សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ស្តីពី​ផល​លំបាក​របស់​​កម្មករក្នុងវិស័យសេវាកម្មកម្សាន្ត​ដែលកំពុង​​រង​គ្រោះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដើម្បី​​ជាយុទ្ធនាការស្នើទៅ​រដ្ឋាភិបាល​ឲ្យ​យកចិត្ត​ទុក​ដាក់ និង​ផ្តល់​ការគាំពារ​ដល់​កម្មករ​ក្នុង​វិស័យ​នេះ​។​

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​១៤​នាទី​មាន​ចំណង​ជ់ង​ថា «គ្មាននរណា​​​ម្នាក់ត្រូវ​បាន​ទុក​ឲ្យ​នៅ​ឯកោ» ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធ​សហ​ជីព​​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​កម្ពុជា​នៅថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០២០។ វីដេអូ​នោះ​បាន​បង្ហាញ​អំពី​ការ​លើកឡើង​របស់​កម្មករ​​ក្នុង​​វិស័យ​​សេវា​កំសាន្ត ដែល​​មាន​ដូចជា កម្មករម៉ាស្សា កម្មករ​ខារ៉ា​អូខេ កម្មករក្លឹបកម្សាន្ត និង​ភោជនីយដ្ឋាន ពី​​ផល​លំបាក​របស់​ពួកគេ បន្ទាប់​ពី​ត្រូវ​បាត់​បង់​ការងារ​​​ក្នុង​អំឡុង​ការ​រីលរាលដាល​ជំងឺ​កូវីដ​១៩។​

​ក្នុង​វីដេអូ​នោះ​​បាន​បញ្ជាក់ថា កន្លែងធ្វើការរបស់ពួកគាត់ត្រូវបានផ្អាក និងបិទទាំងស្រុង តែ​មិន​មាន​ការផ្តល់​សំណង ឬការឧបត្ថម្ភណាមួយដល់ពួកគេ​ដែល​ជាកម្មករឡើយ ហើយ​ពួកគេ​ត្រូវ​បាន​​​ផាត់ចេញពីគោលនយោបាយជាតិ និងការ​ប្រកាស​របស់​​រដ្ឋា​ភិ​បាល​លើ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់កម្មករក្នុងវិស័យផ្សេងទៀត (កម្មកររោងចក្រ) ចំនួន​៤០ដុល្លារ។ វីដេអូ​ដដែល​ក៏​បាន​បង្ហាញ​ថា ពួកគេ​ក៏ត្រូវបាន​អាជ្ញាធរផាត់ចេញពីគោលនយោបាយផ្តល់បណ្ណក្រីក្រ ឬបណ្ណ​សមធម៌ ដែល​អាច​ទទួលបានការគាំពារពីរដ្ឋា​ភិបាលផងដែរ ចំណែក​បេឡាជាតិរបបសន្តិសុខសង្គម (បសស) ក៏បា​ន​ផ្អាកមិនឲ្យពួកគេ​ដែលមានបណ្ណសមាជិក បសស អាច​ប្រើប្រាស់​សេវា​ថែរទាំ​សុខភាព និង​ព្យា​បាលជំងឺបានឡើយក្នុងអំឡុងពេលនេះ។

ក្នុងវីដេអូដែលផលិតដោយ​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី ភឿម យី ជា​បុគ្គលិកហាងម៉ាស្សា អាឡាស្តា ក្រុងសៀមរាបបានរៀបរាប់ថា​​ ក្រោយពី​អ្នកស្រី​ផ្អាក​ពី​ការងា​​​​រគឺ​មិន​មានការងារថ្មីនោះទេ ដោយសារគេមិនទទួល។ អ្នកស្រី បន្តថា សព្វថ្ងៃ​អ្នកស្រី​ដើរ​ជីក​ដំឡូង​បាន​កម្រៃ​៥០០០​រៀល ជួនកាលស៊ី​ស្នួល​ច្រូតស្រូវឲ្យគេ។

