សារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយមនុស្សជុំវិញខ្លួន និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយនូវអ្វីដែលជាបញ្ហារួមរបស់ប្រជាពលរដ្ឋ ឱ្យរដ្ឋាភិបាលរិះរកវិធីសាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​ឱ្យមានភាពល្អប្រសើរសម្រាប់ការស់នៅស្មើភាពក្នុងសង្គម។

ខ្ញុំឈ្មោះ លីប កំពុងអង្គុយញុំាកាហ្វេនៅហាងកាហ្វេមួយកន្លែងបានឃើញទាក់ទងនឹងការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេស​ប៊ុកស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានដោយឥតគិតថ្លៃ ខ្ញុំក៏បានចាប់អារម្មណ៍លើការផ្សព្វផ្សាយនោះ ហើយក៏បានដាក់ពាក្យស្នើសុំចូលរៀនតាម​បណ្តាញតភ្ជាប់(Link) ដែលមានក្នុងទំព័រហ្វេកប៊ុកនោះ។

អស់រយះពេលប្រមាណ២ខែបន្ទាប់ពីបានដាក់ពាក្យចូលរៀនសារព័ត៌មាន មានបុរសម្នាក់បានទូរសព្ទមកខ្ញុំថា៖«ខ្ញុំខលមកពី CCIM ដោយសារតែបងបានដាក់ពាក្យចូលរៀនខាងសារព័ត៌មាន តើបងអាចមានពេលវេលារៀនពេញម៉ោងដែរឬទេ រយៈពេល៣ខែពេញ» ពេលនោះខ្ញុំមានអារម្មណ៍រំភើបមែនទែន ដោយសារចិត្តគឺស្រលាញ់វិស័យមួយ។ ខ្ញុំក៏បាននិយាយថា៖ «បាទ បងខ្ញុំមានពេលទំនេរ» ទោះបីជាពេលនឹងខ្ញុំកំពុងបម្រើការនៅផលិតកម្មផលិតរឿង និងចម្រៀងក៏ដោយ។

នៅពេលដែលខ្ញុំបានចូលរៀនជំនាញនឹង ខ្ញុំពិតជាមានអារម្មណ៍កាន់តែស្រលាញ់​​វិស័យសារព័ត៌មាននេះកាន់តែខ្លាំង ពីព្រោះខ្ញុំកាន់តែយល់ច្បាស់ថា សារព័ត៌មានពិតជាមានសារៈសំខាន់​ណាស់ក្នុងការចូលរួមការងារសង្គម ក៏ដូចជាការលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម ជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាឱ្យទទួលបានភាពត្រឹមត្រូវ ហើយវាក៏ស្របទៅនឹងអ្វីខ្ញុំចង់ធ្វើ ដែលមិនប៉ះពាល់​ដល់អ្នកដទៃ អាចជួយអ្នកដទៃបាន ពិសេសអាចចូលរួមអភិវឌ្ឃន៍សង្គមជាតិ។

បើមើលខាងវិស័យសារព័ត៌មានវាពិតជាសំខាន់ណាស់ ប៉ុន្តែមិនមែនបុគ្គលទាំងអស់អាចធ្វើបានល្អទាំងអស់នោះទេ ព្រោះវាក៏ទាមទារអោយបុគ្គលជាអ្នកសារព័ត៌មាន ជាអ្នកអព្យាក្រិត មិនលំអៀង មិនប្រកាន់គណៈបក្សនយោបាយ មិនប្រកាន់ឋានៈតួនាទី មិនរើងពូជសាសន៍ ពណ៍សម្បុរ សាសនាជាដើម។ ​ម្យ៉ាងទៀត អ្នកសារព័ត៌មានត្រូវពូកែអាន ពូកែសង្កេត ពូកែតាមដានព្រឹត្តិការណ៍សង្គម ពិសេសស្វែងយល់ពីច្បាប់មួយចំនួន ដើម្បីបំពេញការងារឱ្យមានវិជ្ជាជីវៈ និងក្រមសិលធម៍ត្រឹមត្រូវ។

