ក្រសួង​ឧតុនិយម​នៅ​ថ្ងៃ​អង្គារ​នេះ​​ បាន​ចេញ​​ជូន​ដំណឹងអំ​​ពី​​ស្ថានភាព​អាកាសធាតុ​ដែល​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ខ្យល់​មូសុង​នារតី​ខ្លាំង​​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​១២ ខែ​មិថុនា និង​ឥទ្ធិពល​នៃ​កូន​ព្យុះ​កូហ្គូម៉ា​ លើក​ទី​៤​ (TS KOGUMA 2014) ចាប់​ពី​ថ្ងៃ​ទី​១៣​​ ដល់​ទី​១៥​ ខែ​មិថុនា​​​ ដើម្បី​ឲ្យពលរដ្ឋ​​​​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ ចេញ​​នៅ​ព្រឹក​ថ្ងៃ​ទី​​៨​ ខែ​​មិថុនា​នេះ​បាន​បញ្ជាក់​​ថា​ នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​​មាន​ភ្លៀង​ផ្គរ​ រន្ទះ​ ផ្លេក​បន្ទោរ​​ពី​បង្គួរ​​ទៅ​ច្រើន​ ជា​មួយ​នឹង​ខ្យល់​កន្រ្តាក់​ខ្លាំង​ រាយ​ប៉ាយ​នៅ​ភាគ​ពាយ័ព្យ​និង​ភាគ​ខាង​ត្បូង​។ នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​​​មាន​ភ្លៀង​ ផ្គរ​រន្ទះ​ ផ្លេក​បន្ទោរ​ ពី​បង្គួរ​ ទៅ​ច្រើន​ ជា​មួយ​និង​ខ្យល់​កន្រ្តាក់​ខ្លាំង​​ ​រាយ​ប៉ាយ​​នៅ​ភាគ​​ឦសាន​ ភាគ​ខាង​ជើង​ ជួរ​ភ្នំ​ដង​រែក​ និង​ជួរ​ភ្នំ​ក្រវាញ​។ ចំណែក​​នៅ​តំបន់​មាត់សមុទ្រ​​​មាន​ភ្លៀង​ផ្គរ​ រន្ទះ​ ផ្លេក​បន្ទោរ​ ច្រើន​ជាមួយ​​និង​ខ្យល់​កន្រ្តាក់​ខ្លាំង​រលក​សមុទ្រ​ខ្ពស់​ៗ​។

ក្រសួង​ធនធាន​ទឹក​ក៏​បា​អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​ប្រជានេសាទ និង​អ្នក​ដំណើរ​តាម​សមុទ្រ​ ​ប្រុង​ប្រយ័ត្ន​ ​កុំ​មាន​ការ​ធ្វេស​ប្រហែស​ចំពោះ​បាតុភូត​ព្យុះភ្លៀង​ដែល​មាន​ខ្យល់​បក់​បោក​ខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់​ៗដែល​នឹង​អាច​កើត​មាន​ក្នុង​ពេល​ខាង​មុខ​នេះ​៕​