កញ្ញា ឃុន ធីតា មាននាមប៉ាកកាថា វីនធ័រ មានអាយុ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ មុខ​វិជ្ជា​ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង​ជា​អ្នក​និពន្ធ​ប្រលោម​លោក​ឯករាជ្យ​ម្នាក់។  កញ្ញា​បានផ្ដល់បទសម្ភាសន៍​ដល់​សិក្ខាកាម Newsroom Cambodia លោក​ឈាន សៅវ័ន អំពីការនិពន្ធសៀវភៅ និងដំណោះស្រាយក្នុងការរកទីផ្សារដើម្បីលក់។

Q: មូលហេតុអ្វីបាន​ប​ងសម្រេច​ចិត្ត​ធ្វើ​ជា​អ្នកនិពន្ធ​សៀវភៅ?

A: មូលហេតុដែលនាំឱ្យខ្ញុំក្លាយជាអ្នកនិពន្ធ គឺដោយសារខ្ញុំជាអ្នក​ចូលចិត្ត​អាន​ប្រលោម​លោក​ម្នាក់។ ការអានពីមួយថ្ងៃទៅមួយថ្ងៃបង្កើតបានជាការស្រលាញ់​ រួចហើយ​ក៏​បង្កើត​បាន​ជា​គំនិត​ចង់តែងនិពន្ធប្រលោមលោកដោយខ្លួនឯងតែម្ដង។

Q: មាន​ការលំបាក​អ្វីខ្លះ​ក្នុង​ការនិពន្ធ?

A: ជាការពិតទៅផលវិបាកនៃការតែងប្រលោមលោកនីមួយៗឡើងមកវាមានច្រើន ដូចជា​ការប្រើ​គំនិត​ច្រើនដើម្បីបង្កើតតួអង្គនីមួយៗឡើងមក បង្កើតជា​ព្រឹត្តិការណ៍​ណាមួយ​ រួច​ចង​បញ្ចូលវា​ទៅក្នុងសាច់រឿងដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា ការប្រើប្រាស់​ពាក្យ​ពេចន៍​របស់​តួអ​ង្គ​ទៅតាមតថភាពពិតនៅក្នុងសង្គម និង​មាន​ការសិក្សា​ស្រាវជ្រាវ​ពី​អ្វីៗ​មួយ​ចំនួន​ទៀត​នៅ​លើ​អ៊ីនធឺរណេត (Internet)។​

Q: តើ​ភាគច្រើន​ជា​ប្រភេទ​សៀវភៅ​បែបណា?​ តើមាន​ប៉ុន្មាន​សៀវភៅ​ហើយ​ដែល​បង​បាន​និពន្ធ?

A: សម្រាប់សៀវភៅដែលខ្ញុំបាននិពន្ធក្នុងរយៈកាលក្រោយៗមកនេះ គឺមានទាំងខ្មែរ និងបរទេស ប៉ុន្តែភាគច្រើននៃស្នាដៃរបស់ខ្ញុំគឺប្រលោមលោកបរទេស។ សៀវភៅ​ដែល​ខ្ញុំបាន​និពន្ធមានចំនួន ១០ ចំណងជើង។ ហើយសម្រាប់សៀវភៅដែលមានការចាប់​អាម្មណ៍ពីអ្នកអាន និងមានអ្នកស្គាល់សៀវភៅខ្ញុំនោះគឺ សៀវភៅ «ពិភពនិម្មិត»។​

Q: តើមានគន្លះអ្វីដើម្បីជំរុញឲ្យមនុស្សម្នាក់ៗអោយចូលចិត្តអានសៀវភៅ?

A: សម្រាប់ខ្ញុំផ្ទាល់គិតថាគន្លឹះដែលជួយជំរុញឱ្យមនុស្សម្នាក់ចូលចិត្តអានសៀវភៅ គឺ​គ្មាន​អ្វី​ច្រើនទេ គ្រាន់តែ​ពួកគាត់ព្យាយាមស្វែងរកប្រភេទសៀវភៅដែលខ្លួនចូលចិត្តអាន ហើយ​ចាប់​ផ្ដើម​អានវាបន្តិចម្ដងៗជារៀងរាល់ថ្ងៃ នៅពេលណាមួយដែលគាត់បាន​ប្រទះនឹង​ចំណុច​ណាមួយ​នៃសៀវភៅ​ដែលអាចទាញចំណូលចិត្តគាត់បាន ពេលនោះ​គាត់​នឹង​ចាប់​ផ្ដើម​​ស្រលាញ់​ហើយបង្កើតជាចំណង់​នៃ​ការអាន​សៀវភៅ​ រហូត​បង្កើត​បាន​ជា​ទម្លាប់​នៃ​ការអាន​ដោយ​ខ្លួនឯង។

Q: តើមានការប៉ះពាល់ខ្លាំងទេពេលដែលចេញសៀវភៅ ក្នុងអំឡុងពេល Covid នេះ?

