អ្នកចាក់វ៉ាក់​ការពារ​ជំងឺ​កូវីដ​១៩​ទាំងបី​ប្រភេទ ​កើនឡើ​ងដ​ល់​ជាង​៤សែន​​នាក់ នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល​ជិត​ពីរ​ខែ​ បន្ទាប់​ពី​​បាន​ចាប់​ផ្តើម​ចាក់​តាំង​ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ​មក។​ នេះ​បើ​​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​។​

ក្នុងវីដេអូ​​ដែល​​លោក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ផ្តល់​សម្ភាសន៍​ទៅ​អ្នកសារព័ត៌មាន និង​ត្រូវ​បាន​ផ្សាយ​បន្ត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១​នេះ លោក​ស្រី​លើកឡើង​ថា ដំណើរការចាក់​វ៉ាក់​សាំង​​ដែល​ចាប់​ផ្តើម​តាំង​ពី​​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ មក​ដល់​ត្រឹម​ថ្ងៃ​ទី​៥ ខែមេសា​នេះ​ អ្នក​ចាក់​សរុប​ចំនួន​​៤១៨,៥៦៩នាក់។ ចំនួន​អ្នកចាក់វ៉ាក់​សាំង​​ជាង​បួន​សែន​នាក់​នេះ គឺ​ជា​ការ​ចាក់​វ៉ាក់​សាំង​ទាំង​បី​ប្រភេទ ដែល​មាន​កូវីស្យែល ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់។​

លោក​ស្រី​ ឱ វណ្ណឌីន បន្ថែម​ថា ​រដ្ឋាភិបាល​កំពុង​បន្ត​ផ្តល់​វ៉ាក់​សាំង​ដល់​ក្រុម​ជន​អាទិភាព ចំណែក​ប្រជាពលរដ្ឋ​ទូទៅ​សូម​មាន​ការ​អត់​ធ្មត់។

«ក្រុមអទិ​ភាពគួរតែទទួលបានវ៉ាក់សាំងជាបណ្តើរៗ ទៅតាមការទទួលបានវ៉ាក់សាំង និង​សូម​ឲ្យ​បងប្អូន​មាន​ការអត់ធ្មត់ និង​សូម​រង់ចាំ​ទៅ​ បន្តិច​នឹង​ចាក់​ជូ​ន​ជា​បណ្ដើរៗ​ទៀត​ហើយ​»។

កម្ពុជា​កំពុង​ពង្រីក​ការ​ចាក់​វ៉ាក់​សាំង​​​ចំនួន​បី​ប្រភេទ​ដែល​ខ្លួន​មាន ដោយ​វ៉ាក់​សាំង​ស៊ី​ណូហ្វាមដែល​បាន​ជំនួយ​ពី​ប្រទេស​ចិន​មាន​ប្រមាណជា​១លាន​៣​សែន​ដូស វ៉ាក់​សាំង​កូវីស្យែល​ដែល​ទទួល​បាន​ជំនួយ​ពី​អង្គការ​សុខភាព​ពិភព​លោក​មាន​ចំនួនជាង​​បី​សែន​ដូស និង​វ៉ាក់​សាំង​ស៊ីណូ​វ៉ាក់​ដែល​កម្ពុជា​បាន​ទិញ​ពី​ក្រុម​ហ៊ុន​ផលិត​នៅ​ប្រទេស​ចិន​មាន​ចំនួន​១​លាន​៥​សែន​ដូស៕ ​​