ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាមាន​ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១០៥នាក់​ និងមានអ្នកជាសះស្បើយចំនួន​ ០៤នាក់​ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា​នេះ​បានបញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះដែលគឺជាអ្នកធ្វើដំណើរចូល​មក​កម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ និង ១០៤នាក់​ផ្សេងទៀត ជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ។

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​ក៏បានបន្ថែមថា អ្នកជំងឺ ៣៤នាក់ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ២០នាក់នៅមន្ទីរពេទ្យស្វាយជ្រំខេត្តស្វាយរៀង ១នាក់នៅមន្ទីរពេទ្យខេត្តព្រៃវែង ២នាក់នៅមន្ទីរពេទ្យកំពង់ចាម ១នាក់នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ៤៤នាក់នៅមន្ទីរពេទ្យហ្លួងម៉ែ ១នាក់នៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និង ១នាក់នៅសណ្ឋាគារក្រេតឌុក។

ចំណែកអ្នកធ្វើដំណើរចូល​មក​កម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន១នាក់ដែលមានវីរុសកូវីដ-១៩ បានមកដល់កម្ពុជានៅថ្ងៃទី១៦​ ខែមីនា ហើយត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមន្ទីរពេទ្យហ្លួងម៉ែ។

គិតត្រឹមថ្ងៃទី៣០ ខែ មីនា​ កម្ពុជា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ សរុបចំនួន​ ២៣៧៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧៦​នាក់ អ្នកកំពុងសម្រាកព្យាបាល ១១៨៦ និងអ្នកស្លាប់​១១នាក់៕