សម្រាប់អ្នកទេសចរ និងប្រជាជនរស់នៅរាជធានីភ្នំពេញ ប្រាកដណាស់ថា មិនអាចរំលង ការចូល​ទស្សនា ឬតែងបានមកលំហែ​នៅតំបន់រាជវាំងប្រវត្តិសាស្ត្រ ព្រមទាំង​ជា​ទី​សក្ការៈ​បូជា​មួយ​នាទី​ប្រសព្វ​នៃច្រាំងទន្លេបួនមុខ មានមេគង្គលើ មេគង្គក្រោម ទន្លេ​សាប និង​ទន្លេ​បាសាក់ ដែលជាកន្លែងប្រជុំតំបន់សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត និង​ជា​ទីក្រុង​ប្រមូល​ផ្ដុំ​ធំ​ជាងគេ​​​នៅ​កម្ពុជា។

ប្រសិនបើ​អ្នកធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងខ្មែរ ឬនាមហៅជាផ្លូវការថា ព្រះ​បរម​រាជ​​វាំង​ចតុមុខ​ស្រីមង្គលមហានគរ អ្នកប្រហែលអាចប្រទះភ្នែកនឹង​រាជដំណាក់មួយ ដែល​មាន​ទម្រង់រចនាប័ទ្មប្លែកគេ ដោយសង់ឡើងអំពីលោហធាតុ​ប្រៀបបាននឹង កូន​វីឡា​រាង​តូច​ច្រឡឹង​ពណ៌​ស​ស្រអាប់ មានពី​រថ្នាក់ រំលេចជាក្បាច់រចនា ស្រដៀងគ្នាលើក្រោម និង​អម​លម្អរ​ដោយ​ដំបូល​នាឡិកា និងកំពូលប៉មកណ្ដឹង​នៅខាងលើបង្អស់​នៃវិមាន ដែល​ដំណាក់​មួយ​នេះ សង់​ឈរ​តាំង​ពី​មុខ​ប្រាសាទ​ពណ៌​មាស​ទ្រវែង​មួយ មាន​លម្អរហោជាង​ ជាច្រក​ទ្វារ​អម​សង​ខាង មើល​ទៅ​ពិត​ជា​ស្អាត​ប្លែក និង​ទី​ចាប់​អារម្មណ៍ ក្នុង​ចំណោម​ស្ថាបត្យក​ម្ម​ផ្សេងៗទៀត​នៃរាជវាំង​សម្រាប់ក្រុមអ្នកទេសចរ ហើយសំណង់ប្លែកគេនោះ គឺវិ​មា​ន​ណាប៉ូឡេ​អុង ទី៣។

ឯកសារយោង ពីសៀវភៅ Le Palais du Roi du Cambodge និពន្ធដោយលោក Julio A. Jeldres បានរៀប​រា​ប់​ថា Pavillon Napoléon(ប៉ាវីយ៉ុងណាប៉ូឡេអុង) អាចហៅម្យ៉ាងទៀតថា Pavillon de Suez (ប៉ាវីយ៉ុងដឺស៊ុយអេ) ឬវិមានណាប៉ូឡេអុងទី៣ គឺជាព្រះរាជដំណាក់ ត្រូវ​បានសាងសង់ឡើងក្នុងឆ្នាំ ១៨៦៩ សម្រាប់ព្រះរាជនី Eugénie  ជាព្រះរាជអគ្គមហេសី របស់អធិរាជ ណាប៉ូលេអុងទី៣ នៅពេលទ្រង់បានយាងព្រះរាជដំណើរទៅសម្ពោធ ព្រែក​ជីកស៊ុយអេ។

គ្រាបន្ទាប់មក អធិរាជណាប៉ូលេអុងទី៣ ក៏បានប្រទាន ទីន័ង Pavillon Napoléon មកដល់ព្រះបាទ នរោត្តម ជាព្រះរាជ​អំណោយ​មិត្តភាពអនុស្សាវរីយ៍ នាឆ្នាំ១៨៧៦ និងត្រូវបានរុះរើសចេញពីតំបន់ Ismailai នៃប្រទេសអេហ្ស៊ីប ដឹកតាមកប៉ាល់​យក​មក​តម្រៀបសាងសង់សាជាថ្មី នៅព្រះរាជវាំងចតុម្មុខសិរីមង្គលមហានគរ រាជធា​នីភ្នំពេញ។

សម្រាប់និមិត្តសញ្ញា អក្សរ N រចនាតំណាងឲ្យ Napoléon ដែលលម្អលើផ្ទាំងកញ្ចក់ ក្នុង​វិមាន គឺទុកនៅដដែល ពុំមានការផ្លាស់ប្តូរទេ ព្រោះសញ្ញានេះ​ស៊ីគ្នានឹង​ព្រះនាមរ​បស់​ហ្លួង នរោត្ដម ដែលផ្ដើមដោយអក្សរ N ផងដែរ៕