គ្រឹះស្ថានអង្គរ បានប្រកាសបន្ថែមសុពលភាព កាលពីពេលថ្មីៗនេះ លើសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដើម្បីជុំរុញការលក់សំបុត្រចូលទស្សនា បន្ទាប់ពីវិស័យទេសចរណ៌ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារការផ្ទុះឡើងនូវជំងឺកូវីត ១៩។

គ្រឺះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកលក់សំបុត្រសម្រាប់ភ្ញៀវអន្តរជាតិ បានចេញសេចក្តីជូនដំណឹងទាក់ទងនឹងការការអនុវត្តន៍គោលនយោបាយលើកទឹកចិត្តនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១ បន្ទាប់ពីមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៌នៅតំបន់អង្គរ។ ​

ក្រោមស្ថានភាពដ៏តឹងតែងនេះ រដ្ឋាភិបាលបានសម្រេចចិត្តក្នុងការអនុវត្តនយោបាយនេះចាប់ពី ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២១ ក្នុងគោលបំណងជួយវិស័យទេសចរណ៌ និងធានានូវភាពទាក់ទាញរបស់ទេសចរណ៍ក្នុងការទស្សនារមណីយដ្ឋានអង្គរ។

នៅក្នុងសេចក្តីប្រកាសពត៌មាន​បានបញ្ជាក់ថា បណ្ណទស្សនកិច្ចនឹងមានការប្រែប្រួលសុពលភាពការចូលទស្សនារមណីយដ្ឋានអង្គររបស់ភ្ញៀវទេសចរឲមានរយៈពេលយូជាងមុន។ ប័ណ្ណធម្មតាដែលធ្លាប់មានសុពលភាពរយៈពេល១ថ្ងៃ អាចមានសុពលភាពទៅដល់២ថ្ងៃ ប័ណ្ណរយៈពេល៣ថ្ងៃ ទៅជា ៥ថ្ងៃ ហើយបើសិនជាបណ្ណ​ដែលមានសុពលភាព ៧ថ្ងៃ កើនទៅជាសុពលភាព ១០ថ្ងៃវិញ។

ចំណែកឯប័ណ្ណទស្សនារយៈពេលយូរសម្រាប់ភ្ញៀវទេសរដែលមានទិដ្ឋាការលើសពី ៣ខែ ក៏មានការប្រែប្រួលដែរ ដែល​ប័ណ្ណចូលទស្សនារយៈពេល១ខែ នឹងឡើងដល់ ២ខែ ប័ណ្ណ ៣ខែ នឹងឡើងដល់ ៦ខែ និង សម្រាប់ប័ណ្ណ ៦ខែ នឹងមាន​សុពលភាពរហូតដល់ ១២ខែ៕