សាលាដំបូងខេត្តកំពតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមថានឹងសម្រេចបន្ត​ស្រាវជ្រា​វ​ឡើងវិញលើ​ករណីបាក់រលំអគារកម្ពស់៧​ជាន់មួយនៅខេត្តកែបកាលពីឆ្នាំមុន ដែលបណ្តាល​ឲ្យមានអ្នកស្លាប់​ចំនួន៣៦​នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលជនរងគ្រោះនៅតែបន្តរង់ចាំទទួលយុត្តិធម៌នៅឡើយ។

លោក សួ ឆ្លូញ អនុប្រធានទី១ នៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា តុលាការបានប្រកាសឲ្យស៊ើបឡើងវិញ ហើយលោក​ថា ករណីនេះហាក់​ដូចជាមានភាព​បិទបាំង ឬក៏អាថ៌កំបាំងអ្វីនៅពីក្រោយ។

លោកបាននិយាយថា៖ «សម្រាប់សាលក្រមពីព្រឹកមិញហ្នឹង យើងមើលឃើញថាមិនទាន់មានការសើរើសាវនាការបែបឲ្យមាន​ជា​លក្ខណៈទូលំទូលាយនៅឡើយទេ យើងមើលទៅហាក់ដូចជារាងមានភាពបិទបាំង ឬក៏អាថ៌កំបាំងអីពីក្រោយ​ យើង​មិន​ដឹងទេ»។

«សម្រាប់សាលក្រមនេះ អ្វីដែលតុលាការប្រកាសនេះគឺដូចឲ្យស្រាវជ្រាវទៅលើករណីហ្នឹងឡើងវិញចឹង ចឹងយើងមើលឃើញថា វារយៈពេលមួយឆ្នាំហើយ ចឹងវាអាចទៅជាការអូសបន្លាយពេលវេលាទៅមុខទៀត»។

គួររំលឹកថា ជនសង្ស័យពីរនាក់ ជាប្តី និងប្រពន្ធ ហើយក៏ជាម្ចាស់អគារផងដែរនោះ គឺលោកឯក សារុន និង​លោកស្រី ឈីវ សុធី ត្រូវបានចោទប្រកាន់ដោយតុលាការកាលពីឆ្នាំមុន ពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាម ក៏ប៉ុន្តែពួកគាត់ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នតាំងពីពេលនោះផងដែរ។

លោក សួ ឆ្លូញ បាននិយាយបន្តថា ខាងលោកនឹងនៅតែបន្តការតាមដានករណីនេះ ការរៀបចំឯកសារ លិខិតពាក់ព័ន្ធនានាដើម្បីដាក់ទៅស្វែង​រកការគាំទ្របន្ថែម និងស្នើទៅតុលាការធ្វើយ៉ាងណាពន្លឿននូវករណីបាក់រលំអគារនៅខេត្តកែបនេះ។

Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ម៉ាន់ បូរ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានទេដោយសារហៅទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។

លោក អ៊ុង អឿន ជាប្តីរបស់ជនរងគ្រោះឈ្មោះ ជ័យ ភន ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រលំអគារ បានប្រាប់ Newsroom Cambodia ថា ករណីនេះកើតឡើងអស់រយៈពេលជាយូរហើយ តុលាការគួរតែពន្លឿននៅកាត់ក្តី  ដើម្បី​រក​យុត្តិធម៌។

លោកលើកឡើង​ដូច្នេះថា៖ «រឿងហ្នឹងវាយូរដែរហើយ ប្រហែលមួយឆ្នាំហើយ ធ្វើម៉េចតុលាការឲ្យរហ័សឆាប់បន្តិចទៅ រយៈពេលមួយឆ្នាំដែរ រង់ចាំយូរហើយ»។

លោកបាននិយាយបន្តអំពីសុខភាពលោកថា៖ «ពិបាក ព្រោះអីខ្ញុំទៅព្យាបាលនៅវៀតណាម ៤-៥-៦ ដងដែរ ឥឡូវនៅ​ឈឺ​ក្បាលខ្ទោកៗ។ មិនទាន់មានការងារផង រង់ចាំតុលាការកោះហៅ ចាំមួយខែទៅមួយខែស្ងាត់ឈឹង»។

លោកបានសំណូមពរថា៖ «ខ្ញុំចង់សំណូមពរឲ្យតុលាការដោះស្រាយរឿងឲ្យបានឆាប់ពីព្រោះអីរយៈពេលយូរដែរហើយ»។

លោក យន់ ផល្លី អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត និងកែប  បានប្រាប់ថាបើតុលាការ​​​​ នៅចន្លោះខ្វះខាតភ័ស្តុតាង ឬឯកសារបន្ថែម តុលាការនៅតែអាចធ្វើការស្រាវជ្រាវបន្ថែម។

លោកលើកឡើងដូច្នេះថា៖ «បើតុលាការនៅមានខ្វះចន្លោះនៃឯកសារ ឬក៏ភ័ស្តុតាងណាផ្សេងៗចឹងទៅ​ តុលាការនៅ អាចធ្វើការស្រាវជ្រាវបន្តដើម្បីគម្រប់នីតិវិធី»។

លោកបន្តថា៖ «​បើសិនជាតុលាការមានអនុសាសន៍ ឬប្រសាសន៍ចឹង បានន័យថាគាត់នឹងធ្វើការស្រាវជ្រាវបន្តដើម្បីបន្ថែមលើសំណុំរឿងហ្នឹង»៕