ពលរដ្ឋមួយចំនួន ដែលត្រូវបានសម្ភាសន៍ដោយ Newsroom Cambodia បាននិយាយថាពួកគេមានការស្រងាកចិត្តដោយសារការផ្លាស់ទីលំនៅរបស់សត្វស្វាចេញពីតំបន់ប្រាសាទអង្គរវត្ត ដោយនិយាយថាវាជាផ្នែកមួយនៃធម្មជាតិដែលមនុស្សរស់នៅជាមួយសត្វស្វា ហើយអាជ្ញាធរគួរតែមានដំណោះស្រាយល្អជាងនេះ។

ស្វាដែលនៅជុំវិញប្រាសាទអង្គរ ក្នុងខេត្តសៀមរាប ត្រូវបានជាបញ្ហាក្នុងការជជែកដេញដោយយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៏នេះ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានសម្រេចយកស្វាកាចចេញពីតំបន់ប្រាសាទ ដោយយល់ឃើញថាសត្វស្វាទាំងនោះ  បានដណ្តើមចំណី និងបានបង្កហានិភ័យជាច្រើន ក៏ដូចជាធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិភ្ញៀវទេសចរផងដែរ។

ខាងក្រោមនេះគឺជាការលើកទ្បើងរបស់ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញដែលបានធ្វើកិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia។

កញ្ញាចាប ចាន់ធា

កញ្ញាចាប ចាន់ធា អាយុ២៨ឆ្នាំ បានឱ្យដឹងថា ស្វាជាសត្វស្លូតក្នុងចំណោមសត្វ ដែលអាចរស់នៅចុះសម្រុងជាមួយមនុស្សបាន ហើយធម្មតាប្រាសាទមានលក្ខណៈធម្មជាតិ ដូច្នេះធម្មជាតិត្រូវការមានសត្វអមមកជាមួយដើម្បីជួយលំអង។ ស្វាមិនអាចទៅប៉ះពាល់មនុស្សខ្លាំងណាស់ណាទេ បើសិនជាមុនុស្សមិនទៅធ្វើអីពួកវាមុន។

កញ្ញាបាននិយាយថា «សត្វអ្វីក៏ដោយ ក៏វាមានភាពកាចសាហាវ ធម្មតាទោះបីខ្ងុំស្រទ្បាញ់ឆ្កែ ក៏មានសត្វឆ្កែមួយចំនួនកាចដែរ។ ចំណែកស្វា ក៏ដូចតែគ្នា បើនិយាយទៅ យើងប្រៀបធៀបជាមួយមនុស្ស មនុស្សយើងមានសម្បញ្ញៈ តែចំពោះសត្វស្វាវិញ គឺមិនសូវមានទេ ពេលខ្លះវាអាចជ្រុលជ្រួសខាំយើង ប៉ុន្តែវាមិនអាចបណ្តាលឲ្យយើងស្លាប់ទេ»។

កញ្ញាបានញ្ជាក់ទៀតថា ពេលខ្លះមនុស្សមិនគួរមើលឃើញតែមួយជ្រុង វាយតម្លៃស្វាទាំងអស់ទេ យើងមើលទៅ តើស្វាណាកាច យើងចាប់វា ឬក៏បង្រៀនវាទៅ ព្រោះអីសត្វនឹង អាចបង្រៀនវាបាន  មិនមែនសត្វស្វាមកបំផ្លាញប្រាសាទទេ មកពីប្រសាទកសាងយូរ វាមានភាពបាក់បែកខ្លះ។

កញ្ញាចាប ចាន់ធាបានបន្តថាបើយើងឲ្យចំណីស្វាគ្រប់គ្រាន់ វាមិនមកកញ្ឆក់ឥវ៉ាន់យើងទេ ហើយទុកវាឱ្យនៅដូចជួយលំអងប្រាសាទ និងជួយទាក់ទាញទេសចរម្យ៉ាងដែរ។

កុមារាអ៊ុន សិរីវណ្ណណុប (កណ្តាល)

កុមារាអ៊ុន សិរីវណ្ណណុប អាយុ១៥ឆ្នាំ បានឲ្យដឹងថា សត្វស្វានៅតាមប្រាសាទមើលទៅគួរឲ្យស្រលាញ់ និងគួរឱ្យចាប់អារម្មណ៍ ដល់ភ្ញៀវបរទេសពេលបានឃើញស្វានៅតាមប្រាសាទធ្វើឲ្យគេចង់មកទស្សនាទៀត។ 

អ៊ុន សិរីវណ្ណណុប បាននិយាយថា ស្វាធ្លាប់រកខាំពីមុនដែរ ក៏ប៉ុន្តែមិនចង់ឱ្យយកស្វាចេញពីប្រាសាទទេ​ ព្រោះចំនួនសត្វស្វាវាមានតិច ភ្ញៀវទេសចរណ៍ខ្លះគេចង់មកមើល ឬថតស្វាផងដែរ។

