ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦៣នាក់បន្ថែមទៀត​ និងមានអ្នកជាសះស្បើយចំនួន​ ១៥នាក់ គិតត្រឹមម៉ោង ៧ព្រឹក​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

តាមរយៈសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា​នេះ​ អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ​ដែលក្នុងនោះមានជនជាតិចិន ១១នាក់​ និង ខ្មែរ ៥២នាក់។

គួរឱ្យដឹងដែរថា អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ៦៣នាក់​នោះ នឹងត្រូវសម្រាកព្យាបាល​ ៤​នាក់នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ១នាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ១នាក់ នៅមន្ទីពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង ៣៤នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៣នាក់ នៅសណ្ឋាគារក្រេតឌុក ១នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង ១៥​នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ។

ចំណែកអ្នកឆ្លងវីរុសកូវីដ-១៩​ ចំនួន ២នាក់ទៀត ក្រសួង​នឹង​ជូន​ដំណឹង​នៅ​ពេលក្រោយទាក់ទងនឹង កន្លែងសម្រាកព្យាបាល។

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែមីនា​ កម្ពុជា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ សរុបចំនួន​ ២៤៤០នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៩១​នាក់ អ្នកកំពុងសម្រាប់ព្យាបាលសរុបចំនួន ១២៣៤ និងអ្នកស្លាប់ ​១១នាក់៕