កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក​ និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។ 

ការចាប់ផ្ដើមរស់នៅរបស់កញ្ញា វ័យ២៣ឆ្នាំរូបនេះ គឺហាក់បីដូចជាដំណើរមួយដែលកើតចេញពីការចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម និងការធ្វើដំណើរកម្សាន្តរបស់កញ្ញា។ កញ្ញាចាប់ផ្ដើមការរស់នៅដែលព្យាយាមមិនបង្កើតសំណល់នៅចុងខែធ្នូ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ កញ្ញាក៏បានបង្កើតគម្រោងមួយឈ្មោះថា «Zerow» ជាគម្រោងមួយដែលធ្វើឡើងដើម្បីចែករំលែកទាក់ទងនឹងការរស់នៅរបៀប Zero Waste ហើយត្រូវបានគាំទ្រយ៉ាងច្រើនដោយសាធារណៈជន។ 

កញ្ញាឱក សុចិន្តា។ រូបភាព៖ ហ្វេសប៊ុក ZEROW

កញ្ញាឱក សុចិន្តា បាននិយាយក្នុងកិច្ចសម្ភាសជាមួយ Newsroom Cambodia តាម Zoom ដូច្នេះថា «មុនពេលហ្នឹង ខ្ញុំគ្រាន់តែស្គាល់ Zero Waste ហើយខ្ញុំគ្រាន់តែកាត់បន្ថយសំណល់តិចតួចតាមតែអាចធ្វើបាន។ បន្ទាប់មកខ្ញុំចាប់ផ្ដើមបង្កើតទំព័រហ្វេសប៊ុក ZEROW ទើបខ្ញុំដាក់ចិត្តដាក់កាយថានឹងរស់នៅលក្ខណៈ Zero Waste»។

កញ្ញាឱក សុចិន្តាជាអ្នកមកពីខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នមានការងារជាអ្នកបង្កើតមាតិកាបរិស្ថាន និងរស់នៅក្នុងរាជធានីភ្នំពេញ។ កញ្ញាបាននិយាយថា ការកាត់បន្ថយថង់ ឬកែវប្លាស្ទិកដែលប្រើបានតែមួយដង ជាការចាប់ផ្ដើមដ៏ល្អក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក។

កញ្ញបានបញ្ជាក់ថា «ជាធម្មតាយើងទិញផលិតផលណាមួយយើងគ្រាន់តែចំណាយលើផលិតផលនោះតែប៉ុណ្ណោះ ប៉ុន្តែយើងមិនបានចំណាយគិតដល់ផលប៉ះពាល់នៃបរិស្ថានទេ។ នេះជាហេតុផលដែលផលិតផលធម្មតាមានលក្ខណៈធូរថ្លៃជាងផលិតផល Eco-friendly»។​

កញ្ញាឱក សុចិន្តាក៏បានលើកទឹកចិត្តឲ្យអ្នកផ្សេងទៀតជួយគាំទ្រផលិតផល Eco-friendly​ ទោះបីជាមានតម្លៃរៀងថ្លៃបន្តិច ប៉ុន្តែការចំណាយក៏ជាជំនួយដល់អ្នកដែលបង្កើតដែរ។

«ជាការពិតណាស់ របស់ប្រើប្រាស់មួយចំនួនពិបាកនឹងរកនៅលើទីផ្សារណាស់ ប៉ុន្តែយើងក៏នៅតែអាចកែច្នៃវាបាន។ កាលពីសម័យជីដូនជីតាយើង យើងមិនបានប្រើប្រាស់ប្លាស្ទិកទេ តែយើងក៏អាចនៅតែរស់បាន ដូច្នេះយើងក៏អាចធ្វើតាមដូនតាយើងពីមុនបានដែរ»។ 

កញ្ញាឱក សុចិន្តា បាននិយាយថា គួរពិនិត្យមើលធុងសំរាមរបស់យើងថាតើយើងសល់កាកសំណល់អ្វីច្រើនជាងគេ ហើយបន្ទាប់មក ចាប់យកទម្លាប់ល្អមួយដើម្បីកាត់បន្ថយសំណល់នោះ។ កញ្ញាបានបន្ថែមថា យើងក៏អាចកែច្នៃកាកសំណល់បានដែរ ដូចជាកាកសំណល់សរីរាង្គអាចធ្វើជាជីកំប៉ុសជាដើម។ 

កញ្ញាបានសង្ឃឹមថា ZEROW នឹងជាធនធានមួយសម្រាប់ចែករំលែកចំណេះដឹងទាក់ទងនឹងការរស់នូវប្រកបដោយនិរន្តភាព ព្រមទាំងក្លាយជាកន្លែងមួយដែលផ្គត់ផ្គង់ផលិតផលដែលមិនប្រើប្រាស់ប្លាស្ទិក។ ហើយនៅក្នុងពេលខាងមុខនេះដែរ កញ្ញានឹងមានផែនការបង្កើតជាសមាគមន៍តូចមួយដែលមានអ្នករស់នៅបែបកាត់បន្ថយសំណល់ ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យអ្នកផ្សេងទៀតរស់នៅបែប Zero Waste ឲ្យបានច្រើនជាងនេះ៕