រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថ្លែង​ថា អ្នកទេសចរណ៍​អន្តរជាតិ​៨០% និង​អ្នក​ទេសចរណ៍​ជាតិ​២០%បាន​ធ្លាក់ចុះ​ចាប់​តាំង​ពីដើមខែមករា ឆ្នាំ២០២០ មក​ដល់​ពេល​បច្ចុប្បន្ននេះ​ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថ្លែង​បែបនេះ​ក្នុង​សិក្ខាសាលា​រវាង​អន្តរក្រសួង​មួយ​ស្ដីពី​កម្មវិធី​វេទិកា​អេកូ​ទេសចរណ៍​លើកទី២ កាលពីថ្ងៃទី២៧ ខែ​មករា ក្នុង​ខេត្តសៀមរាប។ លោក​លោក​ឡើង​ថា ដោយសារ​តែវិបត្តិ​ ជំងឺកូវីដ​១៩ បានធ្វើ​ឱ្យចំនួនភ្ញៀវទេសចរដែលមក​លេងប្រទេសកម្ពុជាធ្លាក់ចុះជាខ្លាំងគួរឲ្យ​កត់សម្គាល់ ដោយ​លោក​ថា ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​លេង​ប្រទេស​កម្ពុជាថយចុះ​៨០% ។

លោកបានថ្លែងថា៖ «ស្ថិតក្នុងបរិយាការណ៍ប្រឈមខាងលើ ដែល​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រឹម​តែប្រមាណ១.៣១លាននាក់ ក្នុងឆ្នាំ២០២០ ថយចុះ៨០%ធៀបនឹងឆ្នាំ២០១៩»។

លោកបានបន្ថែមថា បើទោះជាចំនួនភ្ញៀវទេសចរណ៍​អន្តរជាតិ​មានការ​ថយចុះខ្លាំង​ ប៉ុន្តែ​ចំនួនភ្ញៀវផ្ទៃក្នុង ឬក្នុង​ស្រុកបានបង្ហាញពីសញ្ញានៃការងើបឡើងវិញ ដោយចំនួនភ្ញៀវទេសចរក្នុងស្រុកមានប្រមាណជា៩លាននាក់ ហើយបានចុះត្រឹមតែ២០%តែប៉ុណ្ណោះ។

លោក មិន ពិសាល គ្គុទេសក៍​ទេសចរណ៍​ ភាសាអង់គ្លេស និងបារាំងបានប្រាប់ Newsroom Cambodia តាម​រយ:​បណ្ដាញ​សង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែ​មករា​នេះថា ចាប់តាំងពីកំណើនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ

តាំង​តែពីដើមខែមករា ឆ្នាំ២០២០មក លោកមានផលពិបាកយ៉ាងច្រើនដែលទាក់ទងទៅនឹងការរស់នៅ ហិរញ្ញវត្ថុ និងការចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។

លោករៀបរាប់ថា៖ «ជួនកាលដល់ថ្នាក់លក់ដី លក់របស់របរ​ដែល​យើង​ធ្លាប់ទិញពីមុន​មក គឺយើងលក់អស់​ហើយ​ដើម្បី​ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ពីព្រោះតែឥលូវយើងអត់មានចំណូល អត់មាន​ភ្ញៀវ​ទេសចរ ចំណូល​បាត់បង់​អស់​រលីង»។

វិបត្តិកូវីដ១៩បានធ្វើឱ្យសកលលោកទាំងមូលមានភាពលំបាក និងរងនូវវិបត្តិសេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​ក៏​បាន​ធ្វើ​ឱ្យ​ប្រទេសកម្ពុជាក៏ត្រូវរងផលប៉ះពាលយ៉ាងទម្ងន់ផងដែរ។​ ប្រជាជន​ត្រូវ​បាត់បង់​ការងារ​ដោយសារ​តែជំងឺផ្លូវ​ដង្ហើមមួយនេះ ហើយ​ក៏បានធ្វើឱ្យវិស័យស្នូ​លជាច្រើន ជាពិសេស​វិស័យ​ទេសចរណ៍​​របស់ប្រទេសម្ពុជា ត្រូវ​រងវិបត្តិយ៉ាង​ធ្ងន់ធ្ងរ៕​