នៅក្នុងឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី លោក កឹម សុខា អតីតប្រធានគណបក្យជំទាស់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានបួងសួងឲ្យ​មានការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស និងសុំឲ្យកម្ពុជារួចផុតពីអំពើអកុសលផ្សេងៗ រួមមានការឈឺចាប់ ភាពអវិជ្ជមាន ភាពអយុត្តិធម៌ និងសេចក្ដីទុក្ខទាំងឡាយ។

តាមរយៈហ្វេសប៊ុក លោកកឹម សុខា​ អតីតប្រធានគណបក្សសង្រ្គោះជាតិ បានសរសេរដូច្នេះថា «សូមឲ្យឆ្នាំថ្មី២០២១នេះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ ដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរ​យើង ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូររុងរឿង និងដើម្បីរួមគ្នាបម្រើ​ ការពារ ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ មាតុភូមិកម្ពុជាប្រកបដោយចីរភាព និងកិត្តិយស»។

បានបានបន្តថា «សូមឲ្យឆ្នាំចាស់ពីរពាន់ម្ភៃ (២០២០) ដែលត្រូវបញ្ចប់ថ្ងៃនេះ នាំយកទៅឲ្យផុតរលត់ពីភពផែនដី ជាពិសេស​ ពីមាតុភូមិកម្ពុជា​ នូវគ្រោះភ័យ ជំងឺរាតត្បាត អំពើអកុសល ដែលបណ្តាលឲ្យមានការឈឺចាប់ ភាពអវិជ្ជមាន ភាពអយុត្តិធម៌ ជាសេចក្តីទុក្ខទាំងឡាយ ទោះបីបង្កដោយធម្មជាតិក្តី​ ឬដោយមនុស្សលោកក្តី កុំឲ្យកើតមាននិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតទៅទៀត»។

លោកកឹម សុខា ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៧ ហើយគណបក្សរបស់លោកត្រូវបានតុលាការកំពូលរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សកាន់អំណាចឈ្នះគ្រប់អាសនៈនៅក្នុងសភា។

លោក​​ កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទ​ «ក្បត់ជាតិ» ជាបទចោទដែលលោកបានបដិសេដចោល។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រាប់ Newsroom Cambodia តាមរយៈប្រព័ន្ធទូរស័ព្ទថា នេះគ្រាន់តែជាយោបល់ និងការគិតឃើញរបស់លោកកឹម សុខាទេ ក៏ប៉ុន្តែ «ចំពោះករណីគាត់វាកំពុងតែស្ថិតក្នុងនីតិវិធីរបស់តុលាការ មិនអាចទៅបន់ស្រង់ ឬមួយមិនអាចជូនពរចូលឆ្នាំថ្មី វារួចខ្លួនទេ»។