លោកសុខ​ ចន្ត្រាវុធ ធ្លាប់ជាសិក្ខាកាមសារព័ត៌មានម្នាក់នៅ Newsroom Cambodia ជំនាន់ទី ៥ ហើយបន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ៣ខែ អ្នកខេត្តបាត់ដំបងរូបនេះបានក្លាយជាអ្នកហាត់ការនៅឯវីអូឌី (VoD) ។

លោកសុខ​ ចន្ត្រាវុធ បានសឹកកាលពីពេលថ្មីៗនេះបន្ទាប់ពីបានធ្វើជាព្រះសង្ឃអស់រយៈពេល ៩ឆ្នាំ ហើយបានសម្រេចចិត្តចូលរួមក្នុងវគ្គបណ្តុះបណ្តាលសារព័ត៌មាននេះពីព្រោះគាត់ចូលចិត្តសរសេរ និងតាមដានព្រឹត្តិការណ៍នានា។

បច្ចុប្បន្នជាអ្នកសម្របសម្រួលគម្រោង​ពង្រឹងសិទ្ធិអំណាចយុវជនផងដែរ លោកសុខ ចន្រ្តាវុធ បានផ្តល់សម្ភាសដល់លោករ៉ាត់ ទី ដែលជាសិក្ខាកាមជំនាន់ទី៦ នៃ Newsroom Cambodia ដោយនិយាយអំពីមូលហេតុដែលគាត់ចូលរួមវគ្គបណ្តុះបណ្តាល អំពីគ្រួសារ និងវិស័យសារព័ត៌មានជាទូទៅនៅកម្ពុជា។

Q៖ តើអ្វីជាកត្តាជំរុញឲ្យលោកចង់ចាប់ជំនាញជាអ្នកសារព័ត៌មាន?

A៖ សម្រាប់ខ្ញុំគឺមានកត្តាពីរ​ ទី១ អាជីពជាអ្នកសារព័ត៌មាន ជួយឲ្យយើងរៀនសូត្របានច្រើន ហើយយើងបានដឹងពីព្រឹត្តិការណ៍សង្គម នយោបាយ និងដឹងពីការវិវឌ្ឍទាន់ហេតុការណ៍ នៃប្រទេសជាតិ ដោយសារមានព័ត៌មានក្នុងដៃច្រើន។

ទី២ ដោយសារខ្ញុំចូលចិត្តសរសេរអត្ថបទ ហើយជំនាញនៃការសរសេរអត្ថបទនេះ បានជំរុញពីចិត្តខាងក្នុង ឲ្យមានការចូលចិត្ត ស្រឡាញ់ ហើយវាឆ្លើយតបទៅនឹងខ្ញុំជាមនុស្សចូលចិត្តតាមដានព្រឹត្តិការណ៍សង្គមទៀត អ៊ីចឹងខ្ញុំចេះតែបន្តធ្វើវាឡើង។

Q៖ ក្នុងបរិបទសង្គម ឬសាច់ញាតិក្រុមគ្រួសារ តើលោកធ្លាប់បានជួបប្រទះអ្វីខ្លះ ពេលដែលនិយាយដល់ជំនាញជាអ្នកសារព័ត៌សម្រាប់ពួកគាត់?

A៖ បើនិយាយដល់សង្គមគ្រួសារ ខ្ញុំមានបញ្ហាប្រឈមមួយ គឺពួកគាត់តែងបារម្ភពីសុវត្ថិភាព គាត់គិតថាអ្នកសារព័ត៌មាន ជាអ្នកប្រឈមនឹងការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញអីអ៊ីចឹងទៅ។ ហើយគាត់តែងប្រាប់ថា កុំសរសេរឲ្យប៉ះពាល់ដល់គេ ឬប៉ះពាល់នយោបាយ ក៏ប៉ុន្ដែខ្ញុំព្យាយាមពន្យល់ប្រាប់ហេតុផលដល់គាត់ថា ដរាបណាយើងប្រកាន់គោលការណ៍វិជ្ជាជីវៈ គោលជំហរខ្លួនយើងច្បាស់លាស់ អំណាចនៃភាពត្រឹមត្រូវ អាចជួយយើង ទោះជាបញ្ហាកើតនៅពេលខាងមុខយ៉ាងណាក៏ដោយ តែយើងនៅតែមានជំនឿចិត្តចង់ធ្វើវា ឲ្យបានសម្រេច។

Q៖ តើអ្វីជាគោលជំហរ នៃអ្នកសារព័ត៌មាន?

A៖ ខ្ញុំគិតថា អ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់គោលការណ៍វិជ្ជាជីវៈ ត្រូវធ្វើកិច្ចការឲ្យបានច្បាស់​លាស់ មានប្រភពច្បាស់លាស់ ការសរសេរមិនលម្អៀង ការសរសេរមិនក្នុងចេតនាអាក្រក់ តែជាចេតនាលើកស្ទួយការពិត នេះគឺល្អមែនទែន ហ្នឹងទី១។

