Site icon Newsroom Cambodia

ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាមណែនាំឲ្យ​ពល​រដ្ឋ​​ខ្មែរ​​ប្រុងប្រយត្ន័ចំពោះបញ្ហាអាកាសធាតុ

ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀត​ណាម។​

ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម នៅថ្ងៃទី៧ ខែមិថុនា  ឆ្នាំ២០២១  បាន​ជូន​ដំណឹង​ដល់​​​ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេស​​វៀតណាម​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រែ​ប្រួល​អាកាសធាតុ ក្នុងអំឡុងខែមិថុនា ដល់​ខែវិច្ឆិកា ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម ចេញ​នៅ​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់​និសិ្សត សិក្ខាកាម យោធា នគរបាល និង​ប្រជាពលរដ្ឋខ្មែរដែល​កំពុងសិក្សាស្នាក់នៅវៀតណាម ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​​ការឡើង​កម្តៅ​ខ្ពស់ និងមានព្យុះ​នៅសមុទ្រខាងកើត​ប្រទេសវៀតណាម។ ​

ក្នុងសេចក្តីជូនដំណឹងដដែលបានរៀបរាប់ថា៖ «​កាសែត Vietnam News ចេញផ្សាយ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២១ បានដកស្រង់ការលើកឡើង របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧត្តុ​និយម និងជលសាស្រ្តនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន​វៀតណាម​ថា អំឡុង​ខែមិថុនា និងកក្កដា កម្តៅ​ក្តៅខ្លាំងអាចនឹងគ្របដណ្តប់ភាពខាងជើង រីឯភាគកណ្តាលនឹងមានកម្តៅ​ពី​ខែមិថុនា ដល់ខែសីហា ហើយតំបន់ខ្លះអាចក្តៅដល់​៤១ ដល់៤២​អង្សារសេ​។ ឆ្នាំ​នេះ​​មាន​ព្យុះ​ប្រ​មាណ​១២ ទៅ១៤ នឹងកើតមាននៅសមុទ្រខាងកើត ក្នុងនោះព្យុះប្រមាណពី៥ ទៅ​៧ នឹង​បោក​បក់​មក​ដី​គោកវៀតណាម​​»។

គួរបញ្ជាក់ថា ក្រៅពីការក្រើនរំឮកឲ្យប្រជាពលរដ្ឋខ្មែររស់នៅវៀតណាម មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ហើយ​ក៏បាន​ឲ្យ​ប្រជាពលរដ្ឋថែររក្សាសុខភាព​ឱ្យបានល្អ ដើម្បី​ជៀសវាងការឆ្លងវីរុសកូវីដ​១៩ ទៅដល់សហគមន៍ដែលខ្លួនកំពុងរស់នៅ៕​

Exit mobile version