ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន២​លាន​ដុល្លារ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រស្តារសហគមន៍មូលដ្ឋានឡើងវិញ ដែល​រង​ផល​ប៉ះពាល់​ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ។   

យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១បញ្ជាក់ថា លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន​គណៈ  កម្មា​ធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន​ជួប​ជាមួយ​​លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ​​​នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Claire CONAN ជាតំណាង និងជានាយកប្រចាំប្រទេសកម្ពុជា​នៃកម្មវិធីស្បៀងអាហារពិភពលោក បាន​ចុះ​ហត្ថ​លេខាលើ​កិច្ចព្រមព្រៀងស្តីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

គេហទំព័រ​ក្រសួង​មហាផ្ទៃ​ដដែល​បន្ថែមថា ក្នុង​ជំនួប​នោះ លោក ង៉ាន់ ចំរើន បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ដោយឥទ្ធិពលគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ។

លោកបានរៀបរាប់ថា៖ «ប្រទេសកម្ពុជា​បានរង​ឥទ្ធិពល​ពីគ្រោះទឹ​ក​ជំនន់​កាល​ពី​ខែតុលា ឆ្នាំ២០២០​កន្លង​ទៅ និងបានធ្វើឱ្យប៉ះពាល់ជាច្រើនគ្រួសារនៅ​ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែល​ក្នុង​នោះបា​ន​ប៉ះពាល់​ខ្លាំងដល់​ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ»។

លោកបានបន្តថា លោកនឹង​សហការជិតស្និទ្ធជាមួយ គ.ជ.អ.ប និងដៃគូនានា ក្នុង​ការ​វាយតម្លៃគ្រប់ជ្រុងជ្រោយ ក្នុងតំបន់រងគ្រោះដោយទឹកជំនន់ និងគាំទ្រស្តារសហគមន៍ឡើងវិញ តាមរយៈស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាត ពង្រឹង​សមត្ថភាព​ធ្វើផែនការ និងចំណេះដឹង​ស្តីពី​សន្តិសុខ​ស្បៀង ត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយដែលផ្តោតលើឃុំចំនួន១៦ ដែល​មាន​នៅ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។

ក្នុង​ជំនួប​នោះ​ដែរ លោក Mikami Masahiro បានលើកឡើងពីផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិផងដែរ ។

លោកបានលើកឡើងថា៖ «កាលពីឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនមួយចំនួនដូចជា បង្កឱ្យមានការបាត់បង់ជីវិត និង​ការខូចខាត​ផ្នែក​រូប​វ័ន្ត​ទៅ​លើ​ទ្រព្យសម្បត្តិ​ជាច្រើន​។ ក្នុង​នោះផ​ង​ដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​ផ្តល់ក្តី​សង្ឃឹម​ដោយ​ស្មោះ​ថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​»។

ពាក់ព័ន្ធករណីនេះ ស្ថានទូតជប៉ុននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រាប់ Newsroom Cambodia តាម​រយៈ​អ៊ីមែល​ថា គម្រោងពាក់ព័ន្ធជំនួយ​ឥតសំណងនេះ​មាន​ទំហំ​ទឹក​ប្រាក់​២​លាន​ដុល្លារ និង​កំពុង​​ស្ថិត​ក្នុង​ដំណាក់​រៀបចំ និង​សិក្សា​នៅឡើយ។

ដោយក្នុងអ៊ីមែលបញ្ជាក់ថា៖ «គម្រោងនេះគឺទើបតែត្រូវបានចុះហត្ថលេខាដែលស្ថិតក្នុង Designing stage [ដំណាក់​កាល​រៀបចំ] ដូច្នេះយើងមិនទាន់មានរបាយការណ៍នៅឡើយទេ»។

លោកស្រី Claire CONAN បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ដែល​គំាទ្រ​ដល់​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ការកាត់បន្ថយ​ផលប៉ះ​ពាល់​ដោយសារ​ទឹក​ជំនន់ ដែល​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការជួយ​ការពារ​ជីវភាព ស្បៀង និងវិបត្តិនាពេលអនាគត។

លោកស្រីបាននិយាយថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន​ដែល​បាន​គាំទ្រ​ដល់​កិច្ចការ​ការ​កាត់​បន្ថយ​ផលប៉ះពាល់ដោយសារទឹកជំនន់​កាលពីឆ្នាំមុន។ ជំនួយ​នេះមា​ន​សារៈ​សំខាន់​ណាស់​ស​ម្រាប់​ក្រុមគ្រួសារងាយរងគ្រោះដែលរស់នៅ​ក្នុង​សហគមន៍​ដែល​ងាយ​ជន់​លិច​ដោយ​ទឹក​ជំនន់ និង​បានប៉ះពាល់ទៅលើជីវភាព និងប្រព័ន្ធស្បៀងរបស់ពួកគាត់ ហើយ​ជំនួយ​នេះ​នឹង​ជួយ​ការពារ​ពួកគាត់​ពី​វិបត្តិ​នា​ពេល​អនាគត​»។  

លោកស្រី​បានបន្តទៀតថា ប្រទេស​កម្ពុជា​មាន​គ្រោះទឹ​ក​ជំនន់៤​លើកមក​ហើយ​ក្នុង​មួយ​ទស្សវត្ស​កន្លង​ម​ក​នេះ ហើយខែតុលាឆ្នាំមុនជាលើកចុងក្រោយ ដែលទឹកជំនន់ធ្វើឱ្យក្រុមគ្រួសារចំនួន ១៤,២៩៩គ្រួសារ បានផ្លាស់ប្តូរទីលំនៅ និងប៉ះពាល់ផ្ទាល់ចំនួន ១៧៦,០០០គ្រួសារ (ជិត៨០០,០០០នាក់) ក្នុងខេត្ត១៤ នឹងបានបំផ្លាញលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដីកសិកម្ម និង​ដំណាំ​ជាដើម។

​ការគាំទ្រលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ​របស់រដ្ឋាភិបាលជប៉ុន ១០ឆ្នាំកន្លងមកនេះ តាមរយៈ​ជំនួយ​ជាសម្ភារៈ (អង្ករ និងត្រីកំប៉ុង) និងទឹកប្រាក់ ក្រោ​ម​ភាព​ជា​ដៃគូ​​​របស់​កម្មវិធី​ស្បៀងអាហារពិភពលោកបានចូលរួមវិភាគទានចំនួន២២លានដុល្លារអាមេរិក។ ដោយឡែក​ឆ្នាំ​២០១៩ ប្រទេស​ជប៉ុន​បាន​វិភាគទាន​ចំនួន​២,៧លាន​ដុល្លារអា​មេរិក​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បីលើកកម្ពស់កសាងភាពធនធានរបស់សហគមន៍នៅកម្ពុជា ដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពក្នុងការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះអាសន្ន៕