ធនាគារពិភពលោក បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបចេញពីការរួញចុះ នៃសេដ្ឋកិច្ចដែលប៉ះពាល់ដោយវីរុសកូវីដ ១៩ ហើយនឹងមានកំណើនប្រមាណ ៤ភាគរយ នៅឆ្នាំក្រោយវិញ។

ធនាគារពិភពលោក​ បាន​ឱ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​របាយ​ការណ៍របស់ខ្លួនឈ្មោះថា Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បានផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៦ ខែធ្នួ ឆ្នាំ២០២០នេះ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងរួញចុះទំហំប្រមាណដក ២ភាគរយ​ក្នុង​ឆ្នាំ២០២០ នេះយោងតាមធនាគារពិភពលោក ហើយក៏បានអះអាងថាមានសញ្ញាសកម្មនៃសេដ្ឋកិច្ច​កំពុងចាប់ផ្តើមកម្រើកឡើងវិញ នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សា​សុវត្ថិភាពសង្គម។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំកម្ពុជារបស់ធនាគារពិភពលោក បានមាន​ប្រសាសន៍ថា៖ «ចក្ខុវិស័យកំណើនរបស់កម្ពុជា​នៅប្រឈម​នឹង​ភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺជា​បន្ទាន់ ​ត្រូវ​ធ្វើ​យ៉ាងណា​ស្តារ​ឡើងវិញ​នូវ​ការ​ងារ​ដែលបាត់បង់​ ឬ​ដែល​ត្រូវព្យួរ​ដោយ​សារ​តែ​​ការរាលដាលជំងឺនេះ»។

លោកស្រី​ បាន​ពោលបន្តទៀតថាឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក ​និង​ពីបរទេស​ឱ្យ​ទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​និង​ក្នុង​តំបន់ដែលត្រូវ​បាន​បង្កើតឡើងកាលពីពេលថ្មីៗនេះ។

លទ្ធភាពនេះអាចធ្វើ​ទៅរួចតាម​រយៈការ​ដាក់ចេញឱ្យ​បាន​ឆាប់រហ័សនូវច្បាប់​វិនិយោគ​មាន​ភាពប្រកួត​ប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អម​ដោយវិធានការទាំងឡាយសំដៅបង្កភាពងាយ​ស្រួលដល់ការ​ធ្វើ​អាជីវកម្ម​ ផង​ដែរ។ នេះយោងតាមលោកស្រី អ៊ីងហ្គូណា ដូប្រាចា។​

យោង​តាម​របាយ​ការណ៍​ខាងលើដដែលនេះ លំហូរនៃការវិនិយោគផ្ទាល់​ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ ​និង​ទៅ​ក្នុង​វិស័យ​កសិកម្មនៅ​តែ​បន្ត​កើនឡើង ទំនង​ជា​ដោយ​សារ​ភាពទាក់​ទាញ​របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ​ដែលកម្ពុជា​កំពុងធ្វើ​​ជាមួយ​ប្រទេស​នានា​ក្នុងតំបន់ ដូចជាកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង​កម្ពុជា និងចិនហៅកាត់ថា(RCEP) ជាដើម៕