ក្រសួង​សុខាភិបាល​​ប្រកាស​ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ចំ​នួន២៦នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈទាំងអស់ ដែល​ក្នុង​នោះមា​ន​ខ្មែរ​ម្នាក់ ជនជាតិ​​វៀតណាម​៣នាក់ និងជនជាតិចិន២២នាក់។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញ​​នៅថ្ងៃទី២៧នេះ បញ្ជាក់​ថា​ មាន​ករណី​វិជ្ជមាន​ជំងឺកូវី​ដ១៩​ ចំនួន២៦នាក់ និងមិនមានករណីជាសះស្បើយទេ ដែល​របាយ​ការណ៍​នេះ​គិត​សម្រាប់​ថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ។

ដោយក្នុងរបាយការណ៍នោះបានបង្ហាញករណីវិជ្ជមានកូវីដ១៩ ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ទាំងអស់។ ក្នុង​នោះ រួមមានខ្មែរម្នាក់ ជនជាតិវៀតណាម៣នាក់ ជនជាតិ​ចិន​២២នាក់ ដែលបានស្នាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

នៅក្នុងបណ្តាញសង្គមហ្វេកប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ថា  មានទីតាំងពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​កូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ​ ក្នុង​រាជធានីភ្នំពេញ សរុប​​៧៧​កន្លែង និង​បាន​អំពាវនាវ​អ្នក​ពាក់ព័ន្ធ​សូម​ទៅ​ធ្វើតេស្ត​នៅ​ទីតាំង​មួយ​ចំនួន​ដែល​ក្រសួង​សុខា​ភិបា​ល​​បានកំណត់។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា មកដល់ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៧៦៦នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន២៨៧នាក់៕