ក្រសួង​សុខាភិបាល​​ប្រកាស​ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ៣៩នាក់ បើប្រៀបធៀបម្សិលម៉ិញកើនឡើងចំនួន១៣នាក់​ ហើយដែលភាគច្រើនជា​អ្នក​ពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​​។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​​មិនមានករណីជាសះស្បើយទេ ​គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ ចំនួន៣៩នាក់​ មាន៣៥នាក់ជា ​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ រួមមានជនជាតិចិនចំនូន២៥នាក់ ជនជាតិវៀតណាមចំនួន៦នាក់ និងជនជាតិខ្មែរចំនួន៥នាក់ ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងចំនួន៤នាក់ជាកងទ័ពមួកខៀវកម្ពុជាបម្រើការនៅអង្គការសហប្រជាជាតិ ដែលធ្វើដំណើរចូលមកកម្ពុជាវិញ។

តាមរយៈបណ្តាញសង្គមហ្វេកប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ​ថា មានទីតាំងពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​កូវីដ ១៩ ឆ្លងសហគមន៍២០កុម្ភៈ​ សរុប​​៨១កន្លែង ក្នុងនោះមានក្រុងព្រះសីហនុ ចំនួន៧កន្លែងផងដែរ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញផងដែរថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៨០៥នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន៣២៨នាក់៕