ក្នុងរយះពេល២អាទិត្យ ខ្ញុំអាចចាប់មេរៀនពីលោកគ្រូ អ្នកគ្រូ នៅNewsroom Cambodia លឿនសម្រាប់អនុវត្តសរសេរជាព័ត៌មាន ប៉ុន្តែប្រហែលជាខ្ញុំជាមនុស្សម្នាក់មានភាពរហ័សរហួន និងរួសរាយផងដែរ ហើយម្យ៉ាងទៀតកាលពីមុន ខ្ញុំបានប្រឡូកក្នុងសង្គមច្រើនហើយក៏ជាមនុស្សម្នាក់ដែលបរាជ័យការងារ បរាជ័យស្នេហា បរាជ័យលើការកស៊ី ដែលរួមមានទាំងការឈឺចាប់ ការបាក់ទឹកចិត្ត ការខូចចិត្ត ការមើលងាយជាដើម ដែលវាពិតជាផ្តល់ជាមេរៀនជីវិតដ៏ល្អសម្រាប់ខ្ញុំនៅពេលនេះ។ ហើយខ្ញុំជាមនុស្សម្នាក់ចូលចិត្តការអានសៀវភៅ ស្តាប់ធម៌អប់រំចិត្ត និងរៀនពីបញ្ហាដែលធ្លាប់ជួបប្រទះ ដើម្បីស្គាល់ខ្លួនឯង និងគោលដៅខ្លួនឯងកាន់តែច្បាស់ ដោយខ្ញុំមានពាក្យមួយឃ្លាចង់ប្រាប់ថា៖«បរាជ័យ គឺជាមេរៀនជីវិតដ៏ល្អ ប្រសិនបើចេះយកភាពបរាជ័យនោះ ធ្វើជាកម្លាំងជម្រុញ នឹងបំផុសទឹកចិត្តក្នុងការធ្វើសកម្មភាពបន្ត»។

Newsroom Cambodia ពិតជាកន្លែងបណ្តុះបណ្តាលដ៏ល្អលើជំនាញសារព័ត៌មាន ដែលបានបង្រៀនខ្ញុំឱ្យយល់ដឹងជាច្រើននូវអ្វីទៅជាសារព័ត៌មានវិជ្ជាជីវៈ និងដឹងពីរបៀបសរសេរព័ត៌មានឱ្យបានត្រឹមត្រូវតម្លាភាពជាមួយប្រភពច្បាស់លាស់ ដោយមិនមានភាពលម្អៀង ឬគំគួនទៅបុគ្គល ឬស្ថាប័នណាមួយឡើយ ជាពិសេសអាចបែងចែកដឹងថាព័ត៌មានណាមានប្រយោជន៍ចំពោះប្រជាពលរដ្ឋទូទៅ ព័ត៌មានណាដែលជាការរំលោភបំពានសិទ្ធិអ្នកដទៃ ដោយមិនទទួលសំណូកក្នុងការផ្សព្វផ្សាយលាភពណ៌ដល់បុគ្គលឬស្ថាប័នណាមួយឡើយ។

ដូច្នេះសូមកុំមើលរំលងវិស័យសារព័ត៌មាន ព្រោះវិស័យនេះពិតជាបានចូលរួមចំណែកធំណាស់ក្នុងការផ្សព្វផ្សាយពីបញ្ហាប្រជាពលរដ្ឋទៅដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឱ្យមានភាពស្មើគ្នា និងជាកន្លែងនាំសារពីរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការអនុវត្តន៍គោលនយោបាយរាជ​រដ្ឋាភិបាល និងដើម្បីចូលរួមអភិវឌ្ឃន៍ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនទាំងអស់គ្នា។

«ខ្ញុំសង្ឃឹមថាវិស័យសារព័ត៌មាននៅកម្ពុជា នឹងអាចក្លាយជាអំណាចទី៤ ដែលមានឥទ្ធិពលក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ បញ្ហានានារបស់ប្រជាពលរដ្ឋ ក៏ដូចជាការរំលោភបំពាន់សិទ្ធិជាដើម»។