ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនបងប្អូនកម្មករ
និយោជិតតាមរោងចក្រ សហគ្រាស ​ឬសួនឧស្សាហកម្ម ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ។

ក្នុងសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រសួង​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៦០ក្រុម
មានសមត្ថភាពចាក់បានចំនួន ៤០០ដូស ក្នុងមួយថ្ងៃ ដោយគ្រូពេទ្យចំនួន ៣០ក្រុម នឹងចាក់វ៉ាក់សាំងចំនួន
២០ម៉ឺនដូស ក្នុងមួយខែ ជូនបងប្អូនកម្មករ និយោជិតនៅរាជធានីភ្នំពេញ។

រីឯគ្រូពេទ្យចំនួន ៣០ក្រុមទៀត នឹងចាក់ជូនបងប្អូនកម្មករ និយោជិតនៅតាមបណ្ដាខេត្តផ្សេងទៀត និង
ដើម្បីទទួលបានការចាក់វ៉ាក់សាំង ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការវិជ្ជាជីវៈ ត្រូវផ្ដល់ឈ្មោះឲ្យបាន ៣ថ្ងៃ
មុនកាលបរិច្ឆេទចាក់វ៉ាក់សាំង។ ដោយឡែកសម្រាប់កម្មករ និយោជិតខ្មែរ វិនិយោគិន ឬម្ចាស់ជាជនបរទស
ត្រូវចុះឈ្មោះជាមួយរោងចក្រ សហគ្រាស ឬអង្គភាពរបស់ខ្លួន ហើយបន្ទាប់មកក្រុមការងារកំណត់ទីតាំងនឹងជូនដំណឹងទៅតាមក្រោយ។

គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំងទាំងនោះ សម្រាប់ថ្ងៃទី៧ ខែមេសា នឹងធ្វើនៅសួនឧស្សាហកម្មកាណាឌីយ៉ា (ផ្លូវវេងស្រេង) សួនឧស្សាហកម្ម ISI តំបន់រោងចក្រដំបូលខៀវ (ផ្លូវវេងស្រេង) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ផ្លូវជាតិលេខ៤)។

ចំណែកឯថ្ងៃទី៩ ខែមេសា នឹងធ្វើនៅសួនឧស្សាហកម្មវឌ្ឍនៈ ១ (ផ្លូវវេងស្រេង) រោងចក្រសិនចូវ (ផ្លូវវេងស្រេង) និងរោងចក្រ Marvel។

គូររំលឹកផងដែរថា នៅថ្ងៃចាក់វ៉ាក់សាំង សម្រាប់ជនជាតិខ្មែរត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ឬលិខិតឆ្លងដែន ឬសំបុត្រកំណើតច្បាប់ដើម និងថតចម្លងឯកសារទាំងនោះក្នុងទំហំក្រដាស A4 ចំនួន ១សន្លឹក។

រីឯជនជាតិបរទេសត្រូវភ្ជាប់មកជាមួយ លិខិតឆ្លងដែន និងបណ្ណ/សៀវភៅការងារជនបរទេស
ច្បាប់ដើមដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថតចម្លងឯកសារ​ទាំង២ នេះ
ក្នុងទំហំក្រដាស A4 ចំនួន ១សន្លឹក៕