ខណៈដែលប្រទេសថៃបានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នដោយសារតែការឆ្លងជំងឺកូវីដ ១៩ ហើយចេះតែមានការកើនឡើងនោះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ចំនួន ៣៣៦៦នាក់ បានលួចរត់មកកម្ពុជា ដោយបានត្រូវរ៉ូវគ្នាជាមួយតាក់ស៊ីថៃដែលបានជួយពង្វាង ពីសមត្ថកិច្ចថៃ យកមកទំលាក់នៅក្បែរព្រំដែន ហើយពួកគេក៏បាននាំគ្នាដើរក្នុងព្រៃបន្ត។

លោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា ពលករដែលបានត្រឡប់មកពីថៃវិញតាមច្រករបៀង សរុបទាំងអស់មានចំនួន ៣៣៦៦នាក់ ហើយសំណាកដែលទទួលបានគឺមាន ៣២៧២​នាក់។

ក្នុងនោះមានអវិជ្ជមានចំនួន ៣២៦៤នាក់ វិជ្ជមានចំនួន ១៧នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យខេត្តមានចំនួន៩នាក់ ជាសះស្បើយមាន ៩នាក់ ហើយអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក្គមាន ២១០២នាក់ ដែលបានត្រឡប់ទៅផ្ទះវិញ។ នេះយោងតាមលោកលោកសឿម ប៊ុនរិទ្ធិ។

លោកសឿម ប៊ុនរិទ្ធិ ក៏បានបញ្ជាក់ដែរថា សម្រាប់លទ្ធផលខាងលើនេះ ជាលទ្ធផលសម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នោះទេ ដោយសារលទ្ធផលក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ មិនទាន់ចេញនៅឡើយ ហើយពលករ ដែលចូលមកខេត្តបាត់ដំបង មិនមែនជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះទាំងអស់នោះទេ គឺមានអ្នកខេត្តផ្សេងៗផងដែរ។

លោកបាននិយាយថា៖ «មូលហេតុដែលពលករចេះតែត្រឡប់មកពីប្រទេសថៃនោះ គឺដោយសារតែការលួចរត់តាមរយៈការត្រូវរ៉ូវគ្នាជាមួយរថយន្តតាក់ស៊ីខាងថៃ ហើយពួកគាត់ក៏បានជួយពង្វាង ពីសមត្ថកិច្ចខាងគាត់ និងបានដឹកមកទំលាក់ទៅ ប្រហែល២០ ទៅ៣០គីឡូអី ឱ្យដើរមកនៅក្បែរព្រំដែនហើយពួកគេក៏បាននាំគ្នាដើរកាត់ព្រៃមក»។

លោកបាននិយាយថា «បើទោះជាមានរឿងបែបនេះ ក៏អាជ្ញាធរខាងខេត្តបាត់ដំបងនៅតែបន្តធ្វើការយកចិត្តទុកដាក់ ហើយក៏បានយករថយន្តទៅដឹកពលករខ្មែរដែលបានលួចរត់ទាំងនោះមកមណ្ឌលដើម្បីឱ្យពួកគេធ្វើចត្តាឡីស័ក្គ» ។

លោកបានបន្តថាពលករខ្មែរដែលនៅប្រទេសថៃបានលួចរត់មកជារៀងរាល់ថ្ងៃ ហើយពេលខ្លះចន្លោះពី ៣០ នាក់ ទៅ១០០នាក់ ហើយថ្ងៃខ្លះរត់មក៦០ ទៅ១០០នាក់។

«អាជ្ញាធរថៃក៏គេហាមឃាត់ដែរ តែធ្វើមិចបើពួកគាត់ចេះតែលួចរត់មកចឹង ហើយដល់សួរគាត់ទៅ អ្នកខ្លះថា នឹកស្រុក អ្នកខ្លះថានឹកកូនគាត់ អ្នកខ្លះទៀតថាមានធុរៈ ខ្លះមា្ដយឪពុកឈឺ ចឹងក៏ចេះតែមក»៕