ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​បានប្រកាស​ថា បុរសជនជាតិខ្មែរ​ អាយុ​៣៥ឆ្នាំម្នាក់ ដែលរស់នៅក្នុង ខេត្តព្រៃវែង បានបាត់បង់ជីវិតដោយសារកូវីដ​១៩ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដែល​​នាំឲ្យមានអ្នកស្លាប់​ដោយ​ជំងឺ​នេះ​សរុបទូទាំងប្រទេសមានចំនួន ២២​នាក់​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ​បញ្ជាក់​​ថា បុរសជនជាតិខ្មែរ រូប​នោះ​​រស់ភូមិឬស្សីចក ឃុំព្រៃ​គ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ​១៩ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០ នាទី។

​ក្រសួង​បន្ថែម​ថា អ្នកជំងឺខាងលើត្រូវបានមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូរវៀត នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​១០:២០​នាទី​ព្រឹក​​ ដោយ​ស្ថានភាពសន្លប់ បាត់​ និង​គ្មាន​សញ្ញាជីវិត ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេក​ទេស​ ដោយ​ធ្វើ​ចលនា​បេះដូង​អស់​រយៈពេល​២០​នាទី​  ប៉ុន្តែនៅតែ​មិ​ន​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឲ្យ​រួច​ផុតពីសេចក្ដីស្លាប់បាន។

ក្រសួង​បញ្ជាក់​ថា៖ «ដោយមានការសង្ស័យ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​របស់​សព​ដើម្បី​ធ្វើការ​វិភាគ​រក​កូវីដ​១៩ ជាលទ្ធផលបានបញ្ជាក់ថាសពមានវិជ្ជមានកូវីដ​១៩»។

គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២,៨២៤នាក់។ អ្នកជាសះស្បើយ​សរុបចំនួន ១,៧៩៤នាក់ អ្នកកំពុងសម្រាកព្យាបាល ១,០០៣នាក់ និងអ្នកស្លាប់ចំនួន​២២នាក់៕