត្ត​ទៅ​លើ​កិច្ច​ព្រមព្រៀង​នេះ​ទៀត​ទេ មាន​តែ​ការអនុវត្ត​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ ហើយ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ទៅ​លើ​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា មិន​មែន​ធ្វើ​ជាមួយ​បរទេស​ណាឡើយ។

«(កិច្ចព្រមព្រៀងនេះ) អត់មាន​លក្ខណៈ​ជា​ច្បាប់​ដើម្បី​ដាក់​ទៅ​តុលាការ​អន្តរជាតិ​ក្នុង​ការ​កាត់​ទោស​ភាគី​ណាមួយ​បាន​ឡើយ អីចឹង​ការអនុវត្ត​កិច្ច​ព្រមព្រៀង​គឺ​អនុវត្តន៍​ទៅ​លើ​រដ្ឋ​ធម្ម​នុញ្ញ»។ 

លោក​បន្ថែម​​ថា ប្រទេស​ណា​ក៏​ដោយ មិន​ដែល​មាន​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ពេញ​លេញ​ទេ គេ​មាន​តែ​កែទម្រង់ តាក់តែង​ច្បាប់​ឱ្យ​ឆ្លើយ​តប​ការយល់​ដឹង​អំពី​ច្បាប់ និង​ការអនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង សូម្បី​សហរដ្ឋ​អាមេរិក។ តែ​យ៉ាង​ណា ការពង្រឹង​នីតិរ​ដ្ឋ​ប្រឆាំង​នឹង និទណ្ឌ​ភាព ពង្រឹង​សេចក្ដី​ត្រូវការ​ទទួល​ខុសត្រូវ​ទាំង​ប្រជាពលរដ្ឋ​ទាំង​មន្ត្រី​រដ្ឋាភិបាល ទើប​ជា​ដំណោះ​ស្រាយ​ល្អ។

លោក សុខ  ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លើក​ឡើង​ថា ការអនុវត្ត​​កិច្ច​​ព្រមព្រៀង​​ទីក្រុង​​ប៉ារីស​ចាប់​តាំង​ពី​ក្រោយ​កា​របោះឆ្នោត​ឆ្នាំ១៩៩៣​​ ដែល​រៀបចំ​ដោយ​អ៊ុន​តាក់ រដ្ឋាភិបាល​អាណត្តិ​ទី១​រហូត​ដល់​នីតិកាល​ទី៦ គឺ​បាន​និង​កំពុង​អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាពនេះ​ បាន​សម្រេច​លទ្ធផល​មួយ​ចំននួ​ន​ធំ។​​

លោក​ថា៖ «មាន​ការដក​កង​ទ័ព​បរទេស​ចេញ​ពី​កម្ពុជា​ដោយមា​នកា​រត្រួត​ពិនិត្យ​ពី​អន្តរជាតិ​ដោយ​ត្រឹមត្រូវ។ រី​ឯ​ជន​ភៀស​ខ្លួន​ដែល​នៅ​លើ​ទឹក​ដី​ថៃ​ត្រូវ​បាន​ប្រមូល​យក​​មក​ទឹកដី​កម្ពុជា​​ធ្វើ​សមាហរន្តកម្ម​ក្នុង​មាតុភូមិ​កម្ពុជា ដោយ​រស់​រួម​ជាមួយ​គ្នា​ប្រក​បដោយ​សុខ​ដុម​រមនា​។ ការធានា​​ឯករាជ្យ​​ភាព អធិបតេយ្យ​ភាព​កម្ពុជា ក្រោម​កិច្ច​ព្រម​ព្រៀង​បាន​ចែង​ហើយ​ថា អត់​មាន​ការឈ្លាន​ពាន​ពី​ខាងក្រៅ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា អីចឹងរាល់ថ្ងៃនេះ​អធិបតី​ភាព និងឯករាជ្យភាព​កម្ពុជា​អត់​មាន​ប៉ះពាល់ ឬ​រង្គោះ​​រង្គើរ​ឡើយដោយ​ប្រការ​​ណា​មួយ​ទេ»។  

អ្នកនាំពាក្យគណបក្ស​កាន់​អំណាច​រូបនេះបន្ថែម​​ថា បើសិនជា​មាន​ការឈ្លាន​ពាន​ទឹកដី​កម្ពុជា​មែន សហ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​ប៉ារីស​គេ​នឹង​កោះ​ប្រជុំ​ភ្លាមៗ​ដើម្បី​រាយការណ៍​ទៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ចាត់​វិធានការ​​ ប៉ុន្តែលោក​ថា ក្នុង​រយៈ​ពេល​​២៩ឆ្នាំ​ហើយ មិនមាន​បញ្ហា​អ្វី​កើតឡើងទេ។

នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ ដែល​ជា​ខួប​២៩​ឆ្នាំ​​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​នេះ​ គេ​ឃើញ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ប្រជា​ពល​រដ្ឋ​​ប្រមាណ​​ជា​ជិត​២០នាក់​ដែល​​ព្យាយាម​​ទៅ​​ប្រមូល​ផ្តុំ​​ដាក់​​ញ​ត្តិ​​​នៅ​​ស្ថានទូត​​ចិន​ប្រចាំ​​កម្ពុជា ដោយ​បាន​​ឃាត់ខ្លួន​អ្នក​ប្រមូល​ផ្តុំ​ចំនួន៣នាក់។ ចំណែក​អ្នក​សារ​ព័ត៌​មាន​ និង​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក្នុង​ព្រឹត្តិការ​នោះ ក៏​​ត្រូវ​បាន​អាជ្ញា​ធរ​​គំរាម​កំហែង​​ដកហូត​ម៉ាស៊ីន​ថត​​ និង​ទូរស័ព្ទ​​ផង​ដែរ​៕​