ច្បាប់​ស្ដី​ពី​សញ្ជាតិ​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​១៩៩៦ បាន​បែង​ចែក​សញ្ជាតិ​ជា​​បី​ប្រភេទ គឺ​សញ្ជាតិ​ខ្មែរ​ពី​កំណើត សញ្ជាតិ​ខ្មែរដោយ​រៀប​អាពាហ៍​ពិពាហ៍​ និង​សញ្ញា​តូប​នីយ​កម្ម​។

សញ្ជាតិ​ខ្មែរ​ពី​កំណើត​ គឺ​សំដៅ​ទៅ​លើ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត​។ តាម​មាត្រា៤​នៃ​ច្បាប់​ដដែល​បាន​កំណត់​ជា​ពីរ​ចំណុច​។

ចំណុច​១ ​«​ត្រូវ​បាន​សញ្ជាតិ​ខ្មែរ​ បើ​ទោះ​កើត​នៅ​ទី​ណា​ក៏​ដោយ​​» ករណី​ទី​មួយ​​កូន​មាន​ខាន់​ស្លា​ដែល​កើត​មក​ពី​ឳពុក​ ឬ​ម្ដាយ​មាន​សញ្ជាតិ​ខ្មែរ​ ករណី​ពីរ​កូន​ឥត​ខាន់​ស្លា​ដែល​កើត​មក​ពី​ឪពុក​ម្ដាយ​មាន​សញ្ជាតិ​ខ្មែរ​ទទួល​ស្គាល់​ ករណី​ទី​បីកូនដែល​ឪពុក​ម្ដាយ​មិន​ទទួល​ស្គាល់​ កាល​បើ​តុលាការ​ចេញ​សាលក្រម​ថា​ កូន​នោះ​ពិត​ជា​កើត​ពី​ឳពុក​ ឬម្ដាយ​ដែល​មាន​សញ្ជាតិ​ខ្មែរ​។

ចំណុចទី២ ​«ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងប្រទេសកម្ពុជា​​» ករណីទីមួយ​កូន​ដែល​កើត​ពី​ឳពុក​ឬ​ម្ដាយ​បរទេស ​ដែល​បាន​កើត​និង​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ករណីទីពីរ​កូន​ដែល​កើត​ចេញ​ពី​ឳពុក ឬ ម្ដាយ​មិន​ស្គាល់ និង កូន​ដែល​ទើប​នឹង​កើត​ដែល​គេ​បាន​រើស​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ចាត់ទុកថា​កើត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

​សញ្ជាតិ​​ខ្មែរ​​ដោយ​​ការ​រៀប​​អាពាហ៍​​ពិពាហ៍​​ សំដៅ​​លើ​ការ​​ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​​ ស្រ្តី​​ឬ​​បុរស​បរទេស​​ដែល​​យក​​ប្ដី​​ ប្រពន្ធ​​ខ្មែរ​​ ដោយ​​បានរៀប​​អាពាហ៍​ពិពាហ៍​ អាច​​ទាម​ទារ​​សញ្ជាតិ​​ខ្មែរ​​បាន​​លុះត្រា​​តែ​​ស្ត្រី​​ឬ​​បុរស​​រស់​​នៅ​​ជា​​មួយ​​គ្នា​​រយៈ​​ពេល​​បី​​ឆ្នាំ​​ ក្រោយ​​ពេល​​ចុះ​​អាពាហ៍​​ពិពាហ៍​។ អនុក្រឹត្យ ២៨៦សនក.បក ឆ្នាំ​២០១៣ បាន​កំណត់​ថា​ជន​បរទេស​ជា​បុរស​ឬ​ជា​ស្ត្រី​ដែល​ទាម​ទារ​សញ្ជាតិ​ខ្មែរ​ត្រូវ​បំពេញ​បែប​បទ​ដូច​ជា​ ដាក់​ពាក្យ​សុំ​និង​បំពេញ​បែប​បទ​ បង់​កម្រៃ​សេវា​រដ្ឋបាល​ និង​ត្រូវ​ធ្វើ​សម្បថ​នៅ​ចំពោះ​តុលាការ​កំពូល​។ ចុង​ក្រោយ​​ ព្រះរាជ​ក្រឹត្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ ត្រូវ​ប្រគល់​ជូន​សាមី​ខ្លួន​បន្ទាប់​ពី​បាន​ធ្វើសម្បថ​រួច​ ដោយ​ក្រសួង​មហាផ្ទៃ​។

សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ​​​ជន​​បរទេស​​អាច​​សុំ​​ចូល​​សញ្ជាតិ​​ខ្មែរ​​បាន​​ ដោយ​​សញ្ញាតូប​នីយកម្ម​។ មាត្រា​ទី​៧​នៃ​ច្បាប់​​ស្ដី​ពីស​ញ្ជាតិ​​នេះ​​បាន​​កំណត់​​សញ្ញា​​តូប​នីយកម្ម​​ថា​«មិន​​មែន​​ជា​​សិទ្ធិ​​របស់​​អ្នក​​ស្នើ​​រ​សុំ​​ឡើយ​ គឺ​​ជា​​ការ​​អនុ​គ្រោះ​​របស់​​ព្រះ​រា​ជាណាចក្រកម្ពុជា​​តែ​​ប៉ុណ្ណោះ​»។ ក្នុង​ករណី​នេះ​ ទោះ​ក្នុង​ប្រការ​ណា​ក៏​ដោយ​ ពាក្យ​សុំនោះ​អាច​ត្រូវ​បាន​បដិសេធ​ចោល​បាន​តាម​អំណាច​ឆន្ទា​នុ​សិទ្ធិ (ការយល់ឃើញ)។ ​

តាម​មាត្រា​៨​ ជន​បរទេស​ដែល​អាច​សុំ​ចូល​ជា​សញ្ញា​តូបនីយកម្ម​បាន​ ត្រូវ​បំពេញ​លក្ខ​ខណ្ឌ​ដូច​ជា ​ទី​មួយ​ មាន​លិខិត​បញ្ជាក់​ថា​ មាន​គំនិត​មាយាទ​និង​សីលធម៌​ល្អ​ ដែល​ចេញ​ឱ្យ​ដោយ​មេ​ឃុំ​ ឬ​ចៅ​សង្កាត់​នៃ​ទី​លំ​នៅ​របស់​ខ្លួន។​ ទី​ពីរ​ មាន​លិខិត​ថ្កោល​ទោស​បញ្ជាក់​ថា​ ពុំ​ដែល​មាន​ទោស​ពី​ប​ទព្រហ្ម​ទណ្ឌ​ណា​មួយ។​ ទី​បី​ មាន​លិខិត​បញ្ជាក់​ថា​ ជន​នោះ​មាន​ទី​លំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ស្នាក់​នៅ​ជាប់​ចំនួន​ប្រាំពីរ​ឆ្នាំ​ ដោយ​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​ប័ណ្ណ​ស្នាក់​នៅ​ ដែល​ចេញ​ឱ្យ​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​ស្ដី​ពី​អន្ដោ​ប្រវេសន៍​។ ទី​បួន​ មាន​ទី​លំ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ នៅ​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ញា​តូប​នីយ​កម្ម។​ ទី​៥​​ ចេះ​និយាយ​ភាសារ​ខ្មែរ​ ចេះ​អក្សរ​ខ្មែរ​ និង​ យល់​ដឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​ខ្លះ​ៗ ហើយ​បង្ហាញ​ភស្តុ​តាង​ច្បាស់​ថា​ ខ្លួន​អាច​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​ដោយ​សុខ​ដុម​ ព្រម​ទាំង​ទទួល​បាន​នូវ​ទំនៀម​ទម្លាប់​ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​ មាន​បញ្ញា ​និង​កាយ​សម្បទា​ដែល​មិន​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​នាំ​ឱ្យ​មាន​បន្ទុក​ដល់​ជាតិ​។​

មាត្រា​៨​នេះ​ជា​គោល​ការណ៍​ ចំណែក​ឯ​ចាប់​ពី​មាត្រា​៩ ​ដល់មាត្រា​១៣ ជា​ករណី​ពិសេស​។