ព្រះនាម ថៈរៈមុន្នី គីមសាង

ព្រះនាម ថៈរៈមុន្នី គីមសាង ព្រះជន្ម២៧ឆ្នាំ សព្វថ្ងៃរៀននៅពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ផ្នែកបរិស្ថានវិទ្យាបានប្រាប់ឲ្យដឹងថា ស្វាជាសត្វដ៍ល្អ និងឆ្លាតមួយ សម្រាប់ការទាក់ទាញភ្ញៀវទេសចរមកទស្សនា ជួយជម្រុញវិស័យទេសចរណ៍ ផ្តល់ចំណូលដល់អាជ្ញាធរ និងប្រជាពលរដ្ឋផងដែរ។

ព្រះនាម ថៈរៈមុន្នី គីមសាងបានបន្តថាការយកសត្វស្វាចេញពីប្រាសាទបាយ័ន្ត​មិនមែនជាដំណោះស្រាយល្អទេ អាជ្ញាធរត្រូវមានវិធីសាស្ត្រល្អជាងនេះ  ដូចជានៅប្រទេសថៃ គេមានសត្វស្វាច្រើន ហេតុអ្វីគេក៏មិនយកវាចេញ។ សត្វស្វាមានសារធាតុពីធម្មជាតិមួយ គឺមានភាពរពិលរប៉ូច សម្បីតែចរិកមនុស្ស មនុស្សខ្លះកើតមកមានចរិកឈ្លើយ ចរិករពិលរប៉ូចដែរ យើងមិនអាចទៅកែប្រែចរិកមនុស្សបានទេ ប៉ុន្តែយើងអាចបង្រៀនបាន ស្វាក៏ដូចគ្នា។

«សត្វស្វា វាជាសត្វមួយដែលមានសញ្ញា ក៏ដូចវិញ្ញាណអត់ដូចមនុស្សទេ ធម្មតារបស់មនុស្សយើងវាមានធម្មវិញ្ញាណនៃការគិត រកភាពខុសត្រូវ ប៉ុន្តែសត្វស្វាវាអត់មានធម្មសញ្ញានៃការគិតទេ»។

លោកបានបន្ថែមថា «គំនិតរបស់អាត្មាផ្ទាល់​ បរទេស ពួកគាត់ចូលចិត្តរបស់អ្វីដែលធម្មជាតិ ចូលចិត្តសត្វច្រើនជាងខ្មែរយើង បរទេសគេចូលចិត្តថែរក្សាសត្វច្រើន ហើយខ្មែរយើងគាត់មិនថែរក្សាទេ គាត់ចូលចិត្តបាញ់សម្លាប់យកសត្វហូប ហើយជួនកាលយកសត្វហ្នឹងទៅលក់ទៅឱ្យបរទេសជាច្រើន»។

លោកបងបញ្ជាក់ថា «ការយកសត្វស្វាចេញពីប្រាសាទបាយ័ន្តគឺអាជ្ញាធរមិនចេះដោះស្រាយបញ្ហា ដោយសារអ្វីរឿងតូចមួយទេ  បើសិនជាសត្វស្វាកាច យើងអាចយកវាទៅបង្រៀន រកវិធីសាស្ត្រមួយដើម្បីកែស្វាហ្នឹងទៅ ឧទាហរណ៍ការយកសត្វស្វាចេញទៅកន្លែងផ្សេងទៀត អាចមាន ជនដែលនៅខាងក្រៅដូចជាសហគមន៍ផ្សេងៗ ឬមានជនខិលខូចគាត់នឹងបាញ់សម្លាប់សត្វយកទៅហូប»។

កញ្ញា រ៉ង រក្សា

កញ្ញា រ៉ង រក្សា អាយុ ១៨ឆ្នាំ បានប្រាប់ថា កញ្ញាចង់ឲ្យទុកស្វាទាំងនេះនៅតាមប្រាសាទ ព្រោះបើយើងថែរក្សាបានល្អ បរទេសនឹងកោតសរសើរថាយើងថែរក្សាមើលថែវាបានល្អ ហើយគួរតែរកមធ្យោបាយផ្សេងក្រៅពីការចាប់ចេញពីប្រាសាទ បើសិនជាវាពិតជាខាំភ្ញៀវមែន។

«ខ្ញុំគិតថាដល់ពេលជនជាតិ ឬជនបរទេសមកមើលអីចឹង មានលក្ខណៈសរសើរប្រទេសយើង ថារក្សាសត្វបានល្អ ចេះស្រលាញ់សត្វ និង​ស្រលាញ់ប្រទេសជាតិចឹង»។

កញ្ញាបានបន្ថែមថា​ «ខ្ញុំគ្រាន់តែចង់សំណូមពរទៅអាជ្ញាធរឱ្យរក្សាសត្វនៅហ្នឹង ទោះបីជាវាខាំ​ ឬយ៉ាងម៉េចក៏ដោយ គ្រាន់តែចង់ឱ្យរក្សាសត្វទុកនៅហ្នឹង ពេលភ្ញៀវទេសចរណ៍គេមកចឹងទៅ គេអាចសរសើរប្រទេសកម្ពុជាដែលរក្សាសត្វទុកបានល្អ​ ទោះបីវាខាំចឹង យើងអាចរកវិធីផ្សេងបាន»។