អ្នកស្រីរៀបរាប់​ក្នុង​វីដេអូ​នោះ​ថា៖ «​ខ្ញុំខ្វះខាតច្រើន ខ្ញុំរកអត់បានបង់ធនាគារ គ្រួសារខ្ញុំយ៉ាប់ និយាយ​ទៅ​ខ្វះខាតច្រើន អត់មានស្អីហូបចុក ធនាគារក៏គេរករឹបអូសយកផ្ទះម្តាយ»។

អ្នកស្រី ហ៊ីង រតនៈ ជាបុគ្គលិកភោជនីយដ្ឋាន ត្រជាក់ចិត្តថ្មី នៅក្រុងតាខ្មៅ បាន​និយាយ​ក្នុង​​វីដេអូ​ដដែលដែរ​ថា អ្នកស្រី​ជួបទុក្ខលំបាកជាច្រើននៅក្នុងអំឡុងពេលជួបវិបត្តិកូវីដ១៩ គឺ​មិនមាន​ការ​ងារ​ធ្វើ ជីវភាពមានភាពអន់ថយ ព្រមទាំង​ប្រឈម​មុខ​នឹង​បំណុល​ធនាគារ​ដោយសារ​ខ្ចី​លុយ​​​​មក​ធ្វើ​ផ្ទះ។

អ្នកស្រីបាននិយាយដូច្នេះថា៖ «​តាំងពីកើតកូវីដហ្នឹងមក វាមានផលលំបាកច្រើន ទី១ អត់​ការងារ​ធ្វើ ទី២ ជីវភាព​យើងវា​អត់ធូរធារដូចមុន ណាមួយយើងចំណាយច្រើននៅក្នុងបន្ទុកទៀត។ ណា​មួយ​ខ្ញុំប្រឈមមុខនឹងបំណុល​ធនាគារទៀត​ដែលខ្ចីលុយគេយកមកធ្វើផ្ទះ ហើយ​ធនាគារ​គេ​អត់​មាន​ពន្យារ​ពេល​យើង​រឿង​បង់​ហ្នឹងទេ»​។

អ្នកស្រីស្នើដល់រាជរដ្ឋាភិបាលផ្តល់ការអនុគ្រោះ និងជំនួយខ្លះៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។   អ្នកស្រីថា៖ «​ពួកខ្ញុំ​អត់​ចង់​បាន​ជា​ថវិកា​អ្វី​ទេ សំខាន់​គឺ​ចង់​បាន​អ្វី​ដែល​ជា​ការហូប​ចុក​របស់​យើង​​ប្រចាំថ្ងៃ»។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធ​សហជីពកម្មករចំណីអាហារ និង​សេវាកម្ម​កម្ពុជា​បាន​ថ្លែង​ក្នុង​វីដេអូ​នោះ​ថា អ្នកស្រី​ទទួល​ស្គាល់​អំពី​ការយក​ចិត្តទុក​ដាក់​រប​ស់​រាជរដ្ឋាភិបាល​ទៅ​លើ​អ្នក​ដែល​ធ្វើការ​​ក្នុង​វិស័យកាត់ដេរ និង​វិស័យ​​​ទេសចរណ៍​ជាដើម ប៉ុន្តែ​អ្នកស្រី​ថា​ រដ្ឋាភិបាល​ក៏​ឡួរ​យក​ចិត្ត​ទុក​ដាក់​​អ្នក​​ធ្វើការ​នៅ​​វិស័យផ្សេង​ទៀត ​​ដូចជា​ផ្នែក​សេវាកម្ម​ដែលកំពុង​ជួប​ការលំបាក ផង​​​ដែរ។     

