លោកប៊ុត សៀកនេ ជាគ្រូបង្រៀនម្នាក់ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅអនុវិទ្យាល័យដាន រុន នៅទីជនបទមួយក្នុងខេត្តសៀមរាប។ លោកបានចាប់អាជីពជាគ្រូបង្រៀននេះអស់រយះពេល១១ឆ្នាំហើយ។​

លោកប៊ុត សៀកនេ បានផ្តល់បទសម្ភាសន៍អំពីបទពិសោធន៏ និងការយល់ឃើញរបស់លោកទាក់ទងទៅនឹងវិស័យអប់រំ​ និងគ្រូបង្រៀននៅទីជនបទដល់សិក្ខាកាមព័ត៌មានលោក យូ​​ ប៊ុនហេង កាលពីថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

Q: ហេតុអ្វីបានជាលោកជ្រើសរើសអាជីពជាគ្រូបង្រៀន?

A: វិស័យអប់រំជាវិស័យអទិភាពដ៏ចម្បងមួយក្នុងចំណោមវិស័យជាច្រើនទៀតដែលជាប់ពាក់ព័ន្ធគ្នា ដូចជាវិស័យសេដ្ឋកិច្ចជាដើម។ យ៉ាងណាក៏ដោយ វិស័យអប់រំជាចំនុចចាប់ផ្តើមមុននឹងកសាងប្រទេសជាតិ ព្រោះថា ការបណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់បំផុតសម្រាប់ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍នៅលើសកលលោក។

ធនធានមនុស្សជាបញ្ហាចម្បងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ត្បិតប្រទេសជាតិមួយដែលរីកចម្រើន ឬអន់ថយ គឺដោយសារធនធានមនុស្សនៃប្រទេសនោះទាំងស្រុង។

Q: តើការអប់រំរវាងទីក្រុង និងជនបទខុសគ្នាដូចម្តេច?

A: គ្រប់បណ្តារប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើម នៅមានភាពខុសគ្នាច្រើនចំពោះការអប់រំនៅទីក្រុង និងនៅទីជនបទ ព្រោះថា គ្រឹះស្ថានអប់រំនៅទីក្រុងមានភាពជឿនលឿនជាងនៅជនបទ ដូចជាសម្ភារៈឧបទេសក្នុងការបង្រៀន ចំនួនគ្រឹះស្ថានអប់រំដែលមានច្រើនជាងនៅតាមទីជនបទ ដែលមានទាំង គ្រឹះស្ថានអប់រំឯកជន និងរដ្ឋ។ ជាងនេះទៅទៀត កម្រិតវប្បធម៌របស់ គ្រូ និងសាស្ត្រាចារ្យ ក៏មានភាពខុសប្លែកគ្នាផងដែរ។ ដោយឡែកអាគារសិក្សានៅតាមទីជនបទក៏ប្រឈមនឹងការភាពខ្វះខាតផងដែរ គឺសិស្សច្រើនជាងបន្ទប់សិក្សា ដែលត្រូវបង្ខំចិត្តឲ្យសិស្សរៀនក្នុងបន្ទប់សិក្សាតែមួយ ត្រូវដាក់សិស្សពីរថ្នាក់ក្នុងពេលតែមួយ។

Q: តើគ្រូបង្រៀននៅតាមជនបទគួរត្រូវបានលើកទឹកចិត្តជាងទីក្រុងឬទេ?

A: គ្រូបង្រៀននៅទីជនបទពិតជាត្រូវការលើកទឹកចិត្តប្រាកដណាស់ ព្រោះថានៅតាមតំបន់ដាច់ស្រយាល ពិបាករកគ្រូបង្រៀនណាស់ នោះគឺបណ្តាលមកពីគ្រូបង្រៀនមិនសូវចង់ទៅបង្រៀនតាមទីជនបទដាច់ស្រយាលនោះទេ ដែលបណ្តាលឲ្យសិស្សតាមទីជនបទដាច់ស្រយាលទាំងនោះមិនអាចទទួលបានគ្រូល្អដែលមានកម្រិតវប្បធម៌ខ្ពស់។ ដូច្នេះការជម្រុញ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលពិតជាចាំបាច់ខ្លាំងណាស់ដើម្បីជួយឲ្យសិស្សដែលនៅជនបទដាច់ស្រយាលទទួលបានគ្រូល្អក្នុងការអប់រំ។

A: តើគ្រូបង្រៀននៅតាមទីជនបទជួបប្រទះនឹងការលំបាកអ្វីខ្លះ?

គ្រូនៅតាមជនបទពិតជាប្រឈមនឹងការលំបាកខ្លាំង ជាពិសេសគ្រូបង្រៀនដែលទើបចេញពីគរុកោសល្យថ្មីៗ ត្រូវទទួលលិខិតឧទ្ទេសនាមទៅបង្រៀននៅតាមគ្រឹះស្ថានសិក្សាឆ្ងាយពីលំនៅឋានរបស់ខ្លួន ដែលមានការលំបាកសម្រាប់ពួកគេយ៉ាងខ្លាំងក្នុងការស្នាក់នៅ និងការធ្វើដំណើរទៅមកម្តងៗ រហូតមានការស្នាក់នៅក្នុងសាលាទៀតផង ដែលជំរុញឲ្យគ្រូថ្មីៗទាំងនោះបង្ខំចិត្តធ្វើការផ្លាស់ប្តូរទីតាំងបង្រៀននៅពេលពួកគេបានបង្រៀនគ្រប់ឆ្នាំតាមច្បាប់ក្រសួងអប់រំ។

Q: តើលោកមានទស្សនៈវិស័យបែបណាលើវិស័យអប់រំ?

រាជរដ្ឋាភិបាលគួរតែសិក្សាតាមតំបន់ជនបទបន្ថែមទៀត ដើម្បីពង្រីកគ្រឹះស្ថានអប់រំឲ្យបានកាន់តែច្រើន ជាពិសេសត្រូវមានគោលនយោបាយលើកទឹកចិត្តដល់គ្រូបង្រៀនដែលស្ម័គ្រចិត្តទៅបង្រៀននៅតាមសាលាជនបទដាច់ស្រយាលដើម្បីឲ្យសិស្សនៅតាមតំបន់នោះអាចទទួលបានគ្រូល្អ និងទទួលបានការបណ្តុះបណ្តាលបានពេញលេញ៕