ឧទាហរណ៍​ មាត្រា​១១​បាន​ចែង​ថា​ ចំពោះ​ជន​បរទេស​ណា​ដែល​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​ តែ​បាន​ទទួល​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហើយ​ដែល​ចំណាយ​ទុន​វិនិយោគ​ចាប់​ពី​ចំនួន​១,២៥០​លាន​រៀល​ (ប្រមាណ ៣១២,៥០០ដុល្លា) ឡើង​ទៅ​ រយៈ​ពេល​ស្នាក់​នៅ​​ដែល​មាន​ចែង​ក្នុង​ចំណុច​៣​ នៃ​មាត្រា​៨​នេះត្រូវ​បានលើក​លែង​។

អនុក្រឹត្យ​ចុះលេខ២៨៧សនក្រ.បក ឆ្នាំ​២០១៣ បាន​កំណត់​ថា​ជន​បរទេស​ជា​បុរស​ ឬ​ជា​ស្ត្រី​ដែល​ទាម​ទារ​សញ្ជាតិ​ខ្មែរ​ត្រូវ​បំពេញ​បែប​បទ​ដូច​ជា​ ដាក់​ពាក្យ​សុំ​ និង​បំពេញ​បែប​បទ​ បង់​កម្រៃ​សេវា​រដ្ឋបាល​ និង​ត្រូវ​ធ្វើ​សម្បថ​នៅ​​​តុលាការ​កំពូល​។ ចុង​ក្រោយ​​ ព្រះរាជ​ក្រឹត្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ​​ត្រូវ​ប្រគល់​ជូន​សាមី​ខ្លួន​បន្ទាប់​ពី​បាន​ធ្វើសម្បថ​រួច​ ដោយ​ក្រសួង​មហាផ្ទៃ​។

ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​បទ​បញ្ញត្តិ​ណា​មួយ​អនុញ្ញាត​ជន​បរទេស​ណា​អាច​ក្លាយ​ជា​មន្ត្រី​ ឬ​កាន់​​តំណែងជាអ្នក​តំណាង​ប្រជា​ពលរដ្ឋ​នោះ​ឡើយ​។ ចំពោះ​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ក្នុង​ការជ្រើសរើស​ក្លាយ​ខ្លួន​ជាតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិកគណៈរដ្ឋមន្ត្រី ចៅក្រម និង​ព្រះរាជអាជ្ញា​ជា​ដើម តម្រូវ​ឱ្យ​មាន​បេក្ខជន​នោះ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត។ ផ្ទុយពីនេះ​បើ​យោង​តាម​ច្បាប់​ស្ដី​ពី​សហលក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល​វិញ​ បាន​អនុញ្ញាត​បេក្ខជន​ដែល​ចង់​ក្លាយ​ខ្លួន​ជា​មន្ត្រី តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​​។

ក្រៅពីការអាចក្លាយខ្លួនជាមន្រ្តីរាជការ ឬតំណែងនយោបាយជាដើម ប្រជាពលរដ្ឋខ្មែរ​ដែល​ទទួល​បាន​សញ្ជាតិខ្មែរ​ត្រូវបានរដ្ឋគាំពារ ទោះបីជននោះនៅក្រៅប្រទេសប្រទេសក៏ដោយ។ ដោយ​ឡែក​មាត្រា៨ កថាខណ្ឌទីមួយ នៃច្បាប់ភូមិបាលបានកំណត់ថា «មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ខ្មែរទេទើបមានសិទ្ធិជាកម្មសិទ្ធិលើដីនៃព្រះរាជាណាចក្រកម្ពុជា។

ដូចគ្នា​នេះ​ផង​ដែរ រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​ថា ​ប្រជារាស្រ្ត​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​នោះ​ទេ​ ​ដែល​ស្រប​តាម​សេចក្ដី​ប្រកាស​ជា​សកលស្ដី​ពី​សិទ្ធិ​មនុស្ស​ដែល​ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​​មួយ​ផង​ដែរ៕​