ក្រសួងសុខាភិបាលនៅថ្ងៃទី​៤ ខែមិថុនា ប្រកាស​​ពីការ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​​ដក​ស្រង់​​មេរៀនបទពិសោធន៍ពីប្រទេសចិន លើ​សមត្ថភាព​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩ នៅតំបន់​​អាស៊ី និង​ប៉ាស៊ីហ្វិក ចំពោះការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនិងប្រគល់ទទួល​   បរិក្ខា​វេជ្ជសាស្ត្រ ក្រោមជំនួយ​របស់​រដ្ឋាភិបាល​ចិន​ដល់​កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១​ បានឱ្យដឹងថា ការ​ប្រកាស​ពី​​គម្រោង​នេះ​ធ្វើ​ឡើង​ដោយមានការ​ចូល​រួម​ពី​​​រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា​​ លោក ម៉ម ប៊ុនហេង ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង​ វិនធៀន និង​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ លោក Nick Beresford ​ តាមរយៈ​វីដេអូ​សន្និសីទ​ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។​

សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា៖ «ដាក់ឱ្យ​អនុវត្ត​គម្រោង​ដកស្រង់​មេរៀនបទ​ពិសោធន៍​ពី​ប្រទេស​ចិន​ ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ​១៩នៅតំបន់អាស៊ី និងប៉ា​ស៊ី​ហ្វិក លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនិងប្រគល់ទទួលឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែល​ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនដល់ប្រជាជនកម្ពុជា សម្រប​សម្រួល​ដោយ​កម្មវិ​ធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP)»។

លោក ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងសេចក្តីជូនដំណឹងនោះថា ពិ​ធីប្រកាស​ដាក់ឱ្យ​អនុវត្ត​គម្រោង និងការប្រគល់នូវឧបករណ៍បរិក្ខាវេជ្ជសាស្ត្រនេះ​ ជាការរួមចំណែកយ៉ាងសំខាន់​ ជំរុញ​ការទប់​ស្កាត់​​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​​១៩​បានឆាប់រហ័ស។​

លោកបញ្ជាក់ថា៖ «នេះជាមោទនភាពថ្មីមួយទៀត តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅកម្ពុជា ប្រទេសចិនបានផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រចំនួន១២មុខ សម្រាប់​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ និងពង្រឹងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែម​ថា គិតចាប់ពីខែមករា ឆ្នាំ២០២០មក ប្រទេស​ចិន​បាន​ផ្តល់ជំនួយដល់កម្ពុជាសរុបទឹកប្រាក់ជាង១០លានដុល្លារអាមេរិក ដើម្បី​ទប់​ស្កាត់​ការរាត​ត្បាតនៃជំងឺកូវីដ​១៩ និង ជំនួយ​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួ​នមួយ​លាន​ប្រាំ​ពីរ​សែន​ដូស មក​ដល់​កម្ពុជា៕