ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីពេលថ្មីៗនេះថា​ តម្លៃប្រេងឥន្ធនៈនាខែមីនា មានតម្លៃថ្លៃជាងខែកុម្ភៈ ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួនថាការឡើងនេះកើតឡើងចំពេលដែលពួកគាត់មានការលំបាកក្នុងការរកប្រាក់ចំណូលដោយសារតែជំងឺរាតត្បាតកូវីដ ១៩។

បើយោងទៅតាមសេចក្តីជួនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លក់ក្នុងតម្លៃ ៣.៧០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៣៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

កញ្ញាទួន ស្រីវីន មានអាយុ ២២ឆ្នាំជានិស្សិតម្នាក់នៅក្នុងភ្នំពេញ បានប្រាប់មកកាន់សិក្ខាកាមNewsroom Cambodia ថា «ថ្លៃ ពីព្រោះរយៈពេលកូវីដ រកចំណូលមិនសូវបាន»។

លោកសម្បតិ្ត អាយុ៥៦ឆ្នាំ ដែលជាអ្នករត់កង់បីប្រមាណជាង១០ឆ្នាំនៅក្នុងរាជធានីភ្នំពេញ បាននិយាយាថា «តាំងពីមានកូវីតមក ខ្ញុំរកមិនសូវបានទេ ពេលខ្លះមានភ្ញៀវ ពេលខ្លះក៏អត់ហើយ ពេលនេះសាំងឡើងថ្លៃទៀត  គេមិនសូវជិះកង់បីទេ ភាគច្រើនគេជិះកង់បីឥណ្ឌា ដែលគេចាក់ហ្គាសដែលជាផលប៉ះពាល់សម្រាប់ខ្ញុំ»។

លោកក៏បានបន្ថែមទៀតថា លោកគ្មានលុយណាទៅបង់រំលស់កង់បីឥណ្ឌាដូចគេ បើឥឡូវរកមិនសូវបានផង។

ក្រសួងពាណិកម្មបានបញ្ជាក់ផងដែរថា មិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង ចុះនៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងតែប៉ុណ្ណោះ៕