លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះប្រកាស​ថា វ៉ាក់សាំងការពារជំងឺកូវីដ​១៩ ចំនួន៦០​ម៉ឺនដូសនឹ​ង​ត្រូវបញ្ជូន​ពី​​ប្រទេសចិនមកកាន់កម្ពុជា​ក្នុងអំឡុង​ខែកុម្ភ: ឆ្នាំ​២០២១នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​បែប​នេះ​​ក្នុង​ពិធី​សម្ពោធ​​ការ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាខែង និងដាក់​ឲ្យ​ដំណើរ​ការ​​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​ចំការ​​មក នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ លោក​លើកឡើងថា កម្ពុជា​ត្រូវ​ត្រៀម​វ៉ាក់​សាំង​ចំនួន​២០​លាន​ដូស​សម្រាប់​មនុស្ស​១០​លាន​នាក់ ដែលកាត់​បន្ថយ​ពី​៨០​ភាគ​រយ​មក​នៅ​ត្រឹម៦០ ទៅ​៧០​ភាគ​រយ ​​​ ​ដែល​កាល​ពីមុន​ត្រូវ​ការ​២៦​លាន​ដូស​សម្រាប់​១៣​លាន​នាក់។​

លោកបន្ថែមថា ក្នុងចំណោមជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសរបស់ចិន ៦០ម៉ឺនដូស នឹងមកដល់​កម្ពុជា​ក្នុងខែកុម្ភៈនេះ ហើយ​នឹងបន្តមកដល់កម្ពុជាបន្តបន្ទាប់ទៀត។ លោក​ថា ក្រៅពី​នោះ​មាន​ជំនួយ​ពី​កូវ៉ាក់ (COVAX) និងប្រទេសមួយចំនួនទៀតដែលកម្ពុជាកំពុងស្នើសុំ និង​បញ្ជា​ទិញ ដែល​​នឹ​ង​មក​ជាបន្ត​បន្ទាប់​ផង​ដែរ​។

លោកបញ្ជាក់ថា៖ «ជើងទី១ នឹងមកដល់៦០ម៉ឺនដូស បន្ទាប់ទៅនឹងបំពេញបន្ថែម។ បន្ទាប់​ទៅ​យើង​នឹង​ទទួល​ពី​កូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស បន្ថែមលើ​នេះយើងទិញ​តាមរយៈកូវ៉ាក់ ចំនួន១លានដូសទៀត អញ្ចឹង​យើង​បាន​៩លា​នដូ​ស​ហើយ ពិតមែនតែមិនទាន់ដល់ដៃ តែគម្រោងរបស់យើងមាន»។

លោកនិយាយថា៖ «យើងនឹងទទួលពីអូស្រ្តាលីចំនួន៣លានដូស ដែលអូស្រ្តាលី សម្រេច​ផ្តល់​ថវិកា​ចំនួន​២៨​លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់រយៈពេល ២០២០-២០២៣ តាមរយៈ​គំនិត​ផ្តួចផ្តើម​ទទួល​បានវ៉ាក់សាំង​កូវីដ១៩ ដែល​កញ្ចប់​ដំបូង​នឹង​ទទួល​បាន​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២១»។

លោកបានបន្តថា ជំនួយឥតសំណងនេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​វ៉ាក់សាំង​ដែលអាច​ប៉ាន់ស្មាន​ថា​ជួយ​ដល់​មនុស្ស​១,៥លាន​នាក់ ដែលស្មើ​នឹង​៣លានដូស ប្រសិនបើ​បូក​សរុប​ទាំងអស់​ទៅ​បាន​១១លាន​ដូស​ នៅខ្វះ​៩លានដូទៀត។​

លោកនាយករដ្ឋមន្រ្តី​ក៏បានបន្ថែមថា លោក​ក៏​បាន​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ចិន​ដើម្បី​សុំ​​ ​វ៉ាក់សាំងបន្ថែមទៀត រួមទាំងស្នើ​សុំ​ពី​ប្រទេស​ឥណ្ឌាផ​ង​ដែរ៕​