ស្ថានទូតសហរដ្ឋ​អាមេរិក​បាន​ទទូចដល់​រដ្ឋា​ភិបាលកម្ពុជាកុំឲ្យកាត់ទោសសកម្មជន​បរិស្ថានទាំងឡាយណា ដែល​បញ្ចេញ​មតិ​រិះ​គន់​ក្នុង​គោល​បំណង​ការពារ​បរិស្ថាន​ ដោយបានអះអាងថានេះមិនមែន​ជា​រឿង​ដែល​ខុស​ច្បាប់នោះ​ទេ​ ហើយគឺជា​សេរីភាព​​បញ្ចេញ​មតិ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​​។

ការកត់សម្គាល់បែបនេះត្រូវបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិក លោកW. Patrick Murphy ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកស ខេង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ នេះយោងតាមគណនី Twitter លោក W. Patrick Murphy។

លោក​ W.Patrick Murphy​ បាន​បង្ហោះ​សារ​កាល​ពី​យប់​ថ្ងៃ​ទី​៧​ ខែ​មិថុនា​នេះ​ថា​៖ «ខ្ញុំ​បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្រ្តី​ ស​ ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​ធ្វើ​ឲ​ប្រជាជន​កម្ពុជា​និង​សហរដ្ឋអាមេរិក​​មាន​សុវត្ថិភាព​ពី​ការ​ជួញ​ដូរ​ និង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត​។ យើង​លើក​ទឹក​ចិត្ត​ឲ​អាជ្ញាធរ​ធ្វើ​ជា​ដៃ​គូ​ជាមួយ​សកម្មជន​បរិស្ថាន​សង្គម​ស៊ីវិល​ មិន​មែន​កាត់​ទោស​ពួកគេ​ពី​បទ​និយាយ​ចេញ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ឡើយ​។​»

​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក៏បានបង្ហោះសារ​សម្តែង​ការ​ព្រួយបារម្ភ​ផងដែរចំពោះ​ការ​ដាក់ទោស​ អ្នក​ដែល​ជួយ​អភិរក្ស​សម្បត្តិ​ធនធានធម្មជាតិ​ពី​ការ​គំរាម​គំហែង​ ​ដោយការកេង​ចំណេញ​ផ្នែក​ពាណិជ្ជកម្មបាន ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​។

សារនោះបានសរសេរថា៖ «សេ​រី​ភាព​បញ្ចេញ​មតិ​ គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។ ការ​ហ៊ាន​និយាយ​ដើម្បី​ការពារ​បរិស្ថាន​ ដែល​ប្រឈម​នឹង​ការ​គំរាម​កំ​ហែង​ ដោយ​សារ​ការ​កាប់​ឈើខុស​ច្បាប់​ និង​កេង​យក​ប្រយោជន៍​ពាណិជ្ជកម្ម​ គឺ​ជា​រឿង​គួរ​ឱ្យ​សរសេីរ​ទៅ​វិញ​ទេ​។»

​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក​ខៀវ សុភ័គ បាននិយាយថាលោក​មិន​ដឹង​ពីជំនួបនេះ​ទេ​ ដោយបាន​សំអាងថាមិន​បាន​​ចូល​​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​​ ក៏ប៉ុន្តែលោកបានច្រានចោលការការ​ចោទ​ប្រកាន់​ថារដ្ឋាភិបាលបំបិទសិទ្ធិបញ្ចេញមតិ។

លោក​ខៀវ សុភ័គ បានអះអាងថាលោក «ខ្លាច» ថា​សកម្ម​ជន​ទាំង​នោះ​ជា​សកម្មជន​ក្លែង​ក្លាយ​ ព្រម​ទាំង​អាច​បង្ក​ភាព​វឹក​វរ​ ក៏​ដូច​ជា​បដិវត្តពណ៌​ទៅ​ថ្ងៃ​មុខ​។ លោក​បានប្រាប់​ Newsroom Cambodia ថា​៖ «ប្រ​សិន​បើ​អ្នក​រៀបចំ​បរិស្ថាន​ទាំងអស់នោះ​មាន​បំណង​ពិត​ប្រាកដ ពិត​ជា​ផ្តោត​ទៅ​លើ​បរិស្ថាន​មែន​ អើស​សូម​អបអរសាទរ​ ពួក​ខ្ញុំ​ក៏​អញ្ចឹង​ដែរ​ ទាំងអស់​គ្នា​ក៏​អញ្ចឹង​ដែរ​ រដ្ឋាភិបាល​ក៏​អញ្ចឹង​ដែរ​។»

កន្លងមក​ ក៏​មាន​​អង្គការ​សង្គម​ស៊ី​វិល​ បានចេញ​សេចក្តីថ្លែងការ​រួម​ ទាម​ទារ​ឲ​រដ្ឋាភិបាល​ដោះស្រាយ​ឲ​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់លើករណីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន​ ដែល​គិត​​ចាប់​តាំង​​ពី​​ខែ​​កក្កដា​ ឆ្នាំ​​២០២០ មក​​​អាជ្ញាធរ​​កម្ពុជា​បាន​ឃុំ​​ខ្លួនចំនួន២០នាក់ រួមមាន ​​លោក​ រ៉ុង​ ឈុន​ ប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា ក្រុមសកម្មជនបរិស្ថាន​ ក្រុម​យុវជនខ្មែរ​ថាវរៈ​ សមាជិក​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ សកម្មជន​បក្ស​ប្រឆាំង​៕