អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅថ្ងៃទី២៦ មិនា ២០២១ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យ​ជួយគិតគូរ និងទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួល តាមរយៈបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលរហូតដល់ស្ថានភាពនៃការរីករាលដាល​មេរោគកូវីដ ១៩មានសភាពធូរស្រាលឡើងវិញ។

សេចក្តីអំពាវនាវពីអភិបាលក្រុង លោកឃួង ស្រេង បានសរសេរដូច្នេះថា «យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់​បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល និងបន្តរអនុញ្ញាតិអោយពួកគាត់ស្នាក់នៅបន្តរទៀត ដោយ​មិនគួរ​បណ្តេញ​ពួកគាត់ចេញឡើយ»។

ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ថាមានករណីវិជ្ជមានចំនួន៨៦ និងជាសះស្បើយចំនួន ៣៤នាក់។ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១​ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២២៣៣នាក់ ជាសះស្បើយចំនួន ១១៦៦នាក់ កំពុងព្យាបាលចំនួន ១០៥៤នាក់​​ និងមានអ្នកស្លាប់ចំនួន ១០នាក់៕