ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា បុរសជនជាតិចិន អាយុ ៤២ឆ្នាំម្នាក់ ដែលរស់នៅក្នុងអាផាតមិន ក្នុងរាជធានីភ្នំពេញ បានបាត់បង់ជីវិតដោយសារកូវីដ ១៩ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដែលបាននាំឲ្យមានអ្នកស្លាប់សរុបទូទាំងប្រទេសមានចំនួន ២១នាក់ហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ
បុរសជនជាតិចិននោះ ដែលបានរស់នៅក្នុងអាផាតមិនមួយក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយគាត់ក៏ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូរវៀត នៅថ្ងៃដដែលនោះផងដែរ។

ដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង វាបានតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ក៏ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។

«ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៤
ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:០០នាទី»។

ក្រុមគ្រូពេទ្យបាន​សន្និដ្ឋានថាបុរសជនជាតិចិននេះបានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ ១៩។

ជនជាតិខ្មែរម្នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរដោយឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយ គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៧៥២នាក់
អ្នកជាសះស្បើយសរុបចំនួន ១៧៤៧នាក់ អ្នកកំពុងសម្រាកព្យាបាល ៩៧៩នាក់ និងអ្នកស្លាប់ចំនួន ២១នាក់៕