ក្រសួងសុខាភិបាលកម្ពុជា​​បាន​ប្រកាស​​ថ្ងៃ​ចន្ទ​នេះ​ថា ​​គិតត្រឹមថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា​រក​ឃើញ​​មាន​ករណីជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩​ចំនួន​១នាក់ និង​មិនមាន​​អ្នក​ឆ្លង​ថ្មី ព្រម​ទាំង​​បាន​រក​ឃើញ​បុរស​​ខ្មែរ-​អាមេរិកាំងម្នាក់​ដែល​បាន​រត់​គេច​ពីកន្លែង​ធ្វើ​ចត្តាឡីស័ក​មក​វិញ​។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១ នេះ​បញ្ជាក់​​​ថា ស្រ្តីជាជនជាតិខ្មែរ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី០៨ ខែ​មករា ឆ្នាំ២០២១ ត្រូវ​បាន​​ព្យាបាលជាសះស្បើយ ដោយ​ទទួល​បាន​លទ្ធ​ផល​តេស្ដ​អវិជ្ជមាន​​​ជំងឺ​កូវីដ​១៩ ចំនួន​០២លើក។ សេចក្តី​ប្រកាស​ដដែល​បន្ថែម​ថា ក្រោយ​ការ​ព្យាបាល​ជាសះ​ស្បើយ​ ស្រ្តី​រូបនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីពេទ្យ​បង្អែក​ខេត្ត​បន្ទាយ​មានជ័យ នៅថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២១​។

ចំំណែក​កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បាន​រត់​ចេញ​ពី​ទីតាំង​ធ្វើចត្តាឡីស័ក នៅ​សណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើ​តាមការ​ផ្សាយ​របស់​ទូរទស្សន៍ជាតិ​ទទក នៅ​ថ្ងៃ​ទី​១៧​ ខែ​មករា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា អាជ្ញាធរ​បាន​រក​ឃើញ​បុរស​ដែល​រួច​រត់ពីចត្តាឡីស័កនោះ​មក​វិញ​នៅរសៀល​​​ថ្ងៃ​ទី​១៧ ខែ​មករា នៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយ​រក​ឃើញ មន្ត្រីជំនាញសុខាភិបាល បាន​បញ្ជូន​បុរស​នោះ​ទៅ​មណ្ឌល​ចត្តា​ឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ និង​យកសំណាកបុរសនេះទៅពិនិត្យភ្លាមៗ ហើយបន្តដាក់ឲ្យធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩  សរុប​ចំនួន​៤៣៩​នាក់ ក្នុង​នោះអ្ន​កព្យាបាលជាសះស្បើយចំនួន៣៨៦ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៣​នាក់៕​