លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​បញ្ជាឲ្យ​ត្រៀម​រៀបចំ​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ដែលមាន​អាការៈ​ស្រាល ឱ្យព្យាបាលនៅតាមផ្ទះរបស់ខ្លួន ប្រសិន​បើ​ករណី​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ​មិនមានការថមថយ។

​តាមរយៈសារសំឡេង​របស់លោកនាយករដ្ឋមន្រ្តី​​​ដែលត្រូវ​បាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​របស់​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ នៅព្រឹកថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​ លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ជាឱ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​រៀបចំ​ក្រុមការងារប្រតិបត្តិ អម​ជាមួយ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

បន្ទាប់ពីមានការឆ្លងថ្មីនៃជំងឺកូវីដ១៩នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក ដែលត្រឹមតែរយៈពេលជាងមួយ​ខែប៉ុណ្ណោះ។ បើគិតត្រឹមថ្ងៃទី៦ ខែមេសា​​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​រហូត​​ដល់២,២៩៣នាក់។

លោក ហ៊ុន សែន បន្ថែម​ថា សម្រាប់​កន្លែង​ទទួល​ព្យាបាល​សម្រាប់​អ្នក​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​នៅមា​ន​តិច​តួច គឺមានត្រឹមតែ៤មន្ទីរពេទ្យតែប៉ុណ្ណោះ ដែលរួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យ​ចាក់​អង្រែ មន្ទីរពេទ្យរបេងហង់សិន និងមន្ទីរពេទ្យ​ហ្លូង​ម៉ែ​ ដែលជាហេតុធ្វើ​ឱ្យ​រាជ​រដ្ឋាភិបាល​ត្រៀម​​​វិធានការថ្មី ដោយឱ្យអ្នកមានផ្ទុកជំងឺកូវីដ១៩ មានអាការៈស្រាលៗ ឱ្យព្យាបាលនៅផ្ទះរបស់ខ្លួន ដើម្បីជាការកាត់បន្ថយការកក់ស្ទះនៅតាមមន្ទីរពេទ្យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា៖ «​ខ្ញុំសូមស្នើឱ្យក្រុមការងាររបស់យើង រៀបចំ​នូវ​ក្រុម​ប្រតិបត្តិ​សម្រាប់​ការព្យាបាល​នៅ​តាម​ផ្ទះ ឱ្យហើយស្រេច ហើយ​ដល់​ពេល​ណាមួយ​យើង​ត្រូវ​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការទទួល​យក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ទុក​សម្រាប់​ការព្យាបាល​នៅ​តាម​ផ្ទះ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន​ ទោះ​បី​ជា​យើង​រៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ។ ទុកអ្នកវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាល ទុក​ព្យាបាល​នៅ​តាម​ផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់»។

លោក ហ៊ុនសែន ក៏បានឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ​និងមើលថែអ្នកជំងឺតាមផ្ទះ​ឱ្យ​បាន​ដិត​ដល់ និងផ្តល់ប្រាក់ឧត្ថមមួយចំនួនដើម្បីទំនុកបំរុងអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

«យើងក៏ត្រូវសម្រួលរៀបចំពួកគាត់ ដើម្បីឱ្យពួកគាត់រស់នៅបានស្រួលមិនលំបាក អញ្ចឹង​ក្រៅពីកា​រ​ព្យាបាល អាចរៀបចំការជួយ​ឧបត្ថម​ចំពោះពួកគាត់ តាមរបៀបនៃការធ្វើចត្តាឡីស័កអញ្ចឹង ក្នុង​មួយ​ថ្ងៃ​ជូន​គាត់​២ម៉ឺនរៀលក្នុងការហូបចុកនានា ដែលត្រូវ​ផ្តល់​ទៅ​ឱ្យ​ពួកគាត់​ដើម្បី​ឱ្យ​អ្នក​ផ្ទះ​ជួយ​រៀបចំ​ម្ហូប​អាហារ​សម្រាប់គាត់ ដើម្បីបំប៉នសម្រាប់ការព្យាបាល»។

ប៉ុន្មានម៉ោងបន្ទាប់ពីលោក ហ៊ុន សែន បានដាក់បញ្ជា ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​​ទៅ​គណៈអភិបាល​រាជធានី-ខេត្តទូទាំងប្រទេស ឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យ ដើម្បី​ព្យាបាល និងថែទាំអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយត្រូវយក​ក្រុមគ្រូពេទ្យ​នៅ​តាម​មូលដ្ឋាន​សុខា​ភិបាល​ផ្ទាល់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១​នេះ​​បញ្ជាក់ថា៖ «ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់​អ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌ​ដែល​មាន​ការរាត​ត្បាត​ធ្ងន់ធ្ងរ​ជាយថា​ហេតុ ដែលហួសពីចំណុះនៃមន្ទីរពេទ្យរដ្ឋ ឬកន្លែងដែលឯកឧត្តម លោកជំទាវ បាន​​រៀបចំរួចជាស្រេច។ ការត្រៀមបំរុង​នេះត្រូវ​យក​ក្រុមគ្រូពេទ្យនៅ​តាមមូលដ្ឋាន​សុខាភិបាល​ផ្ទាល់​រប​ស់​ខ្លួន​ ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ»។

គួរបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានេះ បានកើតឡើងខ្លាំង​សារ​ជាថ្មី​បន្ទាប់​​​ពី​មានការផ្ទុះ​​​សហគមន៍​២០កុម្ភៈ ដែលធ្វើឱ្យមានអ្នកពាក់ព័ន្ធជាច្រើន និង​បានឈាន​ទៅ​ដល់​ការដាក់បំរាមគោចរ​នៅ​រាជធានី​ភ្នំពេញ មិនឱ្យមានការធ្វើចរាចរណ៍លើដងផ្លូវ និង​លក់ដូរ​នៅ​ពេល​យ​ប់ ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹកផងដែរ៕