ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានអ្នកស្លាប់​ ២នាក់បន្ថែមទៀត​ ដោយសារកូវីដ ១៩ ហើយរកឃើញករណីវិជ្ជមានថ្មីចំនួន​ ៦៩នាក់​ អ្នកជាសះស្បើយយចំនួន​ ១៦នាក់​​ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

ករណីស្លាប់ដោយឆ្លងវីរុសកូវីដ១៩ ជាស្ត្រីអាយុ ៧០​ឆ្នាំ និង​ ស្ត្រីអាយុ ៦៧ឆ្នាំ ដែលបានទទួលមរណភាពនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល។ 

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​២ ខែមេសា ​បានបញ្ជាក់ផងដែរថា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ គឺជាអ្នកធ្វើដំណើរចូល​មក​កម្ពុជាជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ និង ៦៨នាក់​ផ្សេងទៀត ជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ។

អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុចំនួន ៤នាក់ មន្ទីពេទ្យជ័យជំនះ ខេត្តកណ្ដាលចំនួន ១៣​នាក់ មន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀងចំនួន ២៨នាក់ មន្ទីពេទ្យហ្លួងម៉ែចំនួន ២១នាក់  និង ២នាក់ទៀត ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល។ 

ចំណែក​ ជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ដែលមានវីរុសកូវីដ-១៩ មកដល់កម្ពុជានៅថ្ងៃទី២០​ ខែមីនា សម្រាប់កន្លែងដាក់ឲ្យព្យាបាលនឹងជូនដំណឹងបន្តពីក្រសួង។

គិតត្រឹមថ្ងៃទី ២ ខែមេសា​ កម្ពុជា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ សរុបចំនួន​ ២៥៤៦នាក់ អ្នកជាសះស្បើយសរុបចំនួន ១២៥៦​នាក់ អ្នកកំពុងសម្រាកព្យាបាល ១២៧០ និងអ្នកស្លាប់​ចំនួន ១៦នាក់។