A: ពិតណាស់! ការចេញផ្សាយ​សៀវភៅ​អំឡុង​ពេល​កូវីដ​គឺ​មាន​ផល​ប៉ះពាល់ច្រើន​មក​លើ​អ្នកនិពន្ធ​ផ្ទាល់ និង​លើ​គ្រឹះស្ថានបោះ​ពុម្ព​ផ្សាយ​ថែម​ទៀត ដោយសារ​តែ​អត្រានៃ​ការលក់​លើ​ទីផ្សារ​គឺធ្លាក់ចុះស្ទើរតែពាក់កណ្ដាលមុនពេលមានកូវីដចូលមកដល់ ម៉្យាង​ការចំណាយ​ផ្សេងៗ​ក្នុង​ពេល​បោះពុម្ព​ផ្សាយ​ក៏​ខ្ពស់ ទើប​យើង​ជួប​ប្រទះ​ផល​លំបាក​ច្រើន​មែនទែន​នៅ​ពេល​វេលា​បែប​នេះ។

Q: ដើម្បីធ្វើឲ្យសៀវភៅ​មាន​ការគាំទ្រ​ពីអ្នកអានច្រើន តើអ្នកនិពន្ធគួរតែធ្វើបែបណា?

A: ដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកនិពន្ធគួរតែព្យាយាមពង្រឹង​ស្នាដៃ​របស់​ខ្លួនឯង​ផ្ទាល់​ឱ្យ​បាន​ល្អ រិះរកគំនិតរឿងថ្មីៗមករួមបញ្ជូលក្នុងស្នាដៃរបស់ខ្លួន បន្ថែម​លើ​នេះគឺ​គួរ​ព្យាយាម​បង្កប់​គំនិត​អប់រំ​តូច​ៗ​នៅ​ក្នុង​ស្នាដៃរ​បស់​ខ្លួន​ ដែល​អាច​ជួយ​ឱ្យ​អ្នក​អាន​គាត់​ស្វែង​យល់ និងពិចារណា ម៉្យាងទៀត​ចំណុច​ទាំងអស់នោះ​គួរ​តែ​មាន​ពិត​នៅ​ក្នុង​សង្គម​យើង​សព្វ​ថ្ងៃនេះ​ផ​ងដែរ។ មួយវិញទៀតសីល្ប៍វិធីក្នុងការតែងនិពន្ធក៏ជាផ្នែកមួយជួយជំរុញឱ្យស្នាដៃរបស់អ្នកនិពន្ធម្នាក់ៗ​មានចំណុចកាន់តែលេចធ្លោផងដែរ។

Q: តើផលលំបាកអ្វីខ្លះក្នុងរកទីផ្សារសម្រាប់​អ្នកនិពន្ធ?

A: ចំពោះចំណុចនេះបងសុំឆ្លើយក្នុងនាមជាអ្នកនិពន្ធប្រលោមលោកបែបបរទេសម្នាក់ ផលវិបាក​សម្រាប់​បង គឺដោយសារតែអ្នកអានមួយចំនួនគាត់នៅតែដក់​ជាប់ផ្នត់​គំនិត​មួយ​ថា ប្រលោមលោកបែប​បរទេស​វា​មិន​ល្អ វាមិនបានផ្ដល់ផលអ្វីដល់អ្នកអាន និង​មាន​មួយ​ចំនួន​ទៀត​គាត់​គិតថាបង ឬអ្នកនិពន្ធស្រករក្រោយមិនអាចសរសេរទៅក្នុងបរិបទ​បែប​នេះ​បាន ភាគច្រើនគឺចម្លងស្នាដៃ ឬបកប្រែពីប្រទេសជិតខាង អ្វីបែបនេះ ទើបបានជាទីផ្សារគឺ នៅមានភាពចង្អៀតច្រើន។

Q: តើការបង្កើតកម្មវិធីពិព័រណ៍សៀវភៅផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងអ្នកនិពន្ធ?

A: ការបង្កើតឱ្យមានពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំ គឺពិតជាមានសារៈសំខាន់​ណាស់ស​ម្រាប់ទាំ​ង​អ្នកអាន និងអ្នកនិពន្ធ គឺដោយសារតែ​ពេលវេលា​នោះ​អាច​នាំ​ឱ្យ​អ្នក​អាន និង​អ្នកនិពន្ធ​បាន​ជួបគ្នា​ដោយ​ផ្ទាល់ អ្នកនិពន្ធ​ទាំង​ជំនាន់​មុន​ និងជំនាន់ក្រោ​យក៏​អាចបាន​ជួបគ្នា​នៅ​ក្នុង​ពេល​វេលា​នេះ មួយវិញទៀតអ្នកអានគាត់នឹងអាចទិញនូវ​បណ្ដាសៀវ​ភៅ​ដែល​គា​ត់​ពេញចិត្ត ហើយថែមទាំងគាត់ទទួលបានការបញ្ចុះតម្លៃ ឬ​កាដូ​ផ្សេងៗ​ជា​អនុស្សាវរីយ​ថែម​ទៀត។​ ហើយកម្មវិធីនេះគឺអាចជះផល​វិជ្ជមានសម្រាប់​កុមារតូចៗ​នៅ​ពេល​គាត់​បាន​ចូលរួម គាត់អាច​ទទួល​បាន​ការបណ្ដុះ​ផ្នត់គំនិត​ស្រលាញ់​សៀវភៅ និង​ស្រលាញ់កា​រ​អានបា​នថែមទៀត​ផង។

Q: បាទ! អរគុណ​ច្រើន​សម្រាប់​ការផ្តល់​សម្ភាសន៍៕