សប្បុរសជនធំៗនៅកម្ពជា រួមមានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា អ្នកឧកញ៉ាគិត ម៉េង អ្នកឧកញ៉ាពុង ខៀវសែ​ និងក្រុមហ៊ុនជីប ម៉ុង បានបរិច្ចាកថវិការាប់លានដុល្លារអាមេរិកជួយទិញមន្ទីពេទ្យមួយកន្លែងឈ្មោះ «នគរទេព» ដើម្បីប្រើប្រាស់សំរាប់ព្យបាលអ្នកជំងឺ​កូវីដ១៩​ កាលពីថ្ងៃទី ២៨ មិនា ២០២១ ខណៈដែលករណីកូវីដបានកើនឡើងដល់ចំនួនសរុប​ ២៣៧៧នាក់ហើយ នៅទូទាំងប្រទេស។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិការចំនួន ៣.៥លានដុល្លារសហរដ្ឋ​អាមេរិក អ្នកឧកញ៉ាគិត ម៉េងថវិការចំនួន ២លានដុល្លារសហរដ្ឋអាមេរិក អ្នកឧកញ៉ាពុង ខៀវសែ ថវិការចំនួន ២លានដុល្លារសហរដ្ឋអាមេរិក​​ និងក្រុមហ៊ុនជីប ម៉ុងគ្រប់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក រួមទាំងសប្បុរសជនជាច្រើនទៀត។ នេះយោងតាមការប្រកាសផ្ទាល់ខ្លួននៅតាមបណ្តាញសង្គម និងសារព័ត៌មាននានា។​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើហ្វេសប៊ុកដូច្នេះថា «ខ្ញុំបាទ និងក្រុមគ្រួសារសូមជួយតាមរយៈសម្ដេចតេជោដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 #ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា»។

មន្ទីរពេទ្យ«នគរទេព» ជាមន្ទីរពេទ្យឯកជនមួយកន្លែងដែលត្រួវបានសាងសង់ឡើងនៅឆ្នាំ ២០១១ ស្ថិតនៅ​​ផ្លូវ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដូរឈ្មោះមកជា «ហ្លួងម៉ែ»​ វិញ។

តាមរយៈហ្វេសប៊ុក មន្ទីរពេទ្យស្ត្រីនគរទេពបានបង្ហោះកាលពីថ្ងៃទី១២ ខែមីនាថាមន្ទីរពេទ្យស្ត្រីនឹងផ្អាកដំណើរការមួយរយៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

មន្ទីពេទ្យបាននិយាយតាមហ្វេសប៊ុកថា «ជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃករណី Covid-19 មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាមន្ទីរពេទ្យស្ត្រីនគរទេពនឹងចាប់ផ្តើមបេសកកម្មថ្មីមួយដែលធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ការយកចិត្តទុកដាក់ដល់អ្នកជំងឺ Covid-19 បន្ទាប់ពីថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២១»។

គិតត្រឹមថ្ងៃទី៣០ ខែ មីនា​ កម្ពុជា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ សរុបចំនួន​ ២៣៧៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧៦​នាក់ អ្នកកំពុងសម្រាកព្យាបាល ១១៨៦ និងអ្នកស្លាប់​១១នាក់៕