ទី២ ជាអ្នកសារព័ត៌មានត្រូវតែតាមដានព្រឹត្តិការណ៍ឲ្យបានច្បាស់ ចាប់ឲ្យបាននូវចំណុចខ្វះខាតណាមួយនៃសង្គម ហើយត្រូវលើកយកបង្ហាញឲ្យបានច្រើន។ ចំណុចមួយទៀត គឺអ្នកសារព័ត៌មាន ត្រូវសិក្សាស្រាវជ្រាវឲ្យបានច្រើន ជាឧទាហរណ៍ បើយើងយកព័ត៌មានពីវិស័យណាមួយ យើងត្រូវតែចាប់មុំឲ្យបាននូវចំណុចខ្វះចន្លោះ ដូចជាបញ្ហាអំពើពុករលួយ ឬផលប៉ះពាល់ ជះផលមិនល្អ ដែលបានកើតមានឡើង ត្រូវតែហ៊ានធ្វើវាឲ្យបានស៊ីជម្រៅ ដោយបង្ហាញការណ៍ពិត អាចទាញការរិះគិតសម្រាប់ប្រជាមហាជន ជាជាងសរសេរបែបលើកជើង ស្រាលៗ មិនសូវមានជម្រៅ។

Q៖ ក្នុងទស្សនៈ ឬការមើលឃើញរបស់លោក តើលោកយល់ឃើញយ៉ាងណាដែរ ចំពោះវិស័យសារព័ត៌មាននៅកម្ពុជា?

A៖ វិស័យសារព័ត៌មានស្រុកខ្មែរ ខ្ញុំមើលឃើញក្នុងជ្រុងបី ទី១ គឺស្ថិតនៅក្រោមការធ្វើទុក្ខបុកម្នេញ បើអ្នកសារព័ត៌មានហ៊ានសរសេរចំៗពីព្រឹត្តិការណ៍សង្គម ឬពីចំណុចខ្វះចន្លោះនៃសង្គម ជាឧទាហរណ៍ យើងមើលឃើញកន្លងមក មានការបណ្ដេញចេញសារព័ត៌មានឯករាជ្យ មានការតាមចាប់ខ្លួន និងមានការបញ្ឈប់បុគ្គលិកបណ្ដាញសារព័ត៌មាន ដែលហ៊ាន Live ហ៊ាននិយាយការណ៍ពិត ពីការដឹកនាំជាដើម។

ជ្រុងទី២ គឺវិស័យសារព័ត៌មាន ស្ថិតក្រោមកម្រិតមួយ ដែលមានការភ័យបារម្ភ សម្រាប់អ្នកសារព័ត៌មាន ដែលមានវិជ្ជជីវៈ តែងត្រូវបានទទួលការប្រមាថ ការមាក់ងាយ អីជាដើមនៅឡើយ។ ទី៣ គឺខ្ញុំមើលឃើញថា ស្ថានប័នសារព័ត៌មាន មានរូបរាងរីកធំធាត់ នៅពេលមានទំនោរ សរសេរលើកទឹកចិត្ត ឬក៏គោលដៅសរសើរដល់បុគ្គលណាមួយ ក្នុងការដឹកនាំបច្ចុប្បន្ន ឬក៏សរសើរទៅកាន់អ្នកមានអំណាច សារព័ត៌មាននោះ តែងត្រូវបានការលើកទឹកចិត្ត គេឧបត្ថម្ភ ឬត្រូវបានគេឲ្យលុយអីអ៊ីចឹងទៅ ដែលបង្កឲ្យសារព័ត៌មាន ដែលមិនសូវមានវិជ្ជាជិវៈ បន្ដកើតមានជាហូរហែ ហេតុនេះនាំឲ្យខូចតម្លៃសារព័ត៌មានមានវិជ្ជាជីវៈ ហើយវាអាចជះឥទ្ធិពលមិនល្អដល់អ្នកជំនាន់ក្រោយ ជាពិសេសប្រជាពលរដ្ឋ ដែលជាអ្នកទទួលព័ត៌មាន ពួកគាត់ទទួលបាននូវព័ត៌មានក្លែងក្លាយ ព័ត៌មានគ្មានវិជ្ជាជីវៈ អ៊ីចឹងហើយចង់មិនចង់ ព័ត៌មានគ្មានវិជ្ជាជីវៈហាក់ត្រូវបានជះឥទ្ធិពលនាពេលសព្វថ្ងៃនេះ។

Q៖ ជាចក្ខុវិស័យ តើលោកគិតថាក្នុងពេលខាងមុខ ឬអនាគត វិស័យសារព័ត៌មាននៅកម្ពុជា នឹងវិវឌ្ឍទៅជាយ៉ាងណាដែរ? ហើយអាស្រ័យលើកត្តាណាខ្លះ?​

A៖ ខ្ញុំគិតថា វិស័យសារព័ត៌មានស្រុកយើង អាចវិវឌ្ឍទៅរកភាពល្អប្រសើរ ខ្ញុំឃើញមានកត្តាមួយ គឺកត្តានយោបាយ ប្រសិនបើ នយោបាយប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ផ្ដល់សិទ្ធិសេរីភាព ឲ្យមានការទទួលបានព័ត៌មានពិតប្រាកដ ហ៊ានបង្ហាញការណ៍ពិត ផ្ដល់សិទ្ធិអ្នកសារព័ត៌មានវិជ្ជាជីវៈក្នុងការសរសេរបង្ហាញរឿងពិត និងបើកឡើងវិញសារព័ត៌មានឯករាជ្យវិជ្ជាជីវៈ ជាពិសេសអ្នកទទួលព័ត៌មាន មានការយល់ដឹងមួយទៀត នោះទើបវិស័យសារព័ត៌មានក្នុងពេលអនាគតអាចវិវឌ្ឍទៅរកភាពល្អប្រសើរ៕