អ្នកស្រីរៀបរាប់ដូច្នេះថា៖ «សម្រាប់​កម្មកររងគ្រោះ​ជាច្រើន​ទៀត​ក្នុងវិ​ស័យផ្សេ​ង​ដែ​ល​រាជរដ្ឋា​ភិ​បាល​គួរ​យកចិត្តទុកដាក់ ជាពិសេសវិស័យសេវាកម្មកម្សាន្ត ចឹង​សុំឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ពិចារណា​គិតគូរ​ក្នុង​ការដាក់​​បញ្ចូល​ពួកគាត់​ទទួលបានទឹកប្រាក់​ឧបត្ថម្ភ៤០​ដុល្លារ​ រួមទាំង​ការ​ថែរ​ទាំ​​ផ្នែក​សុខភាព »។

ចំណែក​​អ្នកស្រី ចក់ សុភាព ជានាយិកាប្រតិបតិបត្តិនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បាន​លើកឡើង​ក្នុង​វីដេអូ​នោះ ​ពី​ការយក​ចិត្ត​ទុកដាក់ និង​​ការប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩ ពីសំណាក់​ក្រសួង​សុខា​ភិបាល និងវិធានការពី​សំណាក់​រាជរដ្ឋាភិបាល​ឆ្លើយ​តបនឹ​ង​វិស័យ​ទេស​ចរណ៍ វិស័យ​កាត់ដេរ​ជាដើម។ អ្នកស្រី​ក៏​បានលើកឡើង​ថា សម្រាប់​​ កម្មករ ឬ​ពលរដ្ឋ​ក្នុង​វិស័យ​ផ្សេង​ទៀត​នៅ​តែ​ពុំទាន់​ទទួល​បាន​ការគាំពារ​ពេញលេញ ឬ​ពុំ​ទាន់​ទទួល​បាន​សោះទោះ​ជា​មា​ន​ការខិតខំប្រឹងពីសំណាក់រាជរដ្ឋាភិបាលក៏ដោយជាពិសេសអ្នកធ្វើការផ្នែកសេវាកម្ម។

អ្នកស្រីលើកឡើងក្នុងវីដេអូថា៖ «ទោះបីជាមានការប្រឹងប្រែងបែបនេះក៏ដោយ យើង​ឃើញ​ថា​វា​មាន​កម្មករ ឬ​ពលរដ្ឋ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ការគាំពារ​ពេញ ឬ​ក៏មិនទាន់បានទទួលសោះក្នុង​​ហ្នឹងយើងឃើញថាដូចជាកម្មករនៅក្នុងវិស័យសេវាកម្ម កម្សាន្ត​អីហ្នឹង​»។

Newsroom Cambodia បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នក​នាំ​ពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន​ដង​ ប៉ុន្តែ​​លោក​មិន​​ឆ្លើយតប។

ស្ទើរ​តែ​រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​រីក​​រាលដាល​ជំងឺ​កូវីដ​១៩ កម្ពុជា​ត្រូវ​រង​ផល​ប៉ះពាល់​ស្ទើគ្រប់​វ័យ ជាពិសេស​​វិស័យ​ទេសចរណ៍ ​កាត់​ដេរ និង​សេវាកម្ម​។ រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​​កម្មករ​វិស័យ​កាត់​ដេរ​ម្នាក់ៗ​៤០​ដុល្លារ​ក្នុង​មួយ​ខែ និង​មានការ​​ផ្តល់​បណ្ណ​សមធម៌​ជន​ក្រី​ក្រ​​ក្នុង​អំឡុង​ពេល​នេះ​ផង​ដែរ។​

កាលពី​ពីរ​សប្តាហ៍​មុន លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​បណ្ណ​សមធម៌​ ឬ​បណ្ណ​ក្រីក្រ ​​មាន​រហូត​ទៅ​ដល់ប្រមាណ​៧០​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស ហើយ​ថា ​​​ក្នុង​មួយៗ​ខែ រដ្ឋាភិបាល​បាន​ចំណា​យ​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ៕​