បន្ទាប់ពីមានប្រតិកម្មខ្លាំង សារព័ត៌មាន VICE នៅថ្ងៃទី១១ ខែមេសា បានលុបអត្ថបទ និងរូបភាពដែលត្រូវបានកែច្នៃជាថែមពណ៍ និងញញឹមដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារតាមរយៈចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១១ ខែមេសា
ឆ្នាំ២០២១ ឲ្យលោកម៉ាត ឡូវរី (Matt Loughrey) និងសារព័ត៌មាន Vice លុបចោលរូបភាពដែលគេបានបង្ហោះតាមរយៈគេហទំព័ររបស់ខ្លួន។

សារព័ត៌មាន VICE បាននិយាយក្នុងសេចក្តីថ្លែងការណ៌ថា «អត្ថបទនេះរួមបញ្ចូលទាំងរូបថតរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលមានការបន្ថែមលើសពីពណ៌។ អត្ថបទនេះមិនត្រូវតាមស្តងដាររបស់VICE ហើយត្រូវបានដកចេញ។ យើងសោកស្តាយចំពោះកំហុសហើយនឹងធ្វើការស៊ើបអង្កេតអំពីការបរាជ័យដែលនាំឲ្យអត្ថបទនេះផ្សាយ»។

ក្រសួងបាននិយាយថា ទង្វើនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ហើយបំពានសិទ្ធិនៃការប្រើប្រាស់រូបរបស់សារមន្ទីរ ដែលបានយករូបថតទៅកែច្នៃជាពណ៍ធម្មជាតិ និងបានកែច្នៃឲ្យខុសពីស្ថានភាពជាក់ស្ដែងអំឡុងពេលដែលជនរងគ្រោះបានទទួលរងការឈឺចាប់ពីរបបខ្មែរក្រហម។

សេចក្ដីជូនដំណឹងដដែលក៏បានបន្តថា៖ «ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សារមន្ទីពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរ»។

«ក្រសួងនឹងចាត់ការតាមច្បាប់ជាតិនិងអន្តរជាតិដែលមានជាធរមានក្នុងករណីបុគ្គលឈ្មោះ ម៉ាត
ឡូវរី (Matt Loughrey)មិនអនុវត្តតាមសេចក្ដីណែនាំខាងលើ»។