រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត និង​​បិទ​រមណីយ​ដ្ឋាន​​ទេសចរណ៍​​ទូទាំង​​ប្រទេស​​រយៈ​ពេល​១៤​ថ្ងៃ គិត​​ចាប់​ពី​​វេលា​​ម៉ោង​១២​យប់​ ថ្ងៃទី០៧ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ ​ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ​។

យោង​តាម​សេចក្ដី​សម្រេច​មួយ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​ទី០៦​ ខែមេសា​កន្ល​ង​ទៅនេះ​បាន​បញ្ជាក់​ថា ចាប់​ពីចាប់ពី​ថ្ងៃទី៧​នេះ​តទៅ​នឹង​មាន​ការហាម​ប្រាម​មិន​ឲ្យ​មាន​ការធ្វើ​ដំណើរ​ឆ្ល​​ង​កាត់​ចេញ​ចូល​​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​រយៈពេល​១៤​ក្នុង​គោល​បំណ​ង​ប្រយុទ្ធ និង​ទ​ប់ស្កាត់​ការឆ្ល​ង​រីករាល​ដាល​នៃ​ជំងឺ​កូវី​ដ១៩។

ក្នុងសេចក្ដី​សម្រេច​នោះក៏​បា​ន​បញ្ជា​ក់​ផង​ដែរ​ថា រមណីយដ្ឋាន​ទូទាំង​ប្រទេស​ក៏​ត្រូវ​បិទ​ក្នុង​រយៈពេល​១៤ថ្ងៃ​ផង​ដែរ ហើយ​គណៈអភិបាល​រាជធានី​ខេត្ត​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ក្នុង​ការអនុវត្ត​វិធានការ​ខាង​លើនេះឲ្យ​មាន​ប្រសិទ្ធភាព។

លោក ​​ភ័ក្រ ​អ្នក​ប្រកប​របរ​បើក​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ផ្សារ​ស្រែ​អំបិល​ខេត្ត​កោះកុង តាំង​ពី​ឆ្នាំ២០១៤​មក​បាន​ប្រាប់ Newsroom Cambodia ថា​វា​ជា​គោលការណ៍​ល្អមួយ​ក្នុង​អំ​ឡុង​ពេលនេះ​សម្រាប់​ការគ្រប់គ្រង​ការរីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩ ប៉ុន្តែ​វាក៏​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បញ្ហា​ជីវភាព​របស់​គាត់​ដែរ។

លោកបានបន្តថា៖ ​«និយាយពីបញ្ហាដែលពិបាកជាងគេគឺបញ្ហាសេដ្ឋកិច្ច បា​ទ​ប៉ុន្តែ​វា​ជា​គោល​ការណ៍​មួយ​ក៏​ជារឿង​ល្អ​សម្រាប់​ថា​ទប់ស្កាត់​ជំងឺ​កូវីដ​ប៉ិន​បញ្ហា​ដែល​ប៉ះពាល់​លើ​ពួកខ្ញុំ​ជា​អ្នក​រត់​តាក់ស៊ី​គឺ​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ច​ឧទាហរណ៍​ពាក់ព័ន្ធ​ទៅ​លើ​ត្រូវ​ការលុយបង់​ធនាគារ​អីចឹង ដល់​​ចឹង​​​វា​​អត់​​មា​ន​ចំណូល​​សោះ​​តែ​​ម្ដង»។

ចំណែកឯលោក ស៊ីវ​ឈី វណ្ណឆៃ និស្សិត​ផ្នែក​ទេសចរណ៍​នៅ​សាលា​អាស៊ី​អឺរុប​មក​ពី​ខេត្ត​ស្វាយរៀង និង​កំពុង​រស់នៅ​រាជធានីភ្នំពេញ​បាន​ប្រាប់ Newsroom Cambodia ដែរថា​ លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​​ដើម្បី​កុំ​ឲ្យ​មាន​ករណី​ឆ្លង​ពីខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ដូច​ករណី​មុនៗ។  ប៉ុន្តែលោក​ថា លោក​ក៏​​បារម្ភ​​​ថា ទំនិញ​អាច​​ឡើងថ្លៃ​​នៅ​​តាម​បណ្តា​ខេត្ត​។​

លោក​ថា៖ «អាការ​ដែល​ទៅ​ស្រុក​នឹង​ខ្ញុំ​ក៏​ចង់​ទៅដែរ តែ​ដល់​ពេល​គេ​ហាម​ចឹង​ទៅ​យើង​ទៅ​អត់​កើត​ទេ​តែបើ​យើង​ទៅ​គេចា​ប់​យើង​ដាក់​ចត្តាឡី​ស័ក​ដដែល​ ចឹង​ទៅ​បិទ​ចរាចរណ៍​ចឹង​ទៅ​វា​ទាំង​អស់​​តែ​គ្នាទេ​»។

គួរបញ្ជាក់​ថា ទោះ​បី​ជារដ្ឋាភិបាលបានចេញសម្រេចបិទចរាចរណ៍ចេញចូលខេត្តក្តី ប៉ុន្តែ​ក៏​នៅមា​នក​រណី​លើកលែង​មួយ​ចំនួ​ន​ដូចជា​ឡាន​ដឹក​សំរាម​ ឡាន​សង្គ្រោះប​ន្ទាន់​ ឡាន​ដឹក​ទំនិញ​ ឡាន​ពន្លត់​អគ្គីភ័យ ការធ្វើ​ដំណើរ​របស់​​មន្ត្រី​រាជការ​ក្នុង​គោល​ការណ៍​​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ជាដើម​៕