លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ​ដែល​ប្រកាស​គម្រោង​ធ្វើ​មាតុ​ភូមិ​និវត្ត​មក​កាន់​កម្ពុជា​​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ត្រូវ​បាន​បរាជ័យ​ ​ដោយ​សារ​​ក្រុម​ហ៊ុន​យន្តហោះ Singapore Airlines ពី​សហរដ្ឋ​អាមេរិក​​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​​ឡើង​យន្ត​ហោះ ដោយ​ហេតុ​​ថា លោកស្រីមិនមានទិដ្ឋាការ ឬវីសា (VISA)។ នេះបើយោងតាមការសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក​របស់លោក សម រង្សី។

លោក សម រង្សី មេដឹកនាំ​គណបកក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯបរទេស ​បាន​សរសេរ​នៅ​លើទំ​ព័រ​ហ្វេស​ប៊ុក​របស់លោកកាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២១នេះថា លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានគេអនុញ្ញាតឲ្យឡើងយន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Singapore Airlines ដែល​ស្ថិត​ក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក ឆ្ពោះទៅ​ប្រទេស​កម្ពុជា​ ឆ្លងកាត់ប្រទេសសឹង្ហបុរីនោះទេ ។ លោក​ សម រង្ស៊ី ​បន្ថែម​ថា ការ​មិនអនុញ្ញាត​ឲ្យ​​លោក​​ស្រី​ឡើង​យន្ត​ហោះ​កាល​ពី​ថ្ងៃទី​១៦ ខែ មករា​​នេះ ​គឺ​ដោយសារ​​លោកស្រី​មិនមាន​ទិដ្ឋាការ​ដើម្បី​ចូល​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ការវិល​ត្រឡប់​នេះជា​ផែនការ​បោក​បញ្ឆោត​អ្នក​គាំទ្រ​ដើម្បី​ប្រមូល​លុយតែប៉ុណ្ណោះ។

អ្នកនាំពាក្យរួបនេះបញ្ជាក់ថា៖ «អារឿងវាចង់មកមិនមក វារឿងផ្ទាល់ខ្លួនរបស់គេ វាជា​ទិសដៅក្នុ​ង​ការ​សម្ដែង​ឆាក ដើម្បី​ឱ្យ​គេចាប់អារម្មណ៍ក្នុងការធ្វើនយោបាយបន្តទៅមុខទៀត»។

លោកបន្ថែមថា៖ «ដូច្នេះវាមិនមែនតែត្រឹមតែប៉ុណ្ណឹងទេ គាត់​ប្រមូល​លុយ​ប្រមូល​កាក់​ដើម្បី​មក​ធ្វើ​ការ​ត​ទល់ ការត​ទល់​របស់​គាត់​ទីមួយ​ហ្នឹង គេ​មកធ្វើរដ្ឋប្រហារតែគាត់បរាជ័យក៏គាត់បកទៅវិញ ហើយ​ឥឡូវ​គាត់​ថា​មក​បង្ហាញ​ជូន​តុលាការ។ ជារឿងគាត់មកយ៉ាង​ម៉េចៗ​ជារឿងរបស់គាត់តើ គាត់មានមេធាវីរបស់គាត់តើ មកសួរខ្ញុំ ខ្ញុំម៉េចដឹង ខ្ញុំមិនដែល​ចាប់អារម្មណ៍ពួកគាត់ផងហ្នឹង»។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​​សារ​បង្ហោះ​លើ​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​បែប​ឌឺដង​ពាក់ព័ន្ធ​នឹង​ការធ្វើមាតុភូមិនិវត្តរបស់លោ​កស្រី មួរ សុខហួរ ថា៖ «តើទូតអាចចេញទិដ្ឋាការ ឬ​​លិខិតឆ្លងដែនជូនទណ្ឌិត ជនល្មើស ឬជនដែលមានដីការបង្គាប់ឱ្យចាប់ខ្លួនបានដែរឬទេ? តើ​ទូត​មាន​ភារកិច្ច​ត្រូវ​ធ្វើអ្វីខ្លះចំពោះជនទាំងនេះ?» ។

អ្នកនាំពាក្យរូបនេះបានសរសេរបន្តថា ពួកគេដឹងមុនយ៉ាងច្បាស់ហើយថា គ្មានទិដ្ឋាការ គេ​មិន​ឱ្យ​ឡើង​យន្តហោះ​ទេ តើនៅខំប្រឹងមកធ្វើអ្វីទៀត? លោក​បន្ថែម​ថា​ ការវិលត្រឡប់​របស់អនុប្រធាន​​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នេះគឺ​ក្នុងគោលដៅដើម្បីប្រមូលលុយអ្នកគាំទ្រ​ក្នុងការធ្វើដំណើរមកស្រុកខ្មែរ ប៉ុន្តែ​បាន​ត្រឹម​តែ​នៅ​អាមេរិក។

លោក​​ស្រី មូរ សុខហួរ បានបង្ហោះ​សារ​លើ​ទំព័រហ្វេសប៊ុក​របស់លោកស្រីកាលពីថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១​​ថា លោក​ស្រី​​ត្រឡប់​​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២១​នេះ​ ក្នុងគោលដៅដើម្បីស្វែងរ​ក​យុត្តិធម៌ និង​ធ្វើការ​តតាំង​ជាមួយ​នឹង​តុលាការ​​​ក្រុង​ភ្នំពេញ។

នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២១ ខណៈដែល​អ្នកស្រី​កំពុង​ស្ថិត​នៅ​ព្រលាន​យន្ត​ហោះ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក លោក​ស្រីប​ញ្ជាក់​ថា ការវិលត្រឡប់របស់អ្នកស្រីមិនមែនជាឆាក​ល្ខោន​ដូច​ដែល​ក្រុម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានចោទប្រកាន់នោះទេ លោកស្រីថា ការធ្វើមាតុភូមិនិវត្តនេះ ជា​បេសកម្ម​មួយ​ដើម្បី​ទាមទា​ររ​កយុត្តិធម៌ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ 

​​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២១​នេះ លោកស្រី មូរ សុខហួរ ក៏​​បានសរសេរនៅលើបណ្ដាញធ្វីតធឺរ (Twitter) របស់​​លោកស្រី​ថា ការព្យាយាម​វិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់អ្នកស្រី គឺជាការ​​បង្ហាញ​ពី​ ការគាំទ្រ​របប​មួយ​ដែលមិ​ន​គោរព​គោលការណ៍​ជំនុំ​ជម្រេះ​ដោយ​យុត្តិធម៌៕​