រដ្ឋបាលរាជធានីភ្នំពេញ នៅដើមខែមិថុនានេះ បានចេញសេចក្តីសម្រេច​ឱ្យ​ផ្អាកជា​បណ្តោះ​អាសន្នចំពោះសកម្មភាពការងារ​ មុខរបរឬអាជីវកម្ម និងការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន រយៈពេល១៤ថ្ងៃ​ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩​ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ចេញ​វិធានការរដ្ឋបាលមួយថ្មីទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយ​ផ្អាកជាបណ្តោះអាសន្នចំពោះការងារ អាជីវកម្ម និងការជួបជុំប្រមូលផ្តុំមនុស្សជា លក្ខណៈ​ឯកជន សម្រាប់រយៈពេល ១៤ថ្ងៃទៀត ដោយ​គិ​ត​ចាប់​ពី​ម៉ោង​សូន្យ ​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ក្នុង​សេចក្តី​សម្រេច​នោះ​ បានកំណត់ឱ្យផ្អាក​ជាបណ្តោះអាសន្ន​ចំពោះ សាលារៀន​គ្រប់​ប្រភេទ​ដែល​ត្រូវ​ជួប​បង្រៀនផ្ទាល់ អាជីវកម្មក្លឹបកម្សាន្ត កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ កន្លែង​ម៉ាស្សា រោងភាពយន្តសិល្បៈ និងមជ្ឈមណ្ឌលកីឡានានា ព្រមទាំងមុខ​របរ អាជីវកម្ម​ផ្សេង​ទៀត ទៅតាមស្ថានភាពជាក់ស្តែង។

រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាត​ឱ្យមានការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​លើ​ស​ពី១៥នាក់ ក្នុងរយៈពេលការផ្អាកជាបណ្តោះអាសន្ននេះ។ ​​

ប៉ុន្តែ​មានករណី​លើកលែង​ ដូចជា​ការ​ជួបជុំ​​ក្នុង​គ្រួសារ​សាច់ញាតិក្នុ​ងលំនៅដ្ឋានតែមួយ កម្មវិធី​ប្រពៃណី និងសាសនា បុណ្យសព​ដោយ​គោរព​តាម​គោលការអា​ជ្ញាធរ និង​មាន​លទ្ធផល​តេស្ត​កូវីដ​​១​៩អវិជ្ជមាន ​ការជួបជុំ​ស្ថាប័ន​សាធារណៈ សកម្មភាព​ការងារ​បុគ្គលិក​សុខាភិបាល​ដើម្បី​យក​សំណាក​មេរោគ​កូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ​១៩ ការជួបជុំ​របស់​អាជ្ញាធរ​មា​​​នសមត្ថកិច្ចដែលបម្រើប្រយោជន៍សាធារណៈ  និងការជួបជុំផ្សេងៗ​ទៀត​តាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង។

រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមថា៖ «រាល់សកម្មភាព មុខរបរ និង​អាជីវកម្ម និង​ការជួបប្រមូលផ្តុំដែលមិនបានហាមឃាត់ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់ តម្រូវឱ្យរក្សាគម្លាត ពាក់ម៉ាស់ វាស់កម្តៅ ការធ្វើអនាម័យសម្លាប់មេរោគ ស្កេន QR Code ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយអនុវត្តវិធានការ «៣ការពារ និង ៣កុំ» របស់​រាជ​រដ្ឋា​ភិបាល»។

សេចក្តីសម្រេចដដែលនោះ​បាន​បញ្ជា​ឲ្យ​រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនានា ត្រូវ​អនុវត្ត​វិធានការរដ្ឋបាលនេះ ឱ្យមានប្រសិទ្ធ​ភាព និងការទទួលខុសត្រូវខ្ពស់​។

សេចក្តី​សម្រេច​នោះ​បញ្ជាក់​ថា៖ «ក្នុងករណីរកឃើញថាបុគ្គល ឬស្ថាប័នណា បំពាន​វិធានការ​នេះ នឹងទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ទៅតាមច្បាប់ស្តីពិវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សា​ហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង​លិខិត​បទដ្ឋាន​គតិយុទ្ធ​ពាក់ព័ន្ធ​ជា​ធរមាន ដោយគ្មានលើកលែង»។

គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺ​កូវីដ១៩សរុប ៣២,១៨៩​នាក់​ អ្នកជាសះស្បើយសរុប ២៤,៧៦៣នាក់​ និងនាក់ស្លាប់បានកើនឡើងដល់២៣៦